មន្ត្រី​ជំនាញ​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រញាប់​មក​ធ្វើ​ត្រី​ប្រហុក​ទាន់​រដូវ​ត្រី​ត្រូវ

ដោយ មាន ឫទ្ធិ
2017-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chin Chetha
ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

មន្ត្រី​ជំនាញ​ខាង​កសិកម្ម​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ខេត្ត​នានា ដែល​និយម​ធ្វើ​ត្រី​ប្រហុក ឲ្យ​រូតរះ​មក​ធ្វើ​ត្រី​ប្រហុក នៅ​តាម​ទីតាំង​នីមួយៗ ឲ្យ​បាន​ទាន់​ពេល ព្រោះ​ពេលនេះ ត្រី​ជាច្រើន​ប្រភេទ ពិសេស​ត្រី​សម្រាប់​ធ្វើ​ប្រហុក បាន​ចាប់ផ្ដើម​ត្រូវ​ជា​បណ្តើរៗ។ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ណៅ ធួក ថ្លែង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​ជាដើម នៅ​តាម​ទន្លេសាប ឬ​តាម​ឡូត៍​នេសាទ​នីមួយៗ ក្នុង​រយៈ​ពេល​១​ម៉ោង គឺ​អាច​ប្រមូល​ផល​ត្រី​បាន ចន្លោះ​ពី ៥០ ទៅ​១០០​គីឡូក្រាម ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ។

ទោះ​យ៉ាង​នេះ​ក្តី លោក ណៅ ធួក ឲ្យ​ដឹង​ថា តម្លៃ​ត្រី​ប្រហុក នៅ​មាន​តម្លៃ​ខ្ពស់​ជាង​កាលពី​ឆ្នាំមុន។ អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល​មួយ​ចំនួន​បាន​ប៉ាន់ប្រមាណ​ថា ទិន្នផល​ត្រី​ឆ្នាំនេះ​អាច​នឹង​ថយ​ចុះ និង​មានតម្លៃ​ខ្ពស់ ដោយសារ​ទឹកទន្លេ​រាក់ ដែល​មិន​អាច​ឡើង​លិច​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង​កូន​ឲ្យ​ច្រើន​នោះ​ទេ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រទេស​កម្ពុជា កំពុង​រង​នូវ​ឥទ្ធិពល​ចុះ​ត្រជាក់​ខ្លាំង នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ប្រជា​នេសាទ​រស់នៅ​តំបន់​ច្រាំងចំរេះ រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​នេះ​ត្រី​បាន​ចាប់ផ្ដើម​ត្រូវ និង​ធ្វើដំណើរ​ចុះ​មក​តាម​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេសាប នាំ​ឲ្យ​ការ​ប្រមូល​ផល​ត្រី​កាន់តែ​ទទួល​បាន​ផល​ច្រើន។

ពួកគេ​ថា​ប្រសិនបើ​អាកាសធាតុ​បាន​ប្រែប្រួល​ទៅជា​អួអាប់​វិញ ឬ​មាន​ភ្លៀង​ធ្លាក់​កក់ខែ ពេលនោះ​ត្រី​នឹង​មិន​អាច​ចរាចរ​ចុះ​មក​ខ្សែទឹក​ខាងក្រោម​បាន​នោះ​ទេ ដូច្នេះ​ការ​ប្រមូល​ផល​នេសាទ​ត្រី​ក៏​នឹង​មិន​ទទួល​បាន​ផល​ច្រើន​នោះ​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ទទួល​ស្គាល់​ថា ត្រី​ប្រហុក និង​ត្រី​ច្រើន​ប្រភេទ​ទៀត បាន​ចាប់ផ្ដើម​សម្បូរ និង​បាន​នាំមក​ដាក់​លក់ នៅ​តាម​ទីផ្សារ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រី​នៅ​តែ​មាន​តម្លៃ។

ពលរដ្ឋ​ខ្លះ​និយាយ​ថា តម្លៃ​ត្រី​ប្រហុក នៅ​មាន​តម្លៃ​ខ្ពស់ មិន​អាច​ឲ្យ​ពួកគេ​មាន​ថវិកា​សម្រាប់​ចំណាយ​លុយ​ទៅ​ទិញ​ធ្វើ​ត្រី​ប្រហុក ដើម្បី​ស្តុក​ទុក​ធ្វើ​អាហារ​រួមផ្សំ ឬ​ផ្ញើ​ទៅ​ស្រុកកំណើត​បាន​នៅ​ឡើយ​ទេ នៅ​ពេល​នេះ​ព្រោះ​វា​នៅ​មាន​តម្លៃ​ខ្ពស់​នៅឡើយ។

ជា​រៀងរាល់​ឆ្នាំ​នៅ​ពេល​ដល់​រដូវ​ត្រី​ប្រហុក​ចាប់ផ្ដើម​ត្រូវ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស​រដ្ឋបាល​ជលផល តែង​បាន​ជូនដំណឹង​ជា​បន្តបន្ទាប់ ទៅ​ដល់​ពលរដ្ឋ អំពី​រដូវ​ត្រី​ត្រូវ ដើម្បី​ត្រៀមខ្លួន​មក​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​ជាដើម សម្រាប់​ស្តុក​ទុក​បរិភោគ​ប្រចាំ​ឆ្នាំ។

លោក ណៅ ធួក ឲ្យ​ដឹង​ថា រដូវ​ត្រី​ត្រូវ​នា​រដូវ​នេសាទ​ឆ្នាំនេះ នៅ​តាម​ដង​ទន្លេសាប អ្នកនេសាទ​អាច​ចាប់​ត្រី ឬ​រក​ត្រី​បាន​ច្រើន ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ។ លោក​អំពាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ជួយ​បង្ក​ភាព​ងាយស្រួល ដល់​ការ​ស្នាក់នៅ ឬ​ការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​ប្រហុក របស់​ពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​ឆ្ងាយ នៅ​ទូទាំង​ប្រទេស​កម្ពុជា កុំ​ឲ្យ​មានការ​រាំងស្ទះ ដោយ​ប្រការ​ណាមួយ​ឲ្យ​សោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល