អាជ្ញាធរ​គ្រោង​សង់​ក្លោង​ទ្វារ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ឡើង​វិញ

ដោយ អាស៊ីសេរី
2018-02-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥
ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥
RFA/Hum Chamroeun

អភិបាលក្រុង​ប៉ោយប៉ែត លោក ស៊ា ស៊ានហ៊ូ គ្រោង​ស្ទូច​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣ ចេញ​ពី​ព្រំដែន ខ្មែរ​ថៃ ដើម្បី​ស្ថាបនា​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយ។ លោក​ថា គម្រោង​ស្ថាបនា​ច្រក​ទ្វារ​ថ្មី​នេះ នឹង​ត្រូវ​ស្ថាបនា​ឡើង ក្រោយពេល​អាជ្ញាធរ​បាន​សិក្សា​រួចហើយ។ ចំណែក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ​ថៃ នៅ​ប៉ោយប៉ែត អាជ្ញាធរ​បានសម្រេច​ពង្រាង​ប្លង់​រួចរាល់​ហើយ ដែល​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ។ លោក​បន្ត​ថា សំណើ​នេះ ត្រូវ​បាន​ឯកភាព​រួចរាល់​ហើយ ពី​អភិបាលខែត្រ​បន្ទាយមានជ័យ និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។ «»

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅ​ព្រំដែន​កម្ពុជា​ថៃ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​សម្ដែង​ការ​សោកស្ដាយ ក្រោយពី​បាន​ឮ​ថា អាជ្ញាធរ​កម្ពុជា គ្រោង​វាយ​កម្ទេច​ចោល​ក្លោង​ទ្វារ​ចាស់។ ប៉ុន្តែ គម្រោង​វាយ​កម្ទេច​ចោល​នេះ បាន​ជំនួស​មកវិញ ដោយ​អាជ្ញាធរ នឹង​ស្ទូច ក្លោង​ទ្វារ​ប្រាសាទ​នេះ​ចេញ ទៅ​ដាក់​នៅ​ក្នុង​រង្វង់​មូល​ប៉ោយប៉ែត​វិញ។

អភិបាលក្រុង ឲ្យ​ដឹង​ថា ក្លោង​ទ្វារ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កសាង​នៅ​កំឡុង​ឆ្នាំ​១៩៨០ មាន​កំពូល​៣ កសាង​ក្នុង​រចនាបថ​ប្រាសាទអង្គរវត្ត។ មុននឹង​សម្រេច​ស្ទូច​ចេញ អាជ្ញាធរ​នឹង​ធ្វើ​ពិធី​សែនព្រេន បួងសួង ដើម្បី​សុំ​យក​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣​នេះ ចេញទៅ​ដាក់​ទីតាំង​ថ្មី ក្នុង​រង្វង់​មូល​ប៉ោយប៉ែត ដែល​នៅ​ប្រហែល​១០០​ម៉ែត្រ ពី​ច្រក​ទ្វារ​ប៉ោយប៉ែត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល