យុវតីខ្លះបានចាប់យកអាជីពជាអ្នកប្រដាល់សេរី ជាកីឡាវាយតប់មួយប្រភេទ ដែលប្រុសល្មមៗមិនហ៊ានចាប់យកអាជីពនេះទេ។ ក៏ប៉ុន្តែកីឡាប្រដាល់សេរីដោយកីឡាការិនីនេះ កំពុងមានប្រជាប្រិយភាព និងមានការគាំទ្រជាច្រើន ហើយតែលេចមុខលើសង្វៀនប្រដាល់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយចំនួន និងមានការគាំទ្រច្រើនទៀតផង។
តើការសម្រេចចិត្តចាប់យកអាជីពជាអ្នកប្រដាល់របស់ស្ត្រីវ័យក្មេងនៅកម្ពុជា គឺជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬក៏ជាការស្វែងរកការងារផ្សេងធ្វើពុំបាន?
ខាងក្រោមនេះជាសេចក្ដីរាយការណ៍អំពីប្រវត្តិខ្លះៗ នៃការចូលប្រឡូកវិស័យកីឡាប្រដាល់សេរីរបស់យុវតីវ័យ ១៨ឆ្នាំម្នាក់ឈ្មោះ នូវ ស្រីពៅ៖
"សំឡេងស្នូរទះដៃហ៊ោកញ្ជ្រៀវរបស់អ្នកចូលរួមទស្សនាពេលប្រកួត"៖ នេះគឺជាស្នូទះដៃគាំទ្រ និងអបអរសាទរជ័យជម្នះរបស់កីឡាការិនីប្រដាល់មួយរូប គឺកញ្ញា នូវ ស្រីពៅ មកពីក្លឹបតាឡីដំរីមានរិទ្ធ នៅលើសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន។ នៅលើសង្វៀន ឬនៅលើរេញប្រកួត ស្រីពៅ បានបង្ហាញទឹកមុខរីករាយ និងលោតហក់ពេញសង្វៀន ក្រោយចៅក្រមប្រកាសលទ្ធផលឈ្នះគូប្រកួតកាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែមីនា។
អ្នករៀបចំការប្រកួតនិងអ្នកទស្សនាបានពេញចិត្តនិងកោតសរសើរចំពោះគូប្រកួតនេះថា មានបច្ចេកទេសប្រកួត និងបញ្ចេញកម្លាំងប្រកួតពេញគ្រប់ចំនួន ៥ទឹក។ កញ្ញា នូវ ស្រីពៅ ប្រកួតជាមួយស្រីដូចគ្នា ឈ្មោះ សូយ សុធា ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។
សំឡេងអ្នករៀបចំកម្មវិធីប្រកួត៖ «កញ្ញាការិនី នូវ ស្រីពៅ នៅក្នុងបង្គោលក្រហម និងកញ្ញាការិនី សូយ សុធា ស្ថិតក្នុងបង្គោលខៀវ។ ខ្ញុំសួរឥឡូវនេះ សូមឲ្យទស្សនិកជនទះដៃអបអរសាទរទៅកីឡាការិនីរូបណា? និយាយនេះមិនមែនស្រង់ពិន្ទុនៅក្នុងការប្រកួតនេះទេ គឺស្រង់កីឡាការិនីដែលត្រូវទៅប្រទេសឡាវ»។
យុវតី នូវ ស្រីពៅ បានចុះឈ្មោះហាត់រៀនប្រដាល់សេរី ឬក្បាច់គុណបុរាណខ្មែរជាមួយលោកគ្រូ ញ៉ូវ ម៉ាក់ និងលោកគ្រូ ម៉ាក់ សុខន នៅក្លឹបតាឡីដំរីមានរិទ្ធ មានទីតាំងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅឆ្នាំ២០១២។
ស្រីពៅ បានឲ្យដឹងថា មុនពេលហក់ចូលប្រឡូក ឬចាប់យកអាជីពជាអ្នកប្រដាល់ រូបគេគឺជាអតីតកម្មការិនីម្នាក់បម្រើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅជាយរាជធានីភ្នំពេញ។
កញ្ញាឲ្យដឹងថា ពេលចាប់យកអាជីពជាអ្នកប្រដាល់រូបគេ និងមិត្តរួមអាជីពផ្សេងទៀត ត្រូវសមហ្វឹកហាត់ចំនួន ៥ម៉ោងក្នុង ១ថ្ងៃ គឺព្រឹក ២ម៉ោង និងល្ងាច ៣ម៉ោង៖ «នារីកម្ពុជា សូមឲ្យដូចខ្ញុំអ៊ីចឹង។ សូមឲ្យស្រលាញ់កីឡាប្រដាល់ដូចខ្ញុំ កុំឲ្យរើសអើងកីឡាប្រដាល់។ ធ្លាប់គេរិះគន់ដែរ ប៉ុន្តែខ្ញុំនិយាយថា អ្នកណាចង់និយាយអីនិយាយទៅ ខ្ញុំស្រលាញ់ខាងហ្នឹង។ មុនពេលហាត់ប្រដាល់ ខ្ញុំជាកម្មការិនីនៅតាមរោងចក្រ»។
មានសម្បុរស្រអែម និងសក់រួញអង្គាដី ស្រីពៅ បានឲ្យដឹងនៅមុនពេលហ្វឹកហាត់នៅក្លឹបរបស់នាងថា ការចាប់យកអាជីពប្រដាល់ គឺជាចំណង់ចំណូលចិត្តរបស់នាង និងគ្មានអ្នកពាក់ព័ន្ធណាបង្ខំ ឬណែនាំទេ។ ស្រីពៅ ឲ្យដឹងទៀតថា រូបគេធ្លាប់ឡើងសង្វៀនប្រដាល់ជិត ៣០លើកមកហើយ ហើយភាគច្រើនបានទទួលជ័យជម្នះលើគូប្រកួត។
ស្រីពៅ បញ្ជាក់ថា ទោះខ្លួនជាស្ត្រី ក៏ប៉ុន្តែមិនមានការលំបាកចំពោះការហ្វឹកហាត់ជាមួយដៃគូប្រដាល់ជាបុរសទេ។ ផ្ទុយទៅវិញ បានទទួលការយកចិត្តទុកដាក់ពីបងៗ ជាកីឡាករប្រដាល់រួមក្រុម និងត្រូវពួកគាត់ចាត់ទុកដូចជាបងប្អូនក្នុងគ្រួសារថែមទៀត។
ទោះយ៉ាងណា ស្រីពៅ ឲ្យដឹងថា រូបគេធ្លាប់ជួបបញ្ហាម្ដងម្កាលពេលហ្វឹកហាត់ ដោយសារជួបបញ្ហាសុខភាពជាធម្មជាតិរបស់ស្រីទូទៅ៖ «គាត់ជួយគ្រប់គ្នា និងជួយផ្ដល់ដំបូន្មានល្អៗ ហើយខ្ញុំធ្វើតាមគាត់។ ខ្ញុំខំប្រឹងហាត់ឲ្យបានច្រើន និងស្តាប់លោកគ្រូបង្វឹក និងធ្វើទៅតាមគ្រូ។ ខ្ញុំហាត់ជាមួយអ្នកគ្រប់គ្នា ហាត់និងសមជាមួយ អត់មានរើសអើងទេ»។

ដោយឡែក ងាកទៅលើសង្វៀនប្រកួតវិញ ស្រីពៅ ថ្លែងអះអាងថា មិនញញើតចំពោះគូប្រកួតម្ដងណាទេ ទោះបីឃើញគូប្រកួតមានមាឌធំ ឬកាយសម្បទារឹងមាំបែបណាក្តី។ កញ្ញាបញ្ជាក់ថា ភាពមិនតក់ស្លុត ឬការតាំងចិត្តជាអ្នកប្រដាល់បានរឹងមាំ បានជំរុញឲ្យរូបនាងតែងប្រកួតឈ្នះគូប្រកួតជារហូត ក្នុងរយៈពេលចុងក្រោយនេះ៖ «ឡើងទៅអត់ភ័យព្រួយអីទេ ព្រោះគិតថា វ៉ៃស៊ូទាល់តែឈ្នះ គឺនៅសង្វៀនទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ»។
ចំណែកអ្នកប្រដាល់រួមអាជីពរបស់ ស្រីពៅ នៅក្លឹបតាឡីដំរីមានរិទ្ធ សុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគេមិនរើសអើងចំពោះអ្នកប្រដាល់ជាស្ត្រីភេទទេ។ ផ្ទុយទៅវិញ ថែមទាំងបានយកចិត្តទុកដាក់ជួយបង្ហាត់ ឬផ្ដល់បច្ចេកទេស និងស្នៀតល្អៗជូន ស្រីពៅ ថែមទៀត៖ «ពេលសិស្សមកជុំគ្នា គ្រូបង្វឹកប្រាប់ទៅយើងចេះជួយគ្នា គឺមានសម ការពារ និងបញ្ហាផ្សេងទៀត។ រាប់អានគ្នាដូចបងប្អូនអ៊ីចឹង មិនថាស្រី ឬប្រុសទេ ឲ្យតែមកហាត់ជាមួយគ្នា»។
បន្ថែមលើនេះ លោកគូ្រ ញ៉ូវ ម៉ាក់ ជាគ្រូបង្វឹកប្រដាល់របស់ ស្រីពៅ នៃក្លឹបតាឡីដំរីមានរិទ្ធ។ លោកបានកោតសរសើរកញ្ញា ស្រីពៅ ដែលមានវិន័យ និងមានសីលធម៌និយាយស្តី ស្គាល់ចាស់ទុំ ជាពិសេសមានវិន័យល្អ។
គ្រូបង្រឹករូបនេះមានមោទនភាពថា សិស្សប្រដាល់ស្រីរបស់គាត់មានទេពកោសល្យប្រកួតល្អ និងស្ទើរតែរកគូប្រកួតក្នុងស្រុកពុំបាននៅពេលបច្ចុប្បន្ន។ លោករំពឹងថា នៅថ្ងៃអនាគត ទំនងជា ស្រីពៅ អាចមានឈ្មោះបោះសំឡេងក្នុងវិស័យកីឡាប្រដាល់លើអន្តរជាតិក្នុងនាមអ្នកប្រដាល់ស្រីរបស់ប្រទេសកម្ពុជា។
ទោះយ៉ាងណាលោកឲ្យដឹងថា ស្រីពៅ ក៏ធ្លាប់ទទួលរងការប្រមាថពីស្ត្រីខ្មែរគ្នាឯងចំពោះការដែល ស្រីពៅ បានចាប់យកអាជីពជាអ្នកប្រដាល់សេរី ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ឬគ្រួសារ។ ការចាប់យកអាជីពជាអ្នកប្រដាល់របស់ ស្រីពៅ ត្រូវគ្រូបង្ហាត់រូបនេះអះអាងថា អាចរកប្រាក់បានច្រើនជាងការងារជាកម្មករបម្រើការងារនៅតាមរោងចក្រ ឬតាមស្ថាប័នមួយចំនួន ហើយជាការងារត្រឹមត្រូវ។
លោកថា ក្នុង១ប្រកួតៗ តម្លៃខ្លួនរបស់កីឡាការិនីខ្មែរ ឬរបស់ ស្រីពៅ ទទួលបានជិត ៤០ម៉ឺនរៀលនៅពេលបច្ចុប្បន្ន។ នេះមិនទាន់គិតពីប្រាក់ឧបត្ថម្ភរបស់សម្បុរសជន ឬអ្នកទស្សនាទេ ដែលផ្ដល់ជូនដើម្បីលើកទឹកចិត្តផងទេ។
លោកគ្រូ ញ៉ូវ ម៉ាក់៖ «ក្មេងស្រីៗ ដែលចេះតែផ្លែផ្កានៅខាងក្រោយខ្នងថា ការងារនៅរោងចក្រ និងការងារផ្សេងៗមិនធ្វើទេ មកវ៉ៃបុក ស្តាយសាច់ណាស់! ខ្ញុំឆ្លើយថា មីនាងគ្រាន់បើជាងធ្វើស្រីខូច ហើយមានឈ្មោះល្បី។ នាងឯងដេរបានល្បីតែក្នុងក្រុមហ៊ុន ប៉ុន្តែកូនសិស្សខ្ញុំឡើងប្រដាល់នេះ ឲ្យតែយើងយល់ព្រមជាតិសាសន៍ដទៃយកទៅប្រកួតនៅប្រទេសគេឥឡូវហ្នឹង? តែយើងមិនទាន់ឲ្យ ព្រោះយើងវានៅជ្រាយ។ គីឡូអស់នេះ គឺត្រូវប៉ាន់ណាស់ នៅប្រទេសថៃ ជាដើម គឺគីឡូ ៥៧ និង ៦០»។
លោក ញ៉ូវ ម៉ាក់ បញ្ជាក់ថា សង្វៀនដែលយកចិត្តទុកដាក់លើកកម្ពស់ទៅលើស្ត្រីជាអ្នកប្រដាល់ គឺសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន។
គ្រូប្រដាល់ជើងចាស់រូបនេះ ក៏បានសំណូមពរទៅស្រីខ្មែរទូទៅ គួរបញ្ចប់ប្រើកាយវិការ ឬប្រើពាក្យសម្ដីប្រមាថ និងរើសអើងទៅលើស្ត្រីខ្មែរដូចគ្នា ដែលចាប់យកអាជីពជាអ្នកប្រដាល់តទៅទៀត និងស្នើឲ្យចូលរួមលើកកម្ពស់វិស័យនេះនៅថ្ងៃអនាគត។
ដូចគ្នាដែរ សម្រាប់លោកគ្រូ ម៉ាក់ សុខន ដែលជាគ្រូបង្ហាត់ប្រដាល់កញ្ញា ស្រីពៅ ម្នាក់ទៀត ក៏មានជំនឿថា ស្រីពៅ នឹងមានឈ្មោះបោះសំឡេងក្នុងវិស័យកីឡាប្រដាល់ទាំងក្នុងនិងនៅលើឆាកអន្តរជាតិនៅពេលខាងមុខ។ គ្រូបង្វឹក ម៉ាក់ សុខន បានទទួលស្គាល់ថា ស្រីពៅ មានការព្យាយាមខ្ពស់ក្នុងការហ្វឹកហាត់ និងមានបច្ចេកទេសដើម្បីយកឈ្នះគូប្រកួត ដោយប្រើកណ្ដាប់ដៃ និងជង្គង់។
លោកគ្រូ ម៉ាក់ សុខន៖ «កីឡាការិនីស្រុកខ្មែរយើងពេលប្រកួតម្តងៗ អ្នកទស្សនាគាំទ្រច្រើន ព្រោះពុំសូវមានគូប្រកួតជាស្ត្រីលើកីឡាប្រដាល់សេរីនេះទេ។ កូនសិស្សខ្ញុំវ៉ៃពី ១០ ទៅ ២០ដងហើយក្នុងម្នាក់ៗ។ កូនសិស្សខ្ញុំអត់មានត្អូញត្អែរទេ គឺប្រុសៗហាត់ប៉ុន្មាន វាហាត់ប៉ុណ្ណឹងដែរ។ ហាត់ចូលគ្នា ចាប់គូសមជាមួយប្រុសៗ មានចាប់វ៉ៃជង្គង់ក៏ជាមួយប្រុសៗ សមដៃក៏ជាមួយប្រុសៗ»។
ក្លឹបតាឡីដំរីមានរិទ្ធ មានទីតាំងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ បច្ចុប្បន្នមានសិស្សហ្វឹកហាត់ជិត ២០នាក់ ក្នុងនោះមានសិស្សស្រីចំនួន ២នាក់។ គ្រូបង្វឹកឲ្យដឹងថា ក្លឹបនេះមិនទាន់មានសម្ភារៈសម្រាប់ផ្តល់ជូនកីឡាករហ្វឹកហាត់ឲ្យបានគ្រប់ចំនួនទេ ដោយសម្ភារៈមួយចំនួនទទួលបានការជួយទំនុកបម្រុងពីលោកចៅសង្កាត់ដង្កោ។
ទាក់ទិនវត្តមានស្ត្រីក្នុងវិស័យកីឡានេះដែរ មន្ត្រីសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឲ្យដឹងថា កំពុងបំផុស និងលើកទឹកចិត្តដល់ស្ត្រីចូលរួមក្នុងកីឡាប្រដាល់ឲ្យបានច្រើននៅថ្ងៃអនាគត។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ កម្ពុជាមានសមាគមប្រដាល់ចំនួន ១៨ និងក្លឹបប្រដាល់ជិត ៩០ក្លឹប នៅទូទាំងប្រទេស។ លោកបន្តថា មានកីឡាករ កីឡាការិនី ជាអ្នកប្រដាល់ កំពុងហ្វឹកហាត់សរុបមានចំនួនជាង ១ពាន់នាក់។ ក្នុងនោះកីឡាប្រដាល់ជាស្ត្រីមានតែជាង ២០នាក់ទេ។
លោក តែម ម៉ឺន បន្តថា បច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់កម្ពុជា កំពុងលើកទឹកចិត្តឲ្យស្រី្តចូលរួមក្នុងវិស័យកីឡាប្រដាល់ឲ្យបានច្រើនតាមរយៈការបង្កើនតម្លៃខ្លួនប្រកួត និងឧបត្ថម្ភជាសម្ភារៈផ្សេងៗ៖ «នៅក្នុងផែនការយុត្តិសាស្ត្ររបស់សហព័ន្ធហ្នឹង គឺថា នឹងខិតខំជំរុញឲ្យអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីបង្កើន ឬលើកស្ទួយស្ត្រីនៅក្នុងវិស័យកីឡាប្រដាល់ឲ្យបានច្រើន។ ទាំងក្បាច់ខ្មែរបុរាណ និងប្រដាល់សកល។ សូមឲ្យមានការចូលរួមពីស្ត្រីឲ្យបានច្រើនយើងនឹងខិតខំលើកកម្ពស់ស្ត្រីឲ្យបានច្រើននៅថ្ងៃអនាគត»។
មន្ត្រីសហព័ន្ធប្រដាល់រូបនេះបានទទួលស្គាល់ថា អ្នកប្រដាល់ជាស្ត្រីកំពុងទទួលបានការគាំទ្រច្រើនពីអ្នកនិយមទស្សនាកីឡាប្រដាល់នៅទូទាំងប្រទេស។
បញ្ហានេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានឲ្យដឹងដែរថា សព្វថ្ងៃនេះ វិស័យកីឡាកម្ពុជា កំពុងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសកីឡាស្ត្រី តែងប្រកួតឈ្នះជ័យលាភីល្អ ពេលចេញទៅប្រកួតលើឆាកអន្តរជាតិកន្លងមក។ លោកបន្តថា សព្វថ្ងៃនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានណែនាំគ្រប់សហព័ន្ធកីឡាទាំងអស់ ត្រូវបំផុស និងលើកទឹកចិត្តឲ្យស្រីចូលរួមក្នុងវិស័យកីឡាឲ្យបានច្រើនជាង ៥០ភាគរយ ចាប់ពីឆ្នាំ២០១៤ តទៅ ជាពិសេសឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីត្រៀមចេញ ប្រកួតជាលក្ខណៈអន្តរជាតិនៅថ្ងៃអនាគត។ ត្រង់ចំណុចនេះ សូមងាកទៅការប្រកួតរបស់កញ្ញា ស្រីពៅ នៅលើសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យ សប្ដាហ៍កន្លងទៅវិញម្ដង។
ស្រីពៅ ដែលមានកែវភ្នែកមុត និងចិញ្ចើមក្រាស ត្រូវបានអ្នករៀបចំការប្រកួតនៃស្ថានីយទូរទស្សន៍បាយ័នប្រកាសឲ្យត្រៀមខ្លួនចេញប្រកួតជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេសនៅមុខបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។
ការប្រកួតរបស់ ស្រីពៅ នៅលើសង្វៀនបាយ័ន មិនត្រឹមតែទទួលបានការកោតសរសើរពីអ្នករៀបចំការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏បានទទួលការគាំទ្រពីអ្នកទស្សនាដោយផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍តាមគេហដ្ឋានទៅលើទេពកោសល្យ និងបច្ចេកទេសផ្ដួលគូប្រកួត៖ «មានស្ត្រីៗ ប្រកួតប្រដាល់ច្រើនល្អមើល។ ស្រីៗវ៉ៃប្រដាល់នៅលើសង្វៀនមុននេះល្អមើលមែន និងចង់ឲ្យការប្រកួតមានច្រើនគូនៅថ្ងៃអនាគត»។
ក្រោយពីអាជ្ញាកណ្ដាលប្រកាសដឹងលទ្ធផលឈ្នះគូប្រកួតនៅលើសង្វៀនទូរទស្សន៍បាយ័ន កញ្ញា ស្រីពៅ ថ្លែងថា នឹងខំហ្វឹកហាត់ឲ្យបានច្រើនថែមទៀត ដើម្បីត្រៀមជួបគូប្រកួតសងសឹក និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសនៅថ្ងៃអនាគត។
សម្រាប់ទិសដៅនៅថ្ងៃអនាគត កញ្ញា នូវ ស្រីពៅ បានបញ្ជាក់ថា នឹងចាប់យកអាជីពជាអ្នកប្រដាល់រហូតឡើងប្រកួតនៅលើសង្វៀនលែងកើត។ ជាងនេះ ក៏មានគម្រោងចាប់យកអាជីព ឬបម្រើការងារនៅក្នុងវិស័យកីឡាប្រដាល់ជាបន្តទៀត ពេលមានវ័យចាស់ដោយងាកមកធ្វើជាអាជ្ញាកណ្ដាលចៅក្រម និងគ្រូបង្រឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។