ពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ទាយមានជ័យ​មាន​ជីវភាព​កាន់តែ​លំបាក ក្រោយ​អាជ្ញាធរ​កម្ពុជា​-​ថៃ​បិទ​ព្រំដែន

ដោយ មួង ណារ៉េត
2020.07.09
កម្មករ​អូស​រទេះ ប៉ោយប៉ែត ២០១៧ ១៤៤០ កម្មករ​អូស​រទេះ​នៅ​ចំណុច​គល់​ស្ពាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧។
RFA

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ មាន​ជីវភាព​លំបាក​កាន់តែ​ខ្លាំង​ដោយសារ​គ្មាន​ការងារ​ធ្វើជា​ច្រើន​ខែ​មក​ហើយ បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19)។ សព្វថ្ងៃ​អ្នកភូមិ​នាំគ្នា​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់ ទិញ​អាហារ​ហូបចុក ព្រោះ​ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​មក ពួកគាត់​អត់​មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត លោកស្រី តួយ មេត ថ្លែង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៣ មីនា មក ជីវភាព​គ្រួសារ​របស់​លោក​ស្រី​កាន់តែ​ដុនដាប​ជា​បន្តបន្ទាប់។ ស្ត្រី​វ័យ ៣៦​ឆ្នាំ​រូប​នេះ​បន្ត​ថា គ្រួសារ​របស់​គាត់​មាន​សមាជិក​ចំនួន ៧​នាក់ គឺ​មនុស្ស​ធំ ៤​នាក់ និង​កុមារ​តូច​៣​នាក់​គ្មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ។ លោកស្រី​បន្ថែម​ថា សព្វថ្ងៃ​លោកស្រី និង​ប្ដី​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ទិញ​ស្បៀងអាហារ​ហូបចុក ដោយ​មួយ​យប់​រើស​អេតចាយ​លក់​បាន​ប្រាក់​ប្រមាណ​១ ម៉ឺន​រៀល (១០.០០០)​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា ប្រាក់ ១​ម៉ឺន​រៀល​នេះ​មិន​គ្រប់​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ ក៏ប៉ុន្តែ​គ្មាន​ជម្រើស​ផ្សេង​ពី​របរ​នេះ ទើប​បង្ខំ​ឱ្យ​ពួកគាត់​នាំគ្នា​ដើរ​រើស​អេតចាយ​ជា​រៀងរាល់​យប់ ដើម្បី​បាន​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ លោកស្រី​បញ្ជាក់​ថា ដោយសារតែ​ហូប​អាហារ​មិន​គ្រប់គ្រាន់​បណ្ដាល​ឱ្យ​លោកស្រី​ធ្លាក់ខ្លួន​ឈឺ ធ្វើ​ឱ្យ​មិនបាន​ចេញទៅ​រើស​អេតចាយ​៣​ថ្ងៃ​មក​ហើយ៖ «និយាយ​រឿង​លំបាក​មិន​បាច់​និយាយ​ទេ រើស​តាម​ធុង​សម្រាម ដើរ​កាយ​ដៃ​ដូច​ប្រេត​អីចឹង​សុទ្ធតែ​ដង្កូវ​ដុំៗ​ពេញដៃ​អស់ហើយ។ តាំងតែ​គេ​បិទ​ច្រក​មក​លំបាក​ខ្លាំង ចុង​ក្រោយ​គេ​បិទ​ថ្មីៗ​នៅសល់​លុយ​តិចតួច ហើយ​ឪពុក​ខ្ញុំ​ស្លាប់ ហើយ​តាំងពី​ហ្នឹង​មក​អត់​រហូត​ហ្នឹង។ យក​មក​គ្មាន​អី​ទេ​ទិញ​តែ​កូន​ត្រី​កូន​អី​មួយ​ថង់ ២០​បាត ជូន​ដើរ​សុំ​បន្លែ សុំ​អី​គេ​កំពុង​មិញ​ហ្នឹង​ដើរ​ទៅ​សុំ​បន្លែ​អ្នកជិតខាង​គេ អត់​មាន​ទេ​ថ្ងៃនេះ​បន្លែ​យក​មក​សន្លប់​ខ្លាញ់ ត្រកួន ជួន​ពងមាន់ ៣​គ្រាប់ ហូប​គ្នា ៥​នាក់​ទៅ»

លោកស្រី​បន្ត​ថា អ្នក​រស់នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត​រាប់រយ​គ្រួសារ​ផ្សេងទៀត​ក៏​មាន​ជីវភាព​លំបាក​ដូច​លោកស្រី​ដែរ ហើយ​ពួកគេ​នាំគ្នា​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់ ទិញ​ស្បៀងអាហារ​ជួប​លោកស្រី​ជា​រៀងរាល់​យប់ ដោយសារតែ​អត់​ការងារ​ធ្វើ បណ្ដាល​មក​ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី​ជា​គ្រួសារ​របស់​គាត់​លំបាក​យ៉ាង​នេះ​ក្ដី ក៏​អាជ្ញាធរ​មិន​បាន​ដាក់​ឈ្មោះ​លោកស្រី​ក្នុង​បញ្ជី​ជន​ក្រីក្រ​ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ទេ៖ «កាល​ធ្លាក់ខ្លួន​ឈឺ​ខ្ញុំ​អត់​ផង​វា​ដេក​ហេវ ខ្ញុំ​ឃ្លាន ប៉ុន្តែ​វា​គ្មាន​អី​ហូប​ខ្ញុំ​សុំ​ទៅ​ជួប​គេ​៣​ដង​ហើយ មិនដែល​ជួប​ផង។ ថ្ងៃមុន​អ្នកស្រុក​ក្រៅ​គេ​យក​អង្ករ​មាន​ត្រីខ​មាន​មី គេ​បើកឡាន​យក​មក​ដល់ ពេល​គេ​អត់​អាច​រំលង​ប្រធាន​ភូមិ​បានទេ ដល់​នេះ​ប្រធាន​ភូមិ​មាន​ឱ្យ​ពួក​ខ្ញុំ​ណា​គេ​យក​ទៅ​បើក​ឱ្យ​អ្នក​ផ្សេង​ដែល​គេ​សុទ្ធតែ​អ្នក​មានតែ​ខាង​ពួក​ខ្ញុំ​នេះ​គេ​មិន​ឱ្យ​ឯណា»

ចំណែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃព្រិច ម្នាក់ទៀត​លោក សៅ ធាវី ថ្លែង​ថា គ្រួសារ​របស់​លោក​ស្រី​មាន​គ្នា ៥​នាក់ ក្នុង​នោះ​មនុស្ស​ធំ ២​នាក់​និង​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ ៣​នាក់ ក៏​នាំគ្នា​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែរ។ លោកស្រី​បន្ត​ថា លោកស្រី​និង​ប្ដី​បាន​កូន​អាយុ​៦​ឆ្នាំ​ដើរ​រើស​អេតចាយ​តាម​ផ្លូវ នៅ​ក្រុង​ប៉ោយប៉ែត​ប្រមាណ ២​ខែ​មក​ហើយ ដោយ​រក​ប្រាក់​ចំណូល​ពី​របរ​នេះ​បាន​ប្រមាណ ១.៥០០០​រៀល ក្នុង​មួយថ្ងៃ។ លោកស្រី​ប្រាប់​ថា ប្រាក់​ចំនួន​នេះ​លោកស្រី​ទិញ​អង្ករ​ច្រក​ឆ្នាំង​ដើម្បី​រស់​ផង និង​បង់ថ្លៃ​ជួល​ដី​ធ្វើ​ជម្រក​ស្នាក់នៅ​ចំនួន​៣​ម៉ឺន​(៣០.០០០)​រៀល​មួយខែ​ផង​ដោយ​ពុំមាន​ប្រាក់​ទិញ​នំចំណី​ឱ្យ​កូន​ហូបចុក​នោះ​ឡើយ៖ «គេ​បិទ​ទៅ​អត់​ការងារ​ធ្វើ​ទាំងអស់​គ្នា​មិន​ថា ទៅ​រក​អី​សុទ្ធតែ​អ្នក​អត់​មាន​ដើមទុន។ និយាយ​ទៅ​លំបាក​ទាំងអស់​គ្នា តាំង​ពី​បិទ​ព្រំដែន​ថៃ​មក​សុទ្ធតែ​រើស​អេតចាយ​ទាំង​គេ​ទាំង​ខ្ញុំ អត់​មានមុខ​របរ​អី​និយាយ​ទៅ ភាគច្រើន​ណាស់​អ្នក​អូស​រទេះ​ក្នុង​ផ្សារ​ថៃ​ដើរ​រើស​អេតចាយ។ កន្លងមក​ខ្ញុំ​ទៅ​សុំ​គេ​តែ​គេ​មិន​ឱ្យ​គេ​ពួក​ខ្ញុំ​ស្នាក់អាស្រ័យ​គេ​មិន​ឱ្យ​ទេ»

លោកស្រី​បន្ត​ថា កាលពី​អាជ្ញាធរ​ថៃ​មិនទាន់​បិទ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​គ្រួសារ​របស់​គាត់​ប្រកប​របរ​អូស​រទេះ និង​ស៊ីឈ្នួល​លីសែង​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី ៥ ទៅ​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ហើយ​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ។ ស្ត្រី​វ័យ​៣០​ឆ្នាំ​ប្លាយ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​នេះ​ភ័យខ្លាច​ដាច់​ស្បៀង​ស្លាប់​ពីព្រោះ​ថ្ងៃ​ខ្លះ​ធ្លាក់ខ្លួន​ឈឺ​មិន​បាន​ដើរ​រើស​អេតចាយ​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ​អះអាង​ថា ចាប់​តាំង​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​មក អាជ្ញាធរ​មូលដ្ឋាន​មិនដែល​ចែក​អំណោយ​ដល់​ពួកគាត់​ម្ដងណា​ឡើយ ជាពិសេស​មេភូមិ​ព្រៃព្រិច ចែក​អំណោយ​ប្រកាន់​បក្សពួក​ដោយ​ជ្រើស​តែ​សាច់ញាតិ​របស់​ខ្លួនឯង​ឱ្យ​ទទួល​អំណោយ បើ​ទោះបី​ពួកគេ​មាន​ជីវភាព​ធូរធារ​ក៏ដោយ ចំណែក​ពួកគាត់​រក​ព្រឹក​ខ្វះ​ល្ងាច​អាជ្ញាធរ​មិន​ចែក​ស្បៀង​ឱ្យ​នោះ​ឡើយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេភូមិ​ព្រៃព្រិច អ្នកស្រី ហុក លឿម ទទួល​ស្គាល់​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​លោកស្រី​គ្រប់គ្រង​ប្រមាណ ៥០០​គ្រួសារ​ពិតជា​ជីវភាព​ក្រីក្រ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​ប្រាកដ​មែន ប៉ុន្តែ​លោកស្រី​អះអាង​ថា កន្លង​មក​លោកស្រី​នាំ​អំណោយ​ពី​សប្បុរសជន​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មើភាព​គ្នា៖ «ខ្ញុំ​មើល​ឃើញ​ជាក់ស្ដែង​ដូច​យាយ​ខ្លះ គាត់​អាយុ​៨០​ឆ្នាំ​ហើយ​គាត់​អត់​មែនទែន​ទៅ​ក៏​រំលែក​ឱ្យ​គាត់​មុន​អីចឹង​ទៅ អ្នកខ្លះ​បាន​ដល់​ទៅ ២​ដង​ខ្លះ​ចាស់ជរា​ហើយ​អ្នកណា​ក្មេង​ខ្ញុំ​រំលែក​បាន​ឱ្យ​ម្ដងៗ​អីចឹង​ទៅ។ តែ​នៅ​ច្រើន​ណាស់​ហើយ​ប្រជាពលរដ្ឋ​គាត់​ចេះតែ​ជេរ​ខ្ញុំ​ថា ខ្ញុំ​ហ្នឹង​ខ្វាក់​ភ្នែក​គាត់​ថា​ម៉េច​ក៏​ថា​ទៅ បើ​របប​វា​តិច​ឱ្យ​ខ្ញុំ​រំលែក​ទៅ ចែក​យ៉ាងម៉េច​គ្រប់​មើល​អ្នក​ដែល​ដាប​ខ្លាំង​បាន​ឱ្យ​អ្នក​ល្មម​ទុក​សិន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី និង​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​នេះ​អ្នកស្រី ព្រំ ស៊ីណា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​អ្នកស្រី ព្រំ ស៊ីណា ធ្លាប់​មាន​ប្រសាសន៍​ថា អ្នកស្រី​ស្រង់​ឈ្មោះ​ជន​ក្រីក្រ​ដោយ​ស្នើ​ភាព​គ្នា​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ជាពិសេស​ស្ត្រី​មេម៉ាយ កុមារ និង​ជន​ចាស់ជរា ជន​ពិការ និង​អ្នក​កើត​ផ្ទុក​ជំងឺ​អេដស៍ មាន​អត្ថិភាព​ជាងគេ៖ «មាន​ក្រុម​តំណាង​ឃុំ ៣​នាក់​គេ​ហៅ​ថា គ..ថ មាន​មេឃុំ និង​សមាជិក​២​នាក់​ទៀត ទៅ​សម្ភាសន៍​តាម​គ្រួសារ​នីមួយៗ​ជាក់ស្ដែង​។​គេ​សម្ភាសន៍​មេរៀន​ហ្នឹង​គឺ​ខ្ញុំ​អ្នកផ្ដល់​ឱ្យ​គេ ប៉ុន្តែ​នីតិវិធី​ក្នុង​ការ​ធ្វើ​គឺ​មេភូមិ និង​មេឃុំ​អ្នក​សម្រេច​ចិត្ត​ប្រជុំ​ក្រុមប្រឹក្សាឃុំ​ថា គ្រួសារ​ហ្នឹង​ត្រូវតែ​ជាប់​យ៉ាងម៉េច​មាន​នីតិវិធី​គេ​សម្ភាសន៍​ហើយ​យក​មក​ប្រជុំ​ម្ដងទៀត​បាន​បាន​ជា​លទ្ធផល​បី​បួន​សារ​»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ផែនការ លោក ណុប កនណាវុឌ្ឍ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បន្ថែម​ទៀត ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ធនាគារ​ពិភពលោក​ព្យាករណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២ លាន​នាក់ នឹង​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២០ នេះ ធ្វើ​ឱ្យ​ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង ១៥ លាន​នាក់។

កាលពី​ថ្ងៃ​ទី​២៤ មិថុនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២៥ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ សម្រាប់​ផ្ដល់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​ជាង ៥ សែន ៦ ម៉ឺន​គ្រួសារ (៥៦២.៦៨៦) ដោយ​ការ​ផ្តល់​ថវិកា​នេះ ចាប់​ពី​ចុងខែ​មិថុនា​តទៅ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី មានប្រសាសន៍ថា​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩​ប្រជាពលរដ្ឋ​ត្រូវការ​ស្បៀងអាហារ​ជា​ចាំ​ចាប់​ដើម្បី​បន្ត​ជីវិត​ទៅមុខ​ ពីព្រោះ​ពួកគាត់​អត់​ការងារ​ធ្វើ​ដូច្នេះ​អាជ្ញាធរ​គួរតែ​ជ្រើស​ជន​ក្រីក្រ​ឱ្យ​មាន​ស្មើភាព​គ្នា។ លោក​បញ្ជាក់​ថា ការ​ជ្រើស​ឈ្មោះ​អ្នកក្រ​ដូច​សព្វថ្ងៃ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពីព្រោះ​មានតែ​អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​កាន់អំណាច​ដោយ​ពុំ​មាន​អង្គការ​សង្គម​ស៊ីវិល​ក្រុម​យុវជន​ឯករាជ្យ និង​ព្រះសង្ឃ​ដែល​មិន​ប្រកាន់​និន្នាការ​បក្ស​នយោបាយ​ចូលរួម​ជ្រើសរើស​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។