ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ស្គាល់​ថា មិន​ទាន់​ចាប់​ខ្លួន​ម្ចាស់​ក្លឹប លុច្សសារី បាន​ទេ ក្រោយ​រង​ការ​រិះគន់

ដោយ សុ ជីវី
2019.06.21
លុច្សសារី 060819 អ្នក​ចូល​លេង​ក្នុង​ក្លឹប​កម្សាន្ត​យីហោ «លុច្សសារី» ប្រមាណ ៤០០នាក់ ដែល​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន និង​ថ្នាំ​ញៀន​មួយ​ចំនួន កាល​ពី​យប់​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ អគ្គស្នងការ​នគរបាល​ជាតិ

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បក​ស្រាយ​បំភ្លឺ​ថា មិន​ទាន់​ចាប់​ខ្លួន​ម្ចាស់​ក្លឹប លុច្សសារី បាន​នៅ​ឡើយ​ទេ ហើយ​ក៏​បញ្ជាក់​ដែរ​ថា ជន​សង្ស័យ​ដែល​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន គឺ​គ្រាន់​តែ​ជា​អង្គរក្ស​ក្លឹប​កម្សាន្ត លុច្សសារី ខណៈ​ដែល​ដំបូង​ឡើយ​អាជ្ញាធរ​អះអាង​ថា ជា​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី។ ការ​បំភ្លឺ​នេះ បន្ទាប់​ពី​រង​ការ​រិះគន់​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី ក្លែងក្លាយ។

ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​បំភ្លឺ​ដោយ​ទទួល​ស្គាល់​ថា បុរស​សម្បុរ​ខ្មៅ​ម្នាក់ ឈ្មោះ​ ហួន ទូច អាយុ ៤០ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែ​មិថុនា មិន​មែន​ជា​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី នោះ​ទេ។ សេចក្ដី​បំភ្លឺ​បន្ត​ថា ជន​សង្ស័យ​រូប​នេះ គឺ​ជា​ជន​ជាតិខ្មែរ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី១ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ មិន​មែន​ឃាត់​ខ្លួន​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​នោះ​ទេ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ឃាត់​ខ្លួន នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា​ដែរ​នោះ គឺ​ជា​ប្រធាន​សន្តិសុខ​ប្រចាំ​មជ្ឈ មណ្ឌល កម្សាន្ត រ៉ក់ (Rock) មាន​ឈ្មោះ ឡេង សុខគង់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ការ​ចេញ​សេចក្ដី​បំភ្លឺ​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ក្រោយ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ប្រកាស​ថា ចាប់​បាន​បុរស​ម្នាក់ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា ឈ្មោះ ហួន ទួច មុខ​របរ​ជា​ពាណិជ្ជករ ជា​ជន​ជាតិ​ខ្មែរ និង​អះអាង​ថា គឺ​ជា​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី ។ប៉ុន្តែ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មិន​ជឿ និង​ចោទ​ថា សមត្ថកិច្ច ចាប់​ខ្លួន​ថៅកែ​ក្លឹប​កម្សាន្ត លុច្សសារី ក្លែងក្លាយ ខណៈ​ម្ចាស់​ក្លឹប​ពិត​ប្រាកដ​កំពុង​មាន​សេរីភាព។

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​សរសេរ និង​បង្ហោះ​រូបភាព​អ្នក​កាត់​ខ្សែ បូណ៌​ក្រហម​ក្នុង​ពេល​សម្ពោធ​ក្លឹប លុច្សសារី នៅ​លើ​ហ្វេសប៊ុក​ថា ម្ចាស់​ក្លឹប លុច្សសារី ពិត​ប្រាកដ គឺ​ជា ជន​ជាតិ​វៀតណាម​ឈ្មោះ ង៉ូយិន ថាន់ តូ (Nguyen Than Tu) ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត ស្និទ្ធ ជាមួយ​ឧកញ៉ា​ក្មេងៗ ដែល​រក​ស៊ី​បើក​ក្លឹប​ដូច​គ្នា និង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច​នៅ​ភ្នំពេញ​យ៉ាង​ស្អិតល្មួត។ ការ​ហ៊ាន​អះអាង​ដូច្នេះ ព្រោះ​លោក សួន សេរីរដ្ឋា មិន​ឃើញ​បុគ្គល​ឈ្មោះ ហួន ទូច ចូល​រួម​កាត់​ខ្សែ​បូណ៌​ក្នុង​ពេល​សម្ពោធ​ក្លឹប លុច្សសារី កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៨ នោះ​ទេ។ លោក​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី ដើម្បី​កុំ​ឲ្យ​មាន​វប្បធម៌​ស៊ីឈ្នួល​ជាប់​គុក​បន្ត​កើត​មាន នៅ​ក្នុង​ស្រុក​ខ្មែរ​តទៅ​ទៀត។ លោក​អះអាង​ថា កន្លងមក ឈ្មួញ​រក​ស៊ី​គ្រឿង​ញៀន​ស្រុក​ខ្មែរ មាន​លុយ​ជួល​មនុស្ស​ឲ្យ​ជាប់​គុក​ជំនួស​ខ្លួន រួច​ផ្ញើ​លុយ​ឲ្យ​អ្នក​ជាប់​គុក​ជំនួស​ខ្លួន​នោះ​ដេក​ចាយ ក្នុង​គុក​រៀង​រាល់​ខែ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ​ឆាយ​ គឹម​ខឿន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ចំពោះ​បញ្ហា ដែល​សមត្ថកិច្ច​ប្រែក្លាយ​ជន​សង្ស័យ​ឈ្មោះ ហួន ទូច ពី​ថៅកែ​ក្លឹប​ លុច្សសារី ​ទៅ​ជា​អង្គរក្ស​ក្លឹប​លុច្ស សារី ឡើយ។ លោក ក៏​មិន​បញ្ជាក់​ថា ពេលនេះ ម្ចាស់​ក្លឹប​ លុច្សសារី ​ពិត​ប្រាកដ គឺ​ជា​នរណា និង​នៅ ទី​ណា​ទេ៖ «សុំ​មិនទាន់​បកស្រាយ​ព្រោះ​ករណី​នេះ​កំពុង​ប្រតិបត្តិ​ការស៊ើបអង្កេត​អ៊ីចឹង​ការ​សន្និដ្ឋាន​របៀប​ជា​អញ្ចេះ​ជា​អញ្ចុះ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​គឺ​ធ្វើ​ឱ្យ​ព័ត៌មាន​វា​អ៊ីចឹង​។ សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សិន​។ខ្ញុំ​មិនទាន់​អាច​ថា​អ្នកជា​ម្ចាស់​ ឬ​មិន​ម្ចាស់​ហើយ​អ្នក​ណា​ឃាត់​ខ្លួន​ហើយ​អ្នកណា​នៅ​ណា​ឡើយ​ទេ​។សុំ​ពេល​ដើម្បី​ស៊ើបអង្កេត​បញ្ជាក់​បន្ថែម​សិន»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត លើក​ឡើង​ថា ករណី​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី នេះ អាជ្ញាធរ​គួរ​តែ​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស កុំ​ឲ្យ​មាន​ការ​រិះគន់​ពី​សាធារណជន ហើយ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ស្នាដៃ​ដែល​ខិតខំ​បង្ក្រាប​គ្រឿងញៀន។ លោក​បន្ត​ថា អាជ្ញាធរ ក៏​មិន​គួរ​លាក់បាំង​ព័ត៌មាន​ជុំវិញ​ការ​តាម​ចាប់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី​ដែរ ព្រោះ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ការ​ប្រព្រឹត្ត​ភាព​មិន​ប្រក្រតី​រវាង​អ្នក​អនុវត្ត​ច្បាប់​ជា មួយ​ជន​សង្ស័យ៖ «អាជ្ញាធរ​គួរតែ​បង្ហាញ​ហេតុផល​ឱ្យ​បាន​ច្បាស់លាស់​ជៀសវាង​ការ​បង្ហាញ​មិន​បាន​ច្បាស់លាស់​ ទាក់ទង​នឹង​ថៅកែ​ក្លឹប​ លុច្ស​សារី​ ហ្នឹង​ទេ វា​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ និង​ការ​រិះគន់​បន្ថែម​ទៀត។ អ៊ីចឹង​បាន​ថា​ អ្វី​ក៏​ដោយ​យើង​ត្រូវ​តែ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ឱ្យ​បាន​ពិត​ប្រាកដ។ជា​ពិសេស​ ខ្ញុំ​គិត​ថា ម្ចាស់​ក្លឹប​ លុច្ស​សារី​ មិន​ពិបាក​រក​ទេ​ ព្រោះ​ក្លឹប​កម្សាន្ត​នី​មួយៗ បើ​មិន​ចុះ​អាជ្ញាប័ណ្ណ​ បើ​មិន​សុំ​ការ​បើក​ទេ តើ​ធ្វើ​ម៉េច​នឹង​បើក​បាន។ អ៊ីចឹង​ឈ្មោះ និង​អត្តសញ្ញា​មាន​រួច​ជា​ស្រេច​ហើយ​នៅ​ក្នុង​នោះ​ គឺ​វា​អត់មាន​អី​នឹង​ពិបាក​រក​ទេ»

ចាប់​តាំង​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ចេញ​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​រាជធានី-ខេត្ត​សហការ​គ្នា​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ឱ្យ​អស់​ត្រឹម​ឆ្នាំ២០១៩ មក គឺ​ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជាបន្តបន្ទាប់​ដូចជា​បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​(Rock) ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០នាក់ បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​ម៉ៃអាមី (MIAMI Night Club​ &​Dance​ Party) ឃាត់​ខ្លួន​មនុស្ស ៥០នាក់​ បន្ទាប់​មក​ឃាត់ខ្លួន​មនុស្ស​ក្លឹប​កម្សាន្ត​លុច្ស​សារី (Luxurious) ជាង ៤យ​នាក់ និង​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​កាស៊ីណូ ឡាក់គី ក្នុង​ក្រុង​ប៉ោយប៉ែត ឃាត់​ខ្លួន​មនុស្ស ១៥៥នាក់។ ទោះ​បី​ជា​យ៉ាងណា​ក្ដី​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​កន្លង​មក​សមត្ថកិច្ច​ មិន​ដែល​ចាប់​ខ្លួន​ម្ចាស់​ទីតាំង ដែល​មាន​ការ​ចែកចាយ​គ្រឿង​ញៀន​ភ្លាមៗ នោះ​ទេ​ គឺ​តែងតែ​អូស​បន្លាយពេល​វេលា ឬ​ទាល់​តែ​មាន​ការ​បញ្ជា​ពី​លោក ហ៊ុន សែន ព្រម​ទាំង​មាន​ការ​រិះគន់​ខ្លាំង​ពី​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ប្រសិនបើ​អាជ្ញាធរ​ឃាត់ខ្លួន​តែ​អ្នក​ប្រើប្រាស់​តូចតាច​ហើយ​បណ្ដោយ​ឱ្យ​ម្ចាស់​ទីតាំង និង​មេ​ខ្លោង​ធំៗ ឬ​អ្នក​នៅ​ពី​ក្រោយ​រួចខ្លួន​នោះ គឺជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ហើយ​ការ​បង្ក្រាប​គ្រឿងញៀន​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។