សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយខ្នង​នៃ​ការនាំចូល​គ្រឿងញៀន​ជាង ២០០គីឡូ​ក្រាម ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់

ដោយ ហេង រស្មី
2020-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿង​ញៀន​ជិត ២០០គីឡូក្រាម និង​សារធាតុ​គីមី​សរុប​ជាង ៣តោន សម្រាប់​ផ្សំ​ផលិត​គ្រឿងញៀន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០២០។
គ្រឿង​ញៀន​ជិត ២០០គីឡូក្រាម និង​សារធាតុ​គីមី​សរុប​ជាង ៣តោន សម្រាប់​ផ្សំ​ផលិត​គ្រឿងញៀន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​អគ្គស្នងការ​នគរបាល​ជាតិ

សមត្ថកិច្ច​ក្រុងភ្នំពេញ​កំពុង​ស្វែងរក​ចាប់ខ្លួន អ្នក​នៅ​ពីក្រោយខ្នង​នៃ​ការនាំចូល​គ្រឿងញៀន​ចំនួន​ជាង ២០០គីឡូ​ក្រាម ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ចិន​ម្នាក់ បន្ទាប់ពី​បាន​នាំ​យក​ថ្នាំញៀន​ឆ្លងដែន​ពី​ប្រទេស​ភូមា ចូល​មក​ប្រទេស​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ថៃ​តាម​ព្រំដែន​គោក។

មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរ​បាន​ជាតិ​អះអាង​ថា មាន​មនុស្សជា​ច្រើន​នាក់​ផ្សេងទៀត​នៅ​ពីក្រោយខ្នង​នៃ​ការនាំចូល​ថ្នាំញៀន​ប្រមាណ​ជាង ២០០គីឡូ​ក្រាម​ពីក្រៅ​ប្រទេស ក្នុង​គោលបំណង​ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​ទីបី។អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា ក្រុម​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​អស់ហើយ​ពាក់ព័ន្ធ​នឹង​ការនាំចូល​ថ្នាំញៀន​នេះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​ដែល​នៅ​ពីក្រោយខ្នង​នៃ​ការនាំចូល​ថ្នាំញៀន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ៖ «កិច្ច​សហប្រតិបត្តិ​ការ​គ្រឿងញៀន ២០០គីឡូ​ក្រាម​នេះ​គឺ​យើង​មាន​កិច្ច​សហប្រតិបត្តិ ការណ៍​ជាមួយ​ដៃគូ​មក​ពី​ក្រៅ​ប្រទេស។ផ្លាស់​ប្ដូរ​ព័ត៌មាន​គឺ​យើង​សហការ​ជាមួយUNODC ហើយ​យើង​បាន​បង្ក្រាប​គ្រឿងញៀន​ចំនួន ២០០គីឡូ​ក្រាម​គឺ​ឃាត់ខ្លួន​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់»

លោក ឆាយ គឹមខឿន បន្ត​ថា ក្រុម​សមត្ថកិច្ច​បាន​ប្រើ​ពេលវេលា​ចំនួន​បួន​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី១៩ រហូត​ដល់​ថ្ងៃ​ទី២៣ ខែ​កក្កដា កន្លងទៅ​ទើប​អាច​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ៖ «ជន​សង្ស័យ​ទាំង​ពីរ​នោះ​ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី ហើយ​បច្ចុប្បន្ន​នេះ​យើង​កំពុងតែ​បន្ត​សហការ ជាមួយ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង និង​កាត់ផ្ដាច់​បណ្ដាញ​ជួញដូរ​ថ្នាំញៀន​ឲ្យ​ដល់​ឫសគល់»

នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី៣ សីហា បាន​ឆ្មក់​ចូល​ផ្ទះ​ជួល​មួយ​កន្លែង​មាន​ទីតាំង នៅ​ខណ្ឌ​ជ្រោយចង្វា ក្រុងភ្នំពេញ បាន​ឃាត់​ចាប់​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់​ជាមួយ​នឹង​វត្ថុ តាង​គ្រឿងញៀន​ចំនួន ១៩៨ដុំ មាន​ទម្ងន់​ជាង ២០០គីឡូក្រាម ដែល​ជនសង្ស័យ​បាន​លាក់​ក្នុង​កេស​ការ៉ូ​ធ្វើពីឈើ​បន្លំ​ជា​គ្រឿង​សង្ហារិម គោលបំណង​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។សមត្ថកិច្ច​នៅ​ថ្ងៃ​ទី៣ សីហា ដដែល​នេះ​ក៏បាន​អះអាង​ដែរ​ថា បាន​រក​ឃើញ​សារធាតុគីមី​សម្រាប់​ផលិត​គ្រឿងញៀន​មួយ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខណ្ឌ​កំបូល ក្រុងភ្នំពេញ​ដោយ​បាន​រក​ឃើញ​នូវ​សារធាតុគីមី​ចំនួន ១១មុខ មាន​ទម្ងន់​ជាង ៣តោន (៣១៤៦,១៩គីឡូ​ក្រាម) និង​បន្ត​ចុះ​ឆែកឆេរ​ទីតាំង រក្សា​ទុក​ម៉ាស៊ីន​សម្រាប់​ផលិត​គ្រាប់​ថ្នាំញៀន​មួយ​កន្លែង​ទៀត ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ដោយ​រឹបអូស​បាន​ម៉ាស៊ីន​សម្រាប់​ផលិត​គ្រាប់​ថ្នាំញៀន​ចំនួន ២គ្រឿង និង​ពុម្ព​គ្រាប់​ថ្នាំ​ញៀន​ចំនួន ១៤គូ។

អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក គុជ គឹមឡុង និយាយ​ថា តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ករណី​នេះ។ តែ​លោក​មិន​បញ្ជាក់​លំអិត​ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ នេះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​អត់​ទាន់បាន​ព័ត៌មាន​អ្វី​ច្បាស់លាស់​ទេ។ចាំ​បាន​ព័ត៌មាន​ច្បាស់លាស់​ខ្ញុំ​ជម្រាប​ជូន»

សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​បន្តបន្ទាប់​គ្នា​ក្នុង​រយះ​ពេល​ប៉ុន្មាន​ខែ​ជាប់ៗ គ្នា​នេះ​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​គ្រឿងញៀន នឹង​ករណី​ជំរិត​ទារ​ប្រាក់។សមត្ថកិច្ច ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី១៧ កក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ១១នាក់​ក្រោយពី​ពួក​គេ​បាន​ចាប់​បុរស​ជនជាតិ​ចិន​ដូចគ្នា​ម្នាក់ បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់​មិន​បាន​សម្រេច ចំនួន៣០ម៉ឺន​ដុល្លារ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ចិន។

កាលពី​ខែ​មិថុនា​ដល់​ខែ​កក្កដា​នេះ ករណី​ជំរិត​ទារ​ប្រាក់​ដែល​រវាង​ជនជាតិ​ចិន និង​ជន​ជាតិ​ចិន​ដូច​គ្នា​នេះ​បាន​កើត​មាន​ឡើង​ចំនួន​ចំនួន ៤ករណី ហើយ​គឺ​ពីរ​ករណី​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ករណី​ចុង​ក្រោយ​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

របាយការណ៍​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់ក្រ​សួង​មហាផ្ទៃ បាន​ឲ្យដឹង​ថា ជនជាតិ​ចិន ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រព្រឹត្ត​បទ​ល្មើស​ច្រើន​ជាង​គេ ក្នុង​ចំណោម​ជន​បរទេស​ដទៃ​ទៀត ដែល​ករណី​បទ​ល្មើស​សរុប​ចំនួន ៣២៤ករណី នៅ​ឆ្នាំ២០១៩។ ចំនួន​នេះ បាន​កើន​ឡើង​ជិត ៥០ករណី ធៀប​ទៅ​នឹង​ឆ្នាំ២០១៨៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល