ពលរដ្ឋ​និង​សង្គមស៊ីវិល​សាទរ​នឹង​ការ​ប្រកាស​ពន្យារ​ពេល​ធ្វើ​ប័ណ្ណបើកបរ

ដោយ អ៊ុង សេរីវុទ្ធ
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ឈរ​ធ្វើ​ចរាចរណ៍​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កាល​ពី ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។
ប៉ូលិស​ឈរ​ធ្វើ​ចរាចរណ៍​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កាល​ពី ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Chanthuna

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​សាទរ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ប្រកាស​ពន្យារ​ពេល​ធ្វើ​ប័ណ្ណ​បើកបរ​ជា​បណ្ដោះអាសន្ន ខណៈ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី កាន់​តែ​ខិត​ជិត​ដល់​នៅ​ដើម​ឆ្នាំ​២០១៦​នេះ។ ទន្ទឹម​នឹង​ការ​សាទរ​នេះ​ដែរ ពួកគេ​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​ពិចារណា​លើ​តម្លៃ​សេវា និង​នីតិវិធី​ធ្វើ​ប័ណ្ណ​បើកបរ​នេះ​ឡើង​វិញ។

ការ​ផាក​ពិន័យ​លើ​ប័ណ្ណ​បើកបរ​រថយន្ត ពី​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ នៅ​ដើម​ឆ្នាំ​២០១៦ អាចនឹង​ត្រូវ​អនុគ្រោះ​ពេល​បន្ត​ទៀត ដោយ​នៅ​មិន​កំណត់​ពេល​ឡើយ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន កាល​ពី​យប់​ថ្ងៃ​ទី​២៩ ធ្នូ  បន្ទាប់​ពី​លោក​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​បណ្តាញសង្គមហ្វេសប៊ុក ស្នើសុំ​ឲ្យ​ជួយ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ។

អ្នក​បើក​ម៉ូតូ​រ៉ឺម៉ក​កង់បី​នៅ​រាជធានី​ភ្នំពេញ លោក ហ៊ួត សម្បត្តិ ដែល​កំពុង​រង់​ចាំ​ភ្ញៀវ​​ជិះម៉ូតូ​រ៉ឺម៉ក​កង់បី​របស់​ខ្លួន នៅ​តាម​ដង​ផ្លូវ​ព្រះមុនីរ៉េត សម្ដែង​ក្ដី​រីករាយ​បន្ទាប់​ពី​លោក បាន​ឮ​ដំណឹងពីការ​ពន្យារ​ពេល​ធ្វើ​ប័ណ្ណ​បើកបរ​នេះ តែ​លោក​ចង់​ស្នើ​ដល់​រដ្ឋាភិបាល គួរ​ពិចារណា​យក​កម្រៃ​សេវា​ធ្វើ​ប័ណ្ណ​ម៉ូតូ តែ​ត្រឹម​៤ម៉ឺន​រៀល​បាន​ហើយ៖ «និយាយ​រួម​ការ​រក​ស៊ី​កង់​បី​ដូច​យ៉ាប់​យឺន មាន​អ្នក​ខ្លះ​អត់ ដល់​ពេល​ពន្យារ​ដូច្នេះ​ល្អ​ដែរ ប៉ុន្តែ​កម្រៃ​ធ្វើ​ប័ណ្ណ​បើកបរ​គួរ​ចុះ​ខ្លះ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មក​ថែទាំ​ជំងឺ​ប្រពន្ធ​នៅ​មន្ទីរពេទ្យ​មួយ នា​រាជធានី​ភ្នំពេញ លោក ទេព សុផា យល់​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ ដល់​ពលរដ្ឋ​​ដោយ​ឥត​គិត​ថ្លៃ​ជា​លើក​ទី១ ដល់​ពេល​ពលរដ្ឋ​ណា​ធ្វើ​ឲ្យ​បាត់ប័ណ្ណ​នោះ ​ចាំធ្វើ​ការ​ផាក​ពិន័យ។ លោក​បន្ត​ថា លោក​ជា​អ្នក​ស្រែ​ចម្ការ មិន​ធ្លាប់​បាន​ដឹង​បាន​ឮ ពីការ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ដូច្នេះ​ពី​មុន​ឡើយ តែ​បើ​រដ្ឋ​តម្រូវ​ឲ្យ​ធ្វើ​មែន​នោះ គួរ​ចុះ​តម្លៃ​ឲ្យ​សមរម្យ៖ «តម្លៃ​ទូទៅ​ខ្ញុំ​គិត​ថា ត្រឹម​២ម៉ឺន ទៅ​៣ម៉ឺន ឬ៤​ម៉ឺន​រៀល​អស់​ហើយ ព្រោះ​បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​ក្រៗ​អាច​ធ្វើ​​ទៅបាន តែ​បើ​ថ្លៃ​ជាង​នេះ គឺ​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ អ៊ីចឹង​អាច​​នឹង​​មាន​បញ្ហា ដូចជា​ហិង្សា ឬ​កូដកម្ម​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ហិង្សា​ទេ»

ថ្វីត្បិត​ពលរដ្ឋ​ត្អូញត្អែរ​ដូច្នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ កាល​ថ្ងៃ​ទី​២៨ ធ្នូ ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​នឹង​ត្រូវ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ មិន​មែន​ជា​ច្បាប់​ដែល​គាបសង្កត់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​គឺ​ជា​ច្បាប់​មួយ​ជួយ​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទៅ​វិញ។

យ៉ាងណា​ក៏​ដោយ​ចុះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ដែល​​សាទរ​​ចំពោះអន្តរាគមន៍​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ លោក​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​នីតិវិធី​រៀន​បើកបរ​ឡើង​វិញ ជា​ពិសេស​ម៉ូតូ គឺ​អ្នក​ដែល​ចេះ​បើក​ម៉ូតូ​ហើយ ពួកគេ​គួរ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង ជាមួយ​នឹង​តម្លៃ​សមរម្យ ទី១​សម្រាប់​គ្រួសារ​មាន​សមាជិក​ចាប់​ពី​៣​នាក់​ឡើង​ទៅ គួរ​យក​តម្លៃ​ប្រមាណ​១​ម៉ឺន​២​ពាន់​រៀល​ក្នុង​ម្នាក់ ទី២ សម្រាប់​គ្រួសារ​មាន​សមាជិក​២នាក់​ចុះ​ក្រោម គួរ​យក​តម្លៃ​ត្រឹម​២​ម៉ឺន​រៀល ក្នុង​ម្នាក់។

លោក សន ជ័យ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ជជែក​ជាមួយ​ក្រុមហ៊ុន​ថា ពួកគេ​អាច​ចុះ​តម្លៃ​ដល់​កម្រិត​ណា​ទៀត តែ​បើ​មិន​អាច​ទេ រដ្ឋាភិបាល​គួរ​រក​ក្រុមហ៊ុន​​ម៉ៅការ​ថ្មី ដើម្បី​ប្រកួត​ប្រជែង​រក​តម្លៃ​ថោក​ដែល​អាច​ផ្ដល់​សេវា​នេះ ដល់​ពលរដ្ឋ​បាន៖ «រឿង​នេះ​វា​អាច​ចាប់​ផ្ដើម​ក្ដៅ បើ​សិន​អត់មាន​ការ​ផ្អាក​ការ​ទៅ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ទាំង​ម៉ូតូ និង​រថយន្ត ព្រោះ​យើង​ដឹង​ហើយ​ថា រដ្ឋ​អត់​មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​មធ្យោបាយ​ហ្នឹង ក្នុង​រយៈពេល​ដ៏​គំហុក​ហ្នឹង​បាន​ទេ»

អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ស្ដីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស និង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ចុះ​ថ្ងៃ​ទី៨ កក្កដា ២០១៥ ដែល​តម្រូវ​ដល់​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ តទៅ ត្រង់​មាត្រា​៩​ចែង​ថា អ្នក​បើក​រថយន្ត​គ្រប់​ប្រភេទ​ដែល​គ្មាន​ប័ណ្ណ​បើកបរ ឬ​ប័ណ្ណ​បើកបរ​មិន​ត្រូវ​តាម​ប្រភេទ ឬ​ប័ណ្ណ​ដែល​ហួស​សុពលភាព នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​៣ម៉ឺន​រៀល សម្រាប់​ម៉ូតូ និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី ឯ​អ្នក​បើក​រថយន្ត​ធុន​ស្រាល​ត្រូវ​ពិន័យ​ជា​ប្រាក់​៦ម៉ឺន​រៀល ចំណែក​អ្នក​បើក​រថយន្ត​ធន់​ធ្ងន់​វិញ ត្រូវ​ពិន័យ​ជា​ប្រាក់​១២​ម៉ឺន ៥​ពាន់​រៀល។

ចំណែក​តម្លៃ​​ធ្វើ​ប័ណ្ណ​បើកបរវិញ សម្រាប់ប័ណ្ណបើកបរ​ម៉ូតូ ពលរដ្ឋត្រូវ​បង់​ប្រាក់​៧ម៉ឺន​៤​ពាន់​រៀល សម្រាប់​សុពលភាព​៥ឆ្នាំ ហើយ​ប័ណ្ណ​បើកបរ​សម្រាប់​រថយន្ត​ធុនតូច ត្រូវ​បង់​ប្រាក់​១៩​ម៉ឺន ៤​ពាន់​រៀល ដែល​មាន​សុពលភាពរហូត​១០​ឆ្នាំ។

យ៉ាងណា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ បានចេញសេចក្តីប្រកាស ​ផ្អាក​រាល់​ការ​ទទួល​ពាក្យ​សុំ​ធ្វើ​ប័ណ្ណ និង​ប្ដូរ​ប័ណ្ណ​បើកបរ​រថយន្ត និង​ម៉ូតូ​នៅ​គ្រប់​ទីតាំង​ផ្ដល់​សេវា​សាធារណៈ​របស់​ខ្លួន​ទូទាំង​ប្រទេស ដើម្បី​ទុក​លទ្ធភាព​ដល់​រដ្ឋាភិបាល សិក្សា និង​រក​ដំណោះស្រាយ​ចំពោះ​កម្រៃ​នៃ​ការ​បង់​សេវា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

សាំ សាឡួត

ពី ភ្នំពេញ

ទន្ទឹមនឹងការសាទររបស់ប្រជាពលរដ្ឋ វិធានការនេះក៏ (១) បញ្ជាក់ពីភាពទន់ខ្សោយរបស់នាយករដ្ឋមន្ត្រីហ៊ុនសែន ដែលគ្មានយន្តការការងារដឹកនាំច្បាស់លាស់ យុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ដោយម្តងសម្រេចអញ្ចេះ រួចលុបចោលវិញ និង (២)ធ្វើឱ្យថ្នាក់ក្រោមភ័យស្លន់ស្លោរក្នុងការអនុវត្តផងដែរ។

Dec 31, 2015 04:25 AM

អ្នក​អាន​អនាមិក

>. ម៉ា ប្រទេសខ្មែរ មានតែ ហ៊ុន សែន ល្អ មន្ត្រីរាជការ ថ្នាក់ក្រោម អាក្រក់ទាំងអស់ !
>.. តាមប្រជាពលរដ្ឋ សង្កេតមើល ជាយូរមកហើយ តាចាស់ ហ៊ុន សែន ធ្វើនយោបាយ លើកតម្កើងខ្លួនអែង !

Dec 30, 2015 11:50 PM

True Story

ពី Hanoi

ការផ្អាក​ និង​ពន្យាពេល​ធ្វើ​ប័ណ្ណបើកបរជាការល្អប្រសើរ។ តែមានចំងល់ពីការផ្លាស់ប្តូរប័ណ្ណបើកបរអចិន្ត្រៃយ៍ ព្រោះថាប័ណ្ណបើកបរប្រៀបបាននឹងសញ្ញាប័ត្រ វាកាន់តែយូរកាន់តែបញ្ជាក់ពីបទពិសោធន៍ រីមួយស្រុកខ្មែរបន្តិចទៀតគេតម្រូវឲ្យប្តូរសញ្ញាប័ត្រទៀត?។ រាល់ការប្តូររដ្ឋមន្ត្រីថ្មី គឺតែងតែមានការប្តូរស្លាកលេខ ប្តូរនេះប្តូរនោះមិនដែលខាន។ គួរតែកុំឲ្យប្តូរ បើនរណាល្មើសច្បាប់ចរាចរកំរិតធ្ងន់ គួរដកហូត និងកំរិតស្រាល ចោះរន្ឋ 1 រឺ 2 ជាចំណាំ បើល្មើស3 ដង ដកហូតតែម្តង។
សូមជួយផ្តល់យោបល់

Dec 30, 2015 09:30 PM

អ្នក​អាន​អនាមិក

រដ្ឋាភិបាល ហ៊ុន សែន ដឹកនាំប្រទេស របៀប ( គូ ហើយបាន គឹត ) បានជាមាន បញ្ហា មិនចេះ ចប់ !

Dec 30, 2015 07:26 PM

អ្នក​អាន​អនាមិក

ឆ្នាំ2018 សម្តេចប្រាកដជាឈ្នះ

Dec 30, 2015 07:08 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល