សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន ១៦៣នាក់ នៅ​ខេត្ត​សៀមរាប សង្ស័យ​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធើណេត

ដោយ សេក បណ្ឌិត
2019.03.29
ចិន ១៦៣នាក់ សៀមរាប 032819 ជនជាតិ​ចិន បាន​ចំនួន​១៦៣​នាក់ នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ២០១៩ ដោយ​សង្ស័យ​ថា បើក​ភ្នាល់​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធើណេត។
រូបថត៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​ចាប់​ជនជាតិ​ចិន​ចំនួន ​១៦៣​នាក់ នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​២៨ មីនា ដោយ​សង្ស័យ​ថា បើក​ភ្នាល់​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធើណេត (Internet Game online)។ សង្គម​ស៊ីវិល​​យល់​ថា គួរ​អនុវត្ត​ទោស​​នៅ​កម្ពុជា​សិន ចាំ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ចិន ទើប​មាន​ការ​រាង​ចាល ផ្ដល់​គំរូ​ដល់​ជន​បរទេស​ដទៃ។​

សមត្ថកិច្ច អះអាង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បាន​ជនជាតិ​ចំនួន​១៦៣​នាក់ មាន​ស្រី ៤០​នាក់ និង​កុំព្យូទ័រ ប្រមាណ ១៥០ គ្រឿង ក្នុង​ពេល​ជន​សង្ស័យ​ទាំង​នោះ កំពុង​ប្រព្រឹត្ត​បទល្មើស។

គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ផ្សាយ​ថា ​កងកម្លាំង​ចម្រុះ ដឹកនាំ​ ដោយ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្តិ​បទល្មើស ភ្នាល់​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីនធើណេត (Internet Game online) ​ពីរ​ទីតាំង​ក្នុង​ពេល​តែ​មួយ សុទ្ធ​តែ​ស្ថិត​ក្នុង​ភូមិ​វិហារ​ចិន ឃុំ​ស្វាយដង្គំ ហើយ​ក្រោយ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ និង​វត្ថុ​តាង ទៅ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​កំពុង​ចាត់​នីតិវិធី​ច្បាប់ និង​​រាយការណ៍​ជូន​អភិបាល​ខេត្ត​សៀមរាប៖ «បាទ! យើង​កំពុង​ធ្វើការ។ យើង​កំពុង​ធ្វើការ​ហើយ។ ខ្ញុំ​មិន​ទាន់​បាន​រាយការណ៍​ឲ្យ​មេ​ខ្ញុំ​ផង។ ខ្ញុំ​ជាប់​ប្រជុំ​បន្តិច។ ខ្ញុំ​រាយការណ៍ ឲ្យ​ចៅហ្វាយ​ខេត្ត​សិន»

កាល​ពី​ឆ្នាំ២០១៨​ អាជ្ញាធរ​កម្ពុជា ​បាន​បណ្ដេញ​ជន​ជាតិ​ចិន​​​ជាង ៧០០នាក់ ចេញ​ពី​កម្ពុជា ក្នុង​ចំណោម​ជន​បរទេស​ ដែល​ត្រូវ​បណ្ដេញ​ចេញ​ ១៤.៩៦៥នាក់ នៃ ៩១​សញ្ជាតិ។ ជន​ជាតិ​ចិន ដែល​បណ្ដេញ​ជា​ទ្រង់ទ្រាយ​ធំ​ចុង​ក្រោយ​ ចេញ​ពី​កម្ពុជា គឺកាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ២០១៨ មាន​ចំនួន ២៣៥នាក់​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត តាម​ប្រព័ន្ធ​អ៊ីនធើណេត​ពី​ខេត្ត​តាកែវ។

ប្រធាន​សមាគម​​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ សង្កេត​ឃើញ​ថា ការ​ដែល​ជនជាតិ​ចិន ចេះ​តែ​មាន​ឱកាស​ប្រព្រឹត្តិ​បទ​ល្មើស ជា​ទ្រង់​ទ្រាយ​ធំៗ នៅ​កម្ពុជា​បាន​ ដោយសារ​តែ​រដ្ឋាភិបាល​​បាន​បើក​ដៃ​ឲ្យ​ជនជាតិ​ចិន​មក​កម្ពុជា​​ច្រើន​ពេក ដោយ​មិន​បាន​ចម្រាញ់​យក​តែ​ចិន​​វិនិយោគិន​ធំៗ ទេ សូម្បី​ចិន​រក​​ស៊ី​របរ​កំប៉ិច​កំប៉ុក ក៏​មាន​ឱកាស​មក​ដណ្ដើម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ដែរ។ លោក វ៉ន់ ពៅ ថា ជា​ការ​ព្រួយ​បារម្ភ​នេះ ព្រោះ​​ជនជាតិ​ចិន​មក​កម្ពុជា​​សព្វ​ថ្ងៃ ភាគ​ច្រើន​មិន​មែន​ជា​វិនិយោគិន​ទេ៖ «អ្នក​ខ្លះ (ចិន) មក​ដណ្ដើម​មុខ​របរ​ខ្មែរ ​ហើយ​យក​មក​ពួក​រញ៉េរញ៉ៃ។ មក​បើក​ល្បែង​ស៊ីសង មក​បើក​បន​ស្រី មក​បើក​អ្វី​ផ្ដេសផ្ដាស​ ខុស​ពី​ច្បាប់​រដ្ឋ នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា ប្រពៃណី របស់​ខ្មែរ។ ចំណុច​នេះ​ហើយ ដែល​យើង​មាន​ការ​សោកស្ដាយ ​ដែល​រដ្ឋាភិបាល​មិន​បាន​រឹត (បន្តឹង) ទាំង​អស់​នេះ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ហ្នឹង កាន់​តែ​ផ្គើន​ឡើងៗ ហូរ​មក​ចូល​ស្រុក​ខ្មែរ​ច្រើន​មែន​ទែន។ ឥឡូវ​ឃើញ​រាលដាល​ទៅ​ដល់​ខេត្ត​សៀមរាប​ទៀត។ យើង​ឃើញ​ថា ហាក់​ធូររលុង​សម្រាប់​ជនជាតិ​ចិន​ទាំង​អស់​ហ្នឹង»

តំណាង​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​ជនជាតិ​ចិន​នៅ​កម្ពុជា រដ្ឋាភិបាល​មិន​គួរ​បញ្ជូន​ពួកគេ​ចេញ​ពី​កម្ពុជា​ភ្លាមៗ ទេ គឺ​​គួរ​តែ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​កម្ពុជា​សិន ​ទើប​មាន​ប្រសិទ្ធិ​ភាព និង​ជា​ការ​ព្រមាន​ដល់​ជន​បរទេស​ខិល​ខូច​ដទៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។