សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ករណីចាប់ជំរិត
2024.10.19

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរ ចំនួន៣នាក់ ក្នុងករណីចាប់ជំរិតទារប្រាក់ និងបង្ខាំងធ្វើទារុណកម្ម ដែលរត់គេចពីក្រុងព្រះសីហនុ ទៅដល់ខេត្តពោធិ៍សាត់។ មន្ត្រីសង្គមស៊ីវិល ថា ភាពអសន្តិសុខបង្កឡើងដោយករណីចាប់ជំរិត បានជះឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំងដល់កម្ពុជា ហើយរដ្ឋាភិបាល គួរបង្កើនការរឹតបន្តឹងលើជនអន្តោប្រវេសន៍ដែលចូលមករស់នៅលើទឹកដីខ្មែរ។
ករណីបង្ក្រាបបទល្មើសចាប់ជំរិតដ៏ក្ដៅគគុកមួយ បានផ្ទុះឡើងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែតុលា ក្រោយជនល្មើសចាប់ជំរិតជនជាតិចិនចំនួន២នាក់ និងខ្មែរ ចំនួនម្នាក់ បានរត់គេចពីការតាមចាប់ខ្លួនរបស់នគរបាលខេត្តព្រះសីហនុ រហូតដល់ខេត្តពោធិ៍សាត់។
ជនល្មើសដែលសមត្ថកិច្ចបង្ក្រាបបាន មានម្នាក់ជាជនជាតិខ្មែរ ឈ្មោះ ប្រាក់ សុធា ជាតៃកុងឡាន និងជនជាតិចិនពីរនាក់ទៀត ឈ្មោះ ស៊ុន ហ៊ៅ (SUN HOU) និងឈ្មោះ ហ្វាន ឌីង ហ៊ីង (FAN DING HING)។
ក្នុងពេលសមត្ថកិច្ចចុះទៅបង្ក្រាប ជនសង្ស័យបានបើកបររថយន្ត គេចខ្លួន ពីចំណុចរង្វង់មូលភ្លុកដំរី រហូតដល់បរិវេណក្រុមហ៊ុន អ៊ឹម.ឌី.អេស (MDS) ហេងហ៊ីគ្រុប ថ្មដា ជនសង្ស័យបានរត់គេចឡើងលើអាគារទុកចោលមួយកន្លែង បណ្ដាលឱ្យបាក់ករជើងខាងឆ្វេងម្នាក់។
ទាក់ទិនរឿងនេះ ស្នងការស្ដីទី ស្រុកវាលវែង លោក ជា ប៉ារីស ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែតុលា ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក្រោយកំណត់មុខសញ្ញា និងទិសដៅជនល្មើស ដែលធ្វើដំណើរដល់ខេត្តពោធិ៍សាត់។ យ៉ាងណាលោកថា ការបង្ក្រាបជនល្មើសក្នុងករណីចាប់ជំរិតនេះ គឺជាការយកអាយុជីវិតកងកម្លាំងនគរបាលទៅប្រថុយនឹងគ្រោះថ្នាក់ ដោយសារក្រុមជនល្មើសបាន តដៃ និងបង្ករបួសស្នាមដល់សមត្ថកិច្ច និងមានការជិះឡានប្រដេញតាមចាប់ជនល្មើសទៀតផង។
លោក ជា ប៉ារីស៖ «គឺសុទ្ធតែមានការយកអាយុជីវិតកងកម្លាំងទៅប្ដូរ។ ខ្ញុំបារម្ភនៅពេលដែលគាត់(ជនសង្ស័យ) គេចម្សិលមិញ បារម្ភពលរដ្ឋក្នុងមូលដ្ឋាន ក្រែងលោគាត់បើកបុកងាប់។ ក្រុមការងារពួកខ្ញុំគឺសុទ្ធតែយកជីវិតទៅប្ដូរទាំងអស់គ្នា ទាំងខាងព្រះសីហនុ ទាំងខាងពួកខ្ញុំចូលរួមសហការជាមួយពួកគាត់។ ពិបាកណាស់ មកទល់ពេលនេះខ្ញុំមិនទាន់បាត់ភ័យអាយុជីវិតប្រជាពលរដ្ឋផង»។
ក្នុងប្រតិបត្តិការបង្ក្រាបជនល្មើសចាប់ជំរិតនេះ សមត្ថកិច្ចបានជួយសង្គ្រោះបុរសជនជាតិចិនម្នាក់ ឈ្មោះ លាវ យ៉ាង ជៀន (LIU YANG JIAN) អាយុ២៨ឆ្នាំ ធ្វើការនៅខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងជនរងគ្រោះម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកវាលវែង ប្រគល់ទៅឱ្យកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា រដ្ឋាភិបាលមិនត្រូវបណ្ដោយឱ្យមានអំពើចាប់ជំរិត បង្ខាំងមនុស្សធ្វើទារុណកម្ម កើតមានតទៅទៀតឡើយ ដោយត្រូវចាប់ផ្ដើមរឹតបន្តឹង និងត្រួតពិនិត្យលើលំហូរជនបរទេស ជាពិសេសជនជាតិចិន ដែលចូលមករស់នៅ និងរកស៊ីក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកជំរុញឱ្យមានការលុបបំបាត់នូវអំពើពុករលួយ និងប្រើប្រាស់អំណាចការពារក្រុមឧក្រិដ្ឋជន ដើម្បីធានាថា ជនល្មើសមិនអាចរត់គេចចេញពីសំណាញ់ច្បាប់ឡើយ។
លោក នី សុខា៖ «រឿងនេះជារឿងមួយដែលរដ្ឋាភិបាលគួរតែមានគិតគូរឱ្យបានហ្មត់ចត់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបានថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសន្តិសុខ។ អ្នកដែលចូលមករស់នៅស្រុកយើងគឺធានាបាននូវសន្តិសុខ សុវត្ថិភាពទាំងការងារ ទាំងសុវត្ថិភាពខាងផ្លូវច្បាប់»។
ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មចាប់ជំរិតនេះដែរ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស ស្កាយ នូវស៍ (Sky News) កាលពីថ្ងៃទី១៨ ខែតុលា បានចុះផ្សាយពីទីតាំងមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលឃុំឃាំងបុគ្គលិករាប់រយនាក់ឱ្យធ្វើការក្នុងបណ្ដាញឧក្រិដ្ឋកម្ម។ ការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនេះ ផ្អែកលើការចុះស៊ើបអង្កេតផ្ទាល់ នៅទីតាំងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញទាំងនោះ នៅរយៈកាលកន្លងទៅ។
កាលពីខែសីហា កន្លងទៅ អាជ្ញាធរខេត្តព្រះសីហនុ ធ្លាប់បង្ក្រាបករណីចាប់ជំរិតធំមួយ ពាក់ព័ន្ធនឹងលុយ ១លានដុល្លារ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ ដោយមានការផ្ទុះអាវុធកក្រើកក្រុង បណ្ដាលឱ្យមានសមត្ថកិច្ចរងរបួសផងដែរ។ ក្នុងខែសីហា ដដែលនោះ ជនជាតិចិន ៦នាក់នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនក្នុងករណីចាប់ជំរិតមនុស្សដាក់ក្នុងរថយន្តផងដែរ ដោយដកហូតបានកាំភ្លើង ខ្នោះដៃ និងវត្ថុតាងផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។