ស្នងការ​រាជធានី​បញ្ជា​ឲ្យ​នគរបាល​បង្កើន​ការ​បង្ក្រាប​បទល្មើស

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ នៅ​ថ្ងៃ​ទី​១ ខែ​មេសា បាន​បញ្ជា​ឲ្យ​នគរបាល​នៅ​គ្រប់​ខណ្ឌ​ទាំង ៩ នា​រាជធានី​ភ្នំពេញ បង្កើន​ការ​បង្ក្រាប​បទល្មើស​នានា​នៅ​ខែ​មេសា នេះ។ បទបញ្ជា​នេះ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ខែ​មីនា កន្លង​មក​នេះ​បាន​កើន​ឡើង​ជាង​ខែ​កុម្ភៈ កន្លង​ទៅ។
ដោយ សុខ សេរី
2013.04.01
នគរបាល ៣០៥ មន្ត្រី​នគរបាល​ចូល​រួម​ក្នុង​កិច្ចប្រជុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០១៣។
RFA/Sok Serey

របាយការណ៍​ប្រចាំ​ខែ​មីនា កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា បទល្មើស​នានា​បាន​កើត​ឡើង​ចំនួន ៨៣​លើក ក្នុង​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣​នាក់ និង​របួស ៨​នាក់ នៅ​រាជធានី​ភ្នំពេញ។ របាយការណ៍​បន្ត​ថា នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៣៧​ករណី និង​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៧៣​នាក់ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន។

ក្រៅ​ពី​នេះ នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ចំនួន ១៨​ករណី និង​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៣៦​នាក់ នៅ​ខែ​មីនា កន្លង​ទៅ​នេះ។

របាយការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ពេល​ដែល​មន្ត្រី​នគរបាល​ចំនួន​ជិត ២០០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មេសា។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​នគរបាល​ជិត ២០០​នាក់​ថា លោក​បាន​កោះ​ប្រជុំ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ជា​ច្រើន​រយ​នាក់ ចំនួន ២​លើក​បន្តបន្ទាប់​គ្នា ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​សំខាន់ៗ​បង្ក្រាប​បទល្មើស​ដែល​បាន​កើន​ឡើង​នៅ​ខែ​មីនា កន្លង​ទៅ​នេះ។

លោក ជួន សុវណ្ណ៖ «អ៊ីចឹង​ទេ បន្ទាប់​ពី​យើង​ប្រជុំ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ហើយ​មន្តអាគម​ដែល​ទើប​បាន​សិក្សា​នោះ​មិន​ទាន់​បាន​យក​ទៅ​ប្រតិបត្តិការ​ផង បញ្ហា​ប្លន់​បាន​កម្រើក​ផ្ទួនៗ​ទៀត អ៊ីចឹង​ទេ​ការ​ប្រជុំ​លើក​ទី​២ បាន​ចាប់​ផ្ដើម​ភ្លាម ដើម្បី​ពិនិត្យ​អំពី​វិធានការ​គន្លឹះ និង​យុទ្ធសាស្ត្រ​ក្នុង​ការងារ​របស់​យើង ដែល​ដាក់​ចេញ​ទៅ​ហើយ​នេះ ហេតុ​អ្វី​បង្ក្រាប​បទល្មើស​មិន​បាន?»

លោក​បាន​បញ្ជាក់​ថា នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ និង​ឆែកឆេរ​ស្លាក​លេខ​ម៉ូតូ​នៅ​ចុង​ខែ​មីនា កន្លង​ទៅ​នេះ និង​បាន​ប្រមូល​ម៉ូតូ​ចំនួន ៤៥៨​គ្រឿង ដែល​សង្ស័យ​ថា ពាក់​ស្លាក​លេខ​ក្លែងក្លាយ។ ក្នុង​នោះ​ម៉ូតូ​ចំនួន ៣៧២​គ្រឿង ត្រូវ​បាន​បញ្ជូន​មក​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ។ យុទ្ធនាការ​នេះ គឺ​ក្រោយ​ពី​ករណី​ប្លន់​ម៉ូតូ ហើយ​ជនល្មើស​បាន​ប្តូរ​ស្លាក​លេខ​ក្លែងក្លាយ​ជំនួស​វិញ។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា សីលធម៌​សង្គម​កាន់​តែ​ធ្លាក់​ចុះ រី​ឯ​ភាព​ក្រីក្រ​នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ ដូច្នេះ​ក្រុម​យុវជន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​រុញរា​ឡើយ៖ «ទាល់​តែ​យើង​កម្ចាត់​ឫស​គល់​នៃ​បញ្ហា។ សំខាន់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​ម៉េច​ឲ្យ​មាន​ការងារ​ធ្វើ ជា​ពិសេស​យុវជន​ដែល​មិន​អាច​មាន​ភាព​ផុយ​ស្រួយ មាន​ការ​ទាក់ទាញ​ពី​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ឬ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស ដូចជា​ចោរ​លួច ចោរ​ប្លន់ ចោរ​គាស់​ផ្ទះ...»

កិច្ច​ការងារ​នៅ​សេសសល់​ដែល​នគរបាល​រាជធានី​ភ្នំពេញ បន្ត​បង្ក្រាប​ទៀត​នោះ មាន​ដូចជា ការ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​លួចលាក់ និង​ទីតាំង​វីដេអូ ហ្គេម (Video Games) លួចលាក់​នៅ​ក្បែរ​សាលារៀន។ មួយ​វិញ​ទៀត នគរបាល​រាជធានី​ភ្នំពេញ បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​លក់​អាវុធ​ខុស​ច្បាប់ និង​ទីតាំង​កែច្នៃ​អាវុធ​ខុស​ច្បាប់។

នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​នោះ​ដែរ លោក​ឧត្ដមសេនីយ៍​ឯក ជួន សុវណ្ណ បាន​ក្រើន​រំលឹក​ឲ្យ​នគរបាល​នានា​នៅ​រាជធានី​ភ្នំពេញ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ខាង​មុខ​នេះ។

បទល្មើស​ដែល​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​នោះ មាន​ដូច​ជា អំពើ​ភេរវកម្ម អំពើ​លួច ឆក់ ប្លន់ វង់​ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​ការ​ដុត​ផាវ​ជាដើម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។