សមត្ថកិច្ច​រក​ឃើញ​រថយន្ត​របស់​មន្ត្រី​យោធា​ដែល​បុក​មនុស្ស​ស្លាប់​ហើយ​រត់គេច

ដោយ ជីវិតា
2020.05.11
គ្រោះថ្នាក់ចរាចរណ៍ 042520 រថយន្ត​ម៉ាក ហ្វត (Ford) បើកបរ​ដោយ​មន្ត្រី​យោធា​ឈ្មោះ ឈុន សារ៉េត បុក​ម៉ូតូ​មួយ​គ្រឿង​របស់​កម្មករ​ បណ្ដាល​ឱ្យ​ស្លាប់ នៅ​ផ្លូវ​២០០៤ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

សមត្ថកិច្ច​រក​ឃើញ​រថយន្ត​របស់​មន្ត្រី​យោធា ដែល​បើក​បុក​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​ហើយ​បើក​រថយន្ត​គេចខ្លួន កាល​ពី​ជាង​ពីរ​សប្ដាហ៍​មុន។

សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៅ​ក្រសួង​មហាផ្ទៃ លោក ទី ចំរើនកុសល ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច បាន​រក​ឃើញ​រថយន្ត​នេះ កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ដែល​មន្ត្រី​យោធា​រូប​នោះ បាន បើក​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដី​ចម្ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកបិ ឃុំ​កោះធំខ ស្រុក​កោះធំ ខេត្ត​កណ្ដាល​។ លោក​បន្ត​ថា តាម​របាយការណ៍​របស់​សមត្ថកិច្ច គឺ​លោក ស៊ុន ចាន់ថុល ជា​អ្នករាយការណ៍​ប្រាប់​ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​លោក​ទទួល​ដំណឹង​ពី​អ្នក​ចម្ការ​របស់​លោក​ថា មាន​រថយន្ត​មួយ​គ្រឿង ចត​ទុកចោល​ក្នុង​ចម្ការ​របស់​លោក ដោយមាន​បែក​ចង្កៀង​មុខ​ខាងឆ្វេង។ បច្ចុប្បន្ន រថយន្ត​នោះ កំពុង​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ។

មន្ត្រី​​នគរបាល​យុត្តិធម៌​ជាន់ខ្ពស់​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា ចំណែក​ម្ចាស់​រថយន្ត​មានមុខ​ងារ​ជា​មន្ត្រី​យោធា ពាក់​ស័ក្តិ​៥ ឈ្មោះ ឈុន សារ៉េត នៅតែ​បន្ត​រត់គេច ខ្លួន​ដដែល ប៉ុន្តែ​លោក​រំពឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ចេញ​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជន​បង្ក​រូប​នេះ​ឆាប់ៗ៖ «ជនសង្ស័យ​នៅតែ​បន្ត​គេចខ្លួន ប៉ុន្តែ​គាត់​បាន​ឱ្យ​មេធាវី​តំណាង​របស់ គាត់​មក​ចរចា​ជាមួយ​គ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ និង​ខាង​អ្នក​អនុវត្ត​ច្បាប់ មិន​ព្រម គឺ​តម្រូវ​ឱ្យ​ជនសង្ស័យ​ចូលខ្លួន​មក​ទទួលខុសត្រូវ​លើ​រឿង​នេះ​។ សូម​រង់ចាំ​បន្តិច​យើង​កំពុង​ធ្វើ​ការ​ជាមួយ តុលាការ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ភាព​យុត្តិធម៌ ប្រសិនបើ​បាន​ឃើញ​ជន​នេះ នៅ​កន្លែង​ណាមួយ​មេត្តា​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ឬក៏​រាយការណ៍​មក​ខ្ញុំ ផ្ទាល់​តាម​ទូរស័ព្ទ​លេខ​095865868 / 069865868 ដើម្បី​នាំ​យក​ជន​រូប​នេះ​មក​ទទួលខុសត្រូវ​ចំពោះ មុខ​ច្បាប់»

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា មន្ត្រី​យោធា​រូប​នេះ បាន​បើក​រថយន្ត​ម៉ាក់ហ្វត (Ford) ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ខណ្ឌ​ពោធិ៍សែនជ័យ បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​។ នៅ​ពេល​កើតហេតុ ម្ចាស់​រថយន្ត បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញ​ពី​មុខ​ឡាន រួច​បើក​គេច​ចេញ​ពី​កន្លែង​កើតហេតុ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជនរងគ្រោះ ឬ​ហៅ​ឡានពេទ្យ​ទៅ​ជួយសង្គ្រោះ​នោះ​ទេ ទុក​ឱ្យ​ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹកភ្លៀង​រហូត​ដល់​ស្លាប់។

ជនរងគ្រោះ ដែល​ស្លាប់​នោះ​មានឈ្មោះ វង រដ្ឋា អាយុ ៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ចោមចៅ​ក្រុង​ភ្នំពេញ ប៉ុន្តែ​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

ភរិយា​ជនរងគ្រោះ លោកស្រី សិន ថា នៅតែ​ទទូច​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ពន្លឿន​ការ​អនុវត្ត​ច្បាប់ ដើម្បី​ឱ្យ​លោក​ស្រី ទទួល​បាន​សំណង​សមរម្យ​សម្រាប់​ចិញ្ចឹម​កូន​តូច​ចំនួន ២​នាក់ និង​ផ្ដន្ទាទោស​ជន​បង្ក​ទៅ​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។