ពលរដ្ឋនៅខេត្តព្រះសីហនុធ្វើពិធីបុណ្យគោរពវិញ្ញាណក្ខន្ធជូនសពបណ្ឌិត កែម ឡី
2016.07.15
ប្រជាពលរដ្ឋខេត្តព្រះសីហនុ និមន្តព្រះសង្ឃធ្វើពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា និងគោរពវិញ្ញាណក្ខន្ធជូនសពលោកបណ្ឌិត កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា។
ឃាតកម្មលើរូបបណ្ឌិត កែម ឡី ត្រូវមន្ត្រីគណបក្សនយោបាយ មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ ពិសេសក្រុមយុវជន បង្ហាញអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយចំពោះការបាត់បង់បញ្ញវន្ត ដែលជាវីរជនស្នេហាជាតិ ហ៊ាននិយាយរិះគន់ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល កាលពេលរូបគាត់នៅមានជីវិត។
អ្នករស់នៅខេត្តព្រះសីហនុ មានមន្ត្រីគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល មន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិសេសយុវជន បង្ហាញការសោកស្ដាយចំពោះការបាត់បង់ លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនៅកម្ពុជា។ ពួកគេទាំងនោះ ខ្លះបានធ្វើពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា និងធ្វើដំណើរទៅវត្តអារាមនានា ដើម្បីដុតធូបគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី ដោយបួងសួងឲ្យបានដល់សុគតិភព។
សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តនេះ លោក សុខ សាវាទ មានប្រសាសន៍ថា ដើម្បីជាការគោរពដឹកគុណដល់លោកបណ្ឌិត កែម ឡី វីរជនស្នេហាជាតិ សមាជិកគាំទ្របក្សខ្លួនបាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តឧទ្ទិសកុសលបុណ្យ និងគោរពវិញ្ញាណក្ខន្ធដល់រូបលោកនាទីស្នាក់ការគណបក្ស កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា។
លោក សុខ សាវាទ សោកស្ដាយចំពោះការបាត់បង់ធនធានមនុស្ស និងជាបញ្ញវន្តម្នាក់ ដែលមានចំណេះដឹងខ្ពស់ និងហ៊ានរិះគន់នូវចំណុចអសកម្មទាំងឡាយរបស់រដ្ឋាភិបាលពេលគាត់នៅមានជីវិត៖ «បាត់បង់រូបលោកបណ្ឌិត កែម ឡី នេះគឺជាការបាត់បង់ធនធានមនុស្ស ឬបញ្ញវន្តដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋទាំងមូល។ គុណតម្លៃដ៏ឧត្តុង្គគ្នា និមន្តព្រះសង្ឃធ្វើពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា និងគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសកុសលដល់រូបលោកសូមឲ្យបានដល់ឋានស្ងប់»។
ស្រដៀងគ្នាដែរ អាជីវកររស់នៅខេត្តព្រះសីហនុ មួយចំនួនក៏បង្ហាញអារម្មណ៍ក្រៀមក្រំ និងសោកស្ដាយមិនដាច់ពីមាត់ចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យនៅកម្ពុជា។ ពួកគេចាត់ទុកការស្លាប់របស់បណ្ឌិត កែម ឡី ថា ជាការបាត់បង់ធនធានមនុស្សដែលហ៊ានរិះគន់ចំៗ ទៅលើចំណុចអវិជ្ជមានដែលកើតមាននៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន៖ «ខ្ញុំសោកស្ដាយណាស់! ការបាត់បង់បណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមឯករាជ្យ មានថ្មីមាត់ និងហ៊ាននិយាយរិះគន់ចំៗ ទៅលើចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល ដើម្បីឈានដល់កែលំអចំណុចខ្វះខាតទាំងនោះ»។
យុវជន គឹម ប៊ុនធឿន ស្ថិតក្នុងចំណោមយុវជន និងប្រជាពលរដ្ឋច្រើនទៀត នាខេត្តព្រះសីហនុ ក៏បង្ហាញការក្ដុកក្ដួល និងសោកស្ដាយចំពោះការបាត់បង់អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យ គឺលោកបណ្ឌិត កែម ឡី នេះដែរ។ យុវជនជនរូបនេះចាត់ទុកការស្លាប់នេះថា ជាការបាត់បង់វីរជនស្នេហាជាតិពិតប្រាកដរបស់កម្ពុជា ដែលហ៊ាននិយាយរិះគន់មិនសំចៃមាត់អំពីចំណុចខ្វះខាតកំពុងកើតមានក្នុងសង្គមកម្ពុជា៖ «គាត់ជាបណ្ឌិតម្នាក់ មានភាពក្លាហាន និងហ៊ាននិយាយវិភាគនូវការពិតជាក់ស្ដែងដែលកំពុងកើតមាននៅក្នុង សង្គមកម្ពុជា បច្ចុប្បន្ន ដើម្បីផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋ និងសង្គមជាតិទាំងមូល។ ខ្ញុំសោកស្ដាយការស្លាប់ ឬការបាត់បង់លោកបណ្ឌិត កែម ឡី ជាពន់ពេករកអ្វីប្រៀបផ្ទឹមមិនបានទេ»។
ចំណែកមន្ត្រីសម្របសម្រួល និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ និងលោក អ៊ុប សុវណ្ណចាន់ថន មានការរន្ធត់ កាលបើទទួលបានដំណឹងថា ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា។ លោកបានបួងសួង និងចូលរួមគោរពវិញ្ញាណក្ខន្ធដល់សពបណ្ឌិត កែម ឡី ដោយក្ដីអាឡោះអាល័យ៖ «លោកបណ្ឌិត កែម ឡី តែងតែនិយាយ ឬធ្វើវិភាគជូនប្រជាពលរដ្ឋឲ្យបានយល់អំពីការវិវត្តន៍នយោបាយ និងការវិវឌ្ឍន៍សង្គម ព្រមទាំងបញ្ហាផ្សេងៗ ដែលសង្គមកម្ពុជា កំពុងតែជួបប្រទះជាដើមដើម្បីផ្ដល់ជាគំនិតដល់ប្រជាពលរដ្ឋ ពិសេសយុវជនធ្វើការពិចារណាឈានដល់រួមគ្នាអភិវឌ្ឍប្រទេសឲ្យ រីកចម្រើនទៅមុខ។ ដូច្នេះការបាត់បង់លោកបណ្ឌិត កែម ឡី នាំឲ្យប្រជាពលរដ្ឋភាគច្រើនទាំងក្នុង និងក្រៅប្រទេសមានការសោកស្ដាយជាខ្លាំង»។
ទាំងមន្ត្រីគណបក្សនយោបាយបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋភាគច្រើនបានចាត់ទុកបណ្ឌិត កែម ឡី ថាជាវីរជនស្នេហាជាតិ និងជាបុគ្គលម្នាក់បានរួមចំណែកជំរុញលើកស្ទួយឲ្យសង្គមកម្ពុជា មានការគោរពសិទ្ធិមនុស្ស និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដតាមរយៈការបណ្ដុះគំនិតពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសបណ្ដុះគំនិតក្រុមយុវជនឲ្យចេះស្រលាញ់ទឹកដី និងធនធានធម្មជាតិ៕