អាជ្ញាធរ​ខេត្ត​កណ្ដាល​បង្ក្រាប​ទី​តាំង​លេង​ល្បែង​ធំ​មួយ​កន្លែង​នៅ​ស្រុក​ស្អាង​ នៅ​ថ្ងៃ​ទី២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ អាស៊ីសេរី
2019.04.16
មាន់ជល់ មាន់ជល់ដែល​នគរបាល​ចាប់​បាន​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

នៅ​ថ្ងៃ​ទី២ នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី អាជ្ញាធរ​ខេត្ត​កណ្ដាល និង​ព្រះ​រាជ​អាជ្ញា​រង ដឹកនាំ​កម្លាំង​អន្តរាគមន៍ ចុះ​បង្ក្រាប​ទី​តាំង​លេង​ល្បែង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង ដែល​មាន​មនុស្ស​ចូល​លេង​ប្រមាណ​ជាង​ ៣០០នាក់ នៅ​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ អាជ្ញាធរ​រឹប​អូស​បាន​មាន់​ជល់​ជា​ច្រើន​ក្បាល វត្ថុ​តាង​លេង​ល្បែង រថយន្ត ២គ្រឿង ម៉ូតូ ៨១គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស ៤នាក់ នាំ​ទៅ​សាក​សួរ​នៅ​ស្នងការ​នគរបាល​ខេត្ត។

ស្នង​ការ​នគរ​បាល​ខេត្ត​កណ្ដាល​ លោក អ៊ាវ ចំរើន ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​មេ​ក្លោង​បើក​កន្លែង​លេង​ល្បែង​បាន​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​បាន​នៅ​ឡើយ ដោយសារ​ជន​នោះ​បាន​បើក​រថយន្ត​គេច​ខ្លួន៖ «បាទ! ជា​ទូទៅ​ យើង​បាន​ដឹង​ហើយ។ ឥឡូវ​នេះ​យើង​នឹង​ចាត់​ការ​តាម​នីតិវិធី ហើយ​យើង​នឹង​ធ្វើ​សំណុំ​រឿង​ជូន​បង​ព្រះ​រាជអាជ្ញា ហើយ​បន្ទាប់​មក​ទៀត​យើង​នឹង​ដំណើរ​ការ​តាម​នីតិវិធី​ដែល​ច្បាប់​កំណត់​ហើយ។ យើង​នឹង​ស្រាវជ្រាវ​រក​តាម​ចម្លើយ​អ្នក​ដែល​ចូលរួម​លេង។ លាក់​វា​មិន​​ជិត​ទេ បើក​ប៉ុណ្ណា​ណី ​ហើយ​ពីរ​បី​រយ​នាក់​លេង​ប៉ុណ្ណេះ​ទៅ​លាក់​អី​ជិត។ ហើយ​អួត​ក្អេង​ក្អាង​ហើយ​បាន​គេ​ហ៊ាន​ទៅ​លេង​នុះ បើ​អ៊ីចឹង​ មិច​គេ​ហ៊ាន​លេង»

ក្រោយ​ពី​ការ​សាកសួរ​រួច សមត្ថកិច្ច​សម្រេច​​អនុញ្ញាត​ឲ្យ​មនុស្ស ៤នាក់​វិល​ទៅ​ផ្ទះ​វិញ ដោយ​តម្រូវ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​លេង​ល្បែង​នេះ​បន្ត​ទៀត។ ចំណែក​ម៉ូតូ ៨១គ្រឿង​ អាជ្ញាធរ​ក៏​បាន​ប្រគល់​ជូន​ពលរដ្ឋ​វិញ បន្ទាប់​ពី​អ្នក​លេង​ល្បែង​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ម៉ូតូ​ពួក​គេ​ពី​សមត្ថកិច្ច។

ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​នេះ អាជ្ញាធរ​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​នាំ​គ្នា​លេង​ល្បែង​ប្រជា​ប្រិយ​នៅ​តាម​ភូមិ​ស្រុក ជា​ជាង​នាំ​គ្នា​លេង​ល្បែង​អបាយមុខ​ផ្សេងៗ ដែល​អាច​បង្ក​ឲ្យ​មាន​ទំនាស់ អស់​ទ្រព្យ​សម្បត្តិ​ និង​បង្កើត​ឲ្យ​មាន​ចោរ​កម្ម​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។