អ្នក​ជំនាញ​ចង់​ឱ្យ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​មជ្ឈមណ្ឌល​វប្បធម៌-​សន្តិភាព​សម្រាប់​អាស៊ី

ដោយ ហង្ស សាវយុត
2015-09-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​រង់ចាំ​ថត​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​រង់ចាំ​ថត​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Hang Savyouth

គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ចការ​ប្រាសាទ​ព្រះវិហារ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC) និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជួប​ប្រជុំ​ក្រុម​អ្នក​បច្ចេកទេស​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា កន្លង​ទៅ ដើម្បី​រៀបចំ​ផែនការ​អភិរក្ស​ប្រាសាទ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​មួយ​នេះ ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង ព្រម​ទាំង​ការពារ​តំបន់​ធម្មជាតិ​នៃ​ទ្រនាប់​ឧទ្យាន​របស់​ប្រាសាទ​នេះ​ផង​ដែរ។

ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា និង​ថៃ ដែល​ធ្លាប់​តែ​មាន​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ រហូត​ដល់​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជា​ច្រើន​លើក ក៏​បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ដើម្បី​រៀបចំ​ឱ្យ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្បត្តិ​មនុស្ស​ជាតិ​នេះ​ជាមួយ​គ្នា​ដែរ។

មន្ត្រី​កម្ពុជា ឱ្យ​ដឹង​ថា ទាំង​រដ្ឋាភិបាល និង​ក្រុម​អ្នក​ជំនាញ​របស់​អន្តរជាតិ កំពុង​ចង់​ឱ្យ​តំបន់​ប្រាសាទ​ព្រះវិហារ ក្លាយ​ទៅ​ជា​ច្រក​វប្បធម៌ និង​សន្តិភាព​សម្រាប់​តំបន់​អាស៊ី នៅ​ពេល​អនាគត។

អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ គឺ​លោក គង់ ពុទ្ធិកា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា ថា ក្រៅ​ពី​ក្រុម​ការងារ​បច្ចេកទេស​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​រៀបចំ​គម្រោង និង​ផែនការ​ជួសជុល​គោបុរៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ដែល​ទ្រុឌទ្រោម​ខ្លាំង​នោះ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ទស្សនៈ​វិស័យ​ចង់​ជំរុញ​ឱ្យ​ប្រាសាទ​ព្រះវិហារ ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​វប្បធម៌ និង​សន្តិភាព សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល នៅ​ពេល​អនាគត។

លោក គង់ ពុទ្ធិកា រំពឹង​ទុក​ថា មជ្ឈមណ្ឌល​វប្បធម៌ និង​សន្តិភាព​ដ៏​សំខាន់​មួយ អាច​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ពេល​អនាគត៖ «តាម​រយៈ​ការ​ពិភាក្សា​ម្សិលមិញ យើង​បាន​ទទួល​ការ​គាំទ្រ​ពី​អង្គប្រជុំ ហើយ​គំនិត​ហ្នឹង យើង​នៅ​តែ​ធ្វើ​ការងារ​បន្ត​ទៀត គឺ​ត្រូវ​សិក្សា​ពី​គម្រោង​ថា តើ​ត្រូវ​រៀបចំ​ផែនការ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​សម្រេច​បាន​គោលដៅ​នេះ»

​ការ​បង្ហាញ​ទស្សនៈ​វិស័យ​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​នៃ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ចការ​ប្រាសាទ​ព្រះវិហារ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា កន្លង​ទៅ។

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ លោក សួស យ៉ារ៉ា មាន​ប្រសាសន៍​ថា ក្រុម​អ្នក​បច្ចេកទេស​ក្រៅ​តែ​ពី​ជជែក​អំពី​ផែនការ​ការពារ និង​អភិរក្ស ជួសជុល​ប្រាសាទ​ព្រះវិហារ និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​ជុំវិញ ក៏បាន​គិត​ទៅ​ដល់​បញ្ហា​ប្រជាពលរដ្ឋ​ឱ្យ​រស់​នៅ​ក្នុង​កម្រិត​ដែល​មាន​ស្ថិរភាព និង​សន្តិភាព​ដែរ៖ «ដើម្បី​ព្រះវិហារ ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​តំបន់​នៃ​សាមគ្គីភាព គឺ​យើង​បាន​លើក​គំនិត​មួយ​ថា នឹង​បង្កើត​ឱ្យ​មាន​ច្រក​នៃ​វប្បធម៌ មក​ប្រទេស​អាស៊ី។ អ៊ីចឹង​ពាក្យ​នេះ ត្រូវ​បាន​ស្នើ​ដោយ​សហប្រធាន​ចិន ជាមួយ​នឹង​ប្រធាន​មហា​សន្និបាត​របស់​អង្គការ​យូណេស្កូ (UNESCO)»

​ចាប់​តាំង​ពី​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ បាន​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ មក គឺ​ប្រទេស​ថៃ បាន​បង្ក​បញ្ហា​ជម្លោះ​ព្រំដែន​នៅ​ជិត​តំបន់​ព្រះវិហារ ជាមួយ​កម្ពុជា ហើយ​បាន​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​លើក​ចាប់​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១២។

​ក៏ប៉ុន្តែ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-​ថៃ បាន​ស្ងប់ស្ងាត់​រយៈពេល ៣​ឆ្នាំ​មក​នេះ បន្ទាប់ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ (ICJ) បាន​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា តំបន់​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល