លោក ហ៊ុន សែន ចូលរួម​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២

ដោយ យ៉ង ចាន់តារា
2023.05.06
លោក ហ៊ុន សែន ចូលរួម​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ភ្លើងគប់ទៅអត្តពលិក​កម្ពុជា ពេល​ចូលរួមពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើកទី៣២ កាលពីថ្ងៃទី៥ ឧសភា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​៥ ឧសភា ចូលរួម​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ។

ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​(SEA GAME) នេះ​មានការ​សម្ដែង​សិល្បៈ​តន្ត្រី សម័យ និង​សិល្បៈ​បុរាណ​ដូចជា សម្ដែង​ពី​ដើមកំណើត​នគរ​ខ្មែរ ដែល​ការ​រៀបរាប់​តាំងពី​ដំណើរ​កកើត​នគរ​ដំបូង រហូត​ដល់​សម័យកាល​រុងរឿង​បំផុត​នោះ​គឺ​សម័យ​អង្គរ​។ ការសម្ដែង​នេះ អម​ដោយ​ការរៀបចំ​ឆុត​ឆាត​ការសម្ដែង​ក្រោម​ពន្លឺ​ពណ៌​មាស មាន​ទាំង​របាំ​អប្សរា ក្បាច់គុន​ខ្មែរ ក្បួន​កងទ័ព​ចម្បាំង ល្ខោនស្បែក​និង​មានការ​សម្ដែង​ផ្សេងទៀត។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី៥ ដល់ ថ្ងៃទី​១៧ ខែ​ឧសភា ហើយ​មានការ​ប្រកួត​កីឡា​សរុប ៣៧​ប្រភេទ ត្រូវ​នឹង ៥៨៦​វិញ្ញាសា។

កម្ពុជា​ឈរ​លេខ​រៀង​ទីមួយ​ជា​បណ្ដោះអាសន្ន ដែល​ទទួល​បាន​មេដាយ​សរុប​ចំនួន ៩​គ្រឿង​ហើយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម គិត​ត្រឹម​យប់​ថ្ងៃទី៤ ឧសភា ក្នុង​នោះ ៥ គ្រឿង​ជា​មេដាយមាស និង ៤ គ្រឿង​ទៀត​ជា​មេដាយ​ប្រាក់​។ មេដាយមាស ៥ គ្រឿង​នោះ ទទួល​បាន​លើ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ ៤ គ្រឿង ហើយ​មួយ​គ្រឿង​ទៀត​លើ​ប្រភេទ​កីឡា​ជូជីតស៊ូ ផ្នែក​សម្ដែង​គូ​បុរស​។

លោក ហ៊ុន សែន បាន​ថ្លែង​អគុណ​ទៅដល់​មេដឹកនាំ​ឡាវ និង​តំណាង​ថ្នាក់ដឹកនាំ​ប្រទេស​ដទៃ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ និង​ប្រកាស​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២។

លោក ហ៊ុន សែន៖ «ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​រាជរដ្ឋាភិបាល​និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ប្រកាស​បើក​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម​(SEA GAME)​លើក​ទី​៣២ ឆ្នាំ​២០២៣ ចាប់ពី​ពេល​នេះ​តទៅ សូម​អរគុណ»

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០០ លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។