លោក ហ៊ុន សែន នឹង​ធ្វើ​ទស្សនកិច្ច​២​ថ្ងៃ​ទៅ​កាន់​ប្រទេស​ឡាវ​នា​ដើម​ខែ​កុម្ភៈ

ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ខ្មែរ មាន​គម្រោង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា មួយ​ក្រុម ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ រយៈពេល ២​ថ្ងៃ នា​ដើម​ខែ​កុម្ភៈ ខាង​មុខ ដើម្បី​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​ការងារ​មួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ។
ដោយ ដែន អយុធ្យា
2014.01.31
Share on WhatsApp
Share on WhatsApp

សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ពេល​នេះ តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing Thammavong) ហើយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦-៧ ខែ​កុម្ភៈ ខាង​មុខ។

គណៈ​ប្រតិភូ​អម​ដំណើរ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​សមាជិក​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ច្រើន​ទៀត។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ឡាវ នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថងស៊ីង ថាំម៉ាវង្ស នឹង​ពិភាក្សា​ការងារ និង​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៧ មាន​ដូច​ជា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​សម្រាប់​ឆ្នាំ​២០១៤-២០១៧ កិច្ច​ព្រមព្រៀង​ស្ដីពី​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៤-២០១៨ ផែន​ការ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០១៤ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​អគ្គ​កុងស៊ុល រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ឡាវ និង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​បង្កើត​ចំណង​សម្ព័ន្ធ​មេត្រី​ភាព រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​វៀងច័ន្ទ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

សេចក្តី​ប្រកាស​ព័ត៌មាន ដដែល ក៏​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ​ទៅ​កាន់​ប្រទេស​ឡាវ របស់​ប្រមុខ​ដឹក​នាំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ប្រទេស​ឡាវ និង​ប្រធាន​សភា​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។