សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

ហេង រស្មី
2020.12.24
សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ​ វូ ហៃស៊ូ( Wu Hai Zhu)​ អាយុ​ ៣១​ ឆ្នាំ ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​ ២៤​ ធ្នូ​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។
រូបថត៖​អគ្គស្នងការ​នគរ​បាល​ជាតិ

ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​ ២៤​ ធ្នូ​ ថា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​។​ លោក​បញ្ជាក់​ទៀត​ថា​ សមត្ថកិច្ច​កំពុង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ ដែល​បាន​ផ្ដល់​អាវុធ​ឱ្យ​ជនជាតិ​ចិន​ប្រើ​ប្រាស់៖​«សូម​អធ្យាស្រ័យ យើង​កំពុង​ធ្វើ​​នីតិ​វិធី​នេះ​បន្ត​ទៀត។ បើ​ខ្ញុំ​ប្រាប់​អស់​ ចាត់​ទុក​ថា​ ខ្ញុំ​បាន​ចូល​រួម​ចំណែក​ឱ្យ​ ជនសង្ស័យ​ពាក់​ព័ន្ធ​អាវុធ​ រត់​គេច​ខ្លួន​។​សូម​អធ្យាស្រ័យ​ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការ​ត​ទៀត។»

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​​២៤​ ធ្នូ​ បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ​ វូ ហៃស៊ូ( Wu Hai Zhu)​ អាយុ​ ៣១​ ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ ១​ សង្កាត់​លេខ​៣​ ក្នុង​ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​។ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នោះ​ ហើយ​ក៏​ឆែក​រក​ឃើញ​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​ដើម និង​គ្រាប់​មួយ​ចំនួន​ទៀត។​

លោក​ជួន ណារិន​ បញ្ជាក់​ថា​ ជនសង្ស័យ​កំពុង​សាក​សួរ​នៅ​ឡើយ​ ថា​តើ​ការ​កាន់​កាប់​អាវុធ​នោះ​ក្នុង​គោល​បំណង​អ្វី​ មុន​នឹង​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។​

ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជនជាតិ​ចិន​នេះ​ដែរ​ កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ១៦​ ធ្នូ​ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ៣​ នាក់​ ពី​បទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ក្រោយ​ពី​សមត្ថកិច្ច​ បាន​ឆែក​ឆេ​ រថយន្ត​មួយ​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ នៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ ក្រុង​ភ្នំពេញ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ចុង​​ឆ្នាំ​២០២០​ មាន​ជនជាតិ​ចិន​ជិត​ ៣០០​នាក់​ ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ចាប់​ជំរិត​ ចោរកម្ម​ កាន់​កាប់​អាវុធ​ខុស​ច្បាប់​ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ទៅ​លើ​ជនជាតិ​ចិន​ដូ​ច​គ្នា៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។​​​

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។