សមត្ថកិច្ច​កំពុង​តាម​ចាប់​ម្ចាស់​ក្លឹប​កម្សាន្ត​លុច្សសារី​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន

ដោយ ហេង រស្មី
2019-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្លឹប​កម្សាន្ត​លុច្សសារី។
ក្លឹប​កម្សាន្ត​លុច្សសារី។
Screenshot

អាជ្ញាធរ​ក្រុងភ្នំពេញ​ប្រកាស​ថា កំពុង​តាម​ចាប់​ម្ចាស់​ក្លឹប​កម្សាន្ត​លុច្សសារី (Luxurious) ក្រោយ​ចុះ​បិទ​បណ្ដោះអាសន្ន​និង​ឃាត់ខ្លួន​មនុស្ស​ជាង ៤​រយ​នាក់​ ព្រមទាំង​ប្រមូល​សារធាតុ​ញៀន​មួយ​ចំនួន​ផង​ដែរ​ ដោយ​ចោទ​ប្រកាន់​ថា ក្លឹប​នេះ បាន​ចែកចាយ ​និង​​មាន​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព នៅ​ពេល​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​អ្នកទទួលខុសត្រូវ​ក្នុង​ក្លឹប​កម្សាន្ត​លុច្ស​សារី។​

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ និង​ធ្វើតេស្ត​រក​សារ​ធាតុ​ញៀន​ចំពោះ​អ្នក​ដែល​បាន​ឃាត់ខ្លួន​ទាំង​ជាង ៤​រយ​នាក់។ ទន្ទឹម​គ្នា​នេះ​សមត្ថកិច្ច ក៏​កំពុង​តាម​ចាប់​ម្ចាស់​ក្លឹប​​កម្សាន្ត​លុច្ស​សារី​ដែរ ប៉ុន្តែ​លោក​មិនទាន់​អាច បញ្ជាក់​បាន​ថា ម្ចាស់​ក្លឹប​កម្សាន្ត​នេះ ជា​នរណា និង​ជនជាតិ​អ្វី​នោះ​ទេ៖ «គេ​កំពុង​ខិតខំ​បញ្ចប់​កិច្ច​ការងារ​របស់​យើង។ មិនទាន់​មាន​លទ្ធផល​ជូន​បានជា​ផ្លូវការ​នៅឡើយ​ទេ ដូច្នេះ​អា​ស្អែក ឬ​ខានស្អែក​អី​បាន​ប្រហែល​អាច​បញ្ចប់​បាន។ អត់​ទាន់​ញែក​បាន​ច្បាស់លាស់ អត់​ទាន់​ហ៊ាន​ឆ្លើយ​ច្បាស់លាស់​ទេ​គឺ​មាន​សញ្ញា​ហើយ។ ឱ្យ​បញ្ជាក់​ថា ច្បាស់​យើង​អត់​ហ៊ាន​ថា​ច្បាស់​ទេ​តែ​យើង​មាន​សញ្ញា​ខ្លះ​ហើយ»

កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​ដឹកនាំ​កម្លាំង​ចុះ ឆែកឆេរ​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​លុច្សសារី បាន​ឃាត់ខ្លួន​អ្នក​កម្សាន្ត​ចំនួន ៤១៧​នាក់ ក្នុង​នោះ មាន​ស្រី​ ១៨៧​នាក់ រួមមាន​ជនជាតិ ចិន វៀតណាម និង​​ខ្មែរ។ សមត្ថកិច្ច​ក៏​រឹបអូស​បាន​សារធាតុ ញៀន​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិនទាន់​កំណត់​ចំនួន​គ្រឿងញៀន​ដឹង​នៅឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ស ថេត បានទេ​នៅ​ថ្ងៃទី​៩ ខែមិថុនា​ដោយ​ទូរស័ព្ទ​ចូល​​ពុំ​មាន​​អ្នក​ទទួល ប៉ុន្តែ​​លោក​​បាន​ប្រាប់​គេ​ទំព័រ​ថ្មីៗ​ថា សមត្ថកិច្ច​កំពុង​តាម​ចាប់​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារីំជា​ជនជាតិ វៀតណាម ដើម្បី​មក​ស៊ើប​សួរ និង​ផ្ដន្ទាទោស​តាមច្បាប់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ លើកឡើង​ថា លោក​នៅ​តែ​មាន​ព្រួយបារម្ភ​ចំពោះ​ការអនុវត្ត​ច្បាប់​បង្ក្រាប​គ្រឿងញៀន​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព ដោយសារ​ថា វិធានការ​ឃាត់ខ្លួន​មេខ្លោង​ចែកចាយ​គ្រឿង​ញៀន ឬ​អ្នកទទួលខុសត្រូវ​ក្នុង​ក្លឹប​កម្សាន្ត​លុច្សសារី​នេះ ហាក់​ដូចជា​យឺតយ៉ាវ​។ លោក​យល់ថា ប្រសិនបើ​អាជ្ញាធរ​ចង់​កំណត់​អត្តសញ្ញាណ ឬ​ចង់​ឃាត់ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​នេះ​គឺ​មិន​ពិបាក​ឡើយ​ព្រោះថា ម្ចាស់​ក្លឹប​កម្សាន្ត​នីមួយៗ គឺជា​ប្រភេទ​នីតិបុគ្គល​​ដែល​តែងតែ​មាន​ការចុះបញ្ជី​ត្រឹមត្រូវ​រួចជាស្រេច​នៅ​ក្នុង​ដៃ​របស់​អាជ្ញាធរ៖ «ធ្វើ​បែបនេះ​គឺ​ចង់​បង្ហាញ​ស្នាដៃ​ថា ឃើញ​ឃាត់ខ្លួន​មនុស្ស​ច្រើន​អ៊ីចឹង​ដើម្បី​ឱ្យ​មហាជន​គេ​មើល​ឃើញ​ចាប់អារម្មណ៍។ តែ​នីតិបុគ្គល​ឬ​តំណាង​នីតិបុគ្គល​ហ្នឹង គេ​នឹង​ចាត់​វិធានការណ៍​តាម​ក្រោយ តែ​សម្រាប់​ខ្ញុំ​យល់​ថា រហូត​មក​ដល់​ពេល​នេះ​មិនទាន់​ដឹង​អ្នកទទួលខុសត្រូវ​វា​ជា​រឿង​មួយ​ដែល​គួរ​ឱ​សង្ស័យ។ សង្ស័យ​យ៉ាងម៉េច​គឺ​ត្រង់​ថា​បើសិនជា​មានការ​វាយឆ្មក់​បែប​នេះ​ហើយ មិន​ដឹង​ជា​របស់​អ្នកណា។ ទំនងជា​អ្នក​ដែល​ទទួលខុសត្រូវ​រត់​បាត់​ហើយ»

វិធានការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ដ៏​ធំ​លើក​ទី​២ បន្ទាប់ពី​ក្លឹប​កម្សាន្ត​រ៉ក​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ លោក ស ខេង ដាក់​ចេញ​បញ្ជា​ឱ្យ​មន្ត្រី និង​កងកម្លាំង​ទាំងអស់​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​តាម​បណ្ដា​ក្លឹប និង​ទីតាំង​កម្សាន្ត​​នានា ​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០១៩ ព្រោះថា​ ទីតាំង​កន្លែង​កម្សាន្ត​ដែល​លួចលាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​គឺជា​កន្លែង​ដែល​បំពុល​ និង​ពង្វក់​ស្មារតី​យុវជន​ឱ្យ​ដើរ​ផ្លូវ​ខុស​ហើយ​បំផ្លាញ​អនាគត​ពួកគេ។

កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កម្លាំង​សមត្ថកិច្ច​ក៏បាន​បិទ​ក្លឹប​កម្សាន្ត​ រ៉ក់ (Rock) និង​ប្រមូល​គ្រឿងញៀន​ជាង ​៥០​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​ជាង ៣០០​នាក់ ប៉ុន្តែ​សមត្ថកិច្ច​សម្រេច​ដោះលែង​មនុស្ស​ចំនួន ​២៨១​នាក់ និង​បញ្ជូន​ជនសង្ស័យ ១៧​នាក់ ទៅ​តុលាការ​។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ចាប់ ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ គឺ​លោក​ឧកញ៉ា គិត ធាង តាម​បញ្ជា​របស់​លោក ហ៊ុន សែន ក្រោយ​មាន​កា​រិះគន់​ខ្លាំងៗ ពី​សាធារណជន។ ប៉ុន្តែ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ដែល​មាន​ងារ​ជា​ឧកញ៉ា​រូប​នេះ​មិន​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​នោះ​ទេ លោក​បាន​ចេញ​មក​រស់នៅ​ក្នុង​បន្ទប់​វីអាយភី (VIP)​ នៅ​​មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ​-​សូ​វៀត​​តាំងពី​ថ្ងៃ​ទី​១ ខែ​​មេសា​​រហូត​​មក ក្រោម​ហេតុផល​ថា ​មាន​ជំងឺ​ត្រូវ​ព្យាបាល។

ភ្លាមៗ​ក្រោយ​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​រកឃើញ​ថា ក្លឹប​កម្សាន្ត និង​បារ​បារាំង ចំនួន​ជាង ១.២០០​កន្លែង ប្រើប្រាស់​គ្រឿងញៀន​ដែរ។ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ចាត់ការ​ម្ចាស់​កន្លែង​ទាំង​នេះ​​តាម​ផ្លូវ​ច្បាប់​ទេ គឺ​គ្រាន់តែ​ឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​​គ្រឿង​ញៀន​​តែ​ប៉ុណ្ណោះ។

មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ព្រួយបារម្ភ​ថា ចំណាត់​ការ​បង្ក្រាប​គ្រឿងញៀន នៅតែ​មិនទាន់​មាន​ប្រសិទ្ធភាព និង​ស្នើ​ឱ្យ​អាជ្ញាធរ​វែកមុខ​រក​ជន​ដែល​នៅ​ពីក្រោយ​ការ​នាំចូល​គ្រឿងញៀន​នេះ និង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ទើប​អាច​កាត់បន្ថយ​ករណី​​គ្រឿងញៀន​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គិត ធាង ស្រួលចាប់ទេ ពីព្រោះគាត់ជាខ្មែរ តែម្ចាស់ខ្លឹបមួយនេះគ្មានសង្ឃឹមទេ ពីព្រោះគេជាយួន។

Jun 10, 2019 10:13 AM

គេហទំព័រ​ទាំងមូល