យុវជន​សេព​គ្រឿងញៀន​កើនឡើង​នៅ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​រតនគិរី​

អ្នកភូមិ​ថា​ ​យុវជន​ខ្លះ​ធ្វើជា​កម្មករ ​ដើម្បី​រក​ប្រាក់​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​មាន​កូន​ចៅ​អ្នកភូមិ​ខ្លះ​ទៀត​បាន​ក្លាយជា​អ្នក​ញៀន​ថ្នាំ​ ​បង្ក​ផលវិបាក​ច្រើន​ដល់​សហគមន៍។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន តំណាង​ក្រុមហ៊ុន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ដោះស្រាយ​ប្រគល់​រថយន្ត​ស្ទូច​ឈើ​ដែល​សហគមន៍​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ខេត្រតនគិរី ​បារម្ភ​ពី​ការកើនឡើង​យុវជន​សេព​គ្រឿងញៀន​តាម​មូលដ្ឋាន​គ្មាន​ការអនុវត្ត​ច្បាប់​រឹងមាំ ​ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ខ្វល់ខ្វាយ​រឿង​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នោះ​ទេ បើ​ទោះបីជា​អ្នកភូមិ​បាន​ស្នើ​នៅ​ចំពោះមុខ​អាជ្ញាធរ​ក្នុង​វេទិកា​សារធារណៈ​ជា​ច្រើន​សារ​ក្តី។ ​អ្នកភូមិ​ថា​ ​យុវជន​ខ្លះ​ធ្វើជា​កម្មករ ​ដើម្បី​រក​ប្រាក់​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​មាន​កូន​ចៅ​អ្នកភូមិ​ខ្លះ​ទៀត​បាន​ក្លាយជា​អ្នក​ញៀន​ថ្នាំ​ ​បង្ក​ផលវិបាក​ច្រើន​ដល់​សហគមន៍។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ រស់នៅ​ភូមិ​គង​ធំ​ ឃុំ​ប៉ាតេ ​ស្រុក​អូរយ៉ាដាវ ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ ​ជួយ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ ​ដែល​កំពុង​ហូរ​ចូល​ទៅ​ដល់​ស្រទាប់​យុវវ័យ​ជនជាតិ​ដើម​ភាគ​តិច ​គួរឲ្យ​ព្រួយបារម្ភ​។ ​ពួកគេ​សម្គាល់​ថា រយៈពេល​ ២ឆ្នាំ​ចុងក្រោយ​នេះ​ ​យុវជន​ជនជាតិ​ដើម​ភាគ​តិច​បាន​សេព​គ្រឿងញៀន​កាន់តែ​ច្រើន​ឡើង​ ​ហើយ​នៅ​គ្រា​ដែល​ពួក​គេ​បាន​ប្រើប្រាស់​ប្រែ​ឥរិយាបថ​កោង​កាច​ និង​លួច​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​ដើម្បី​ទិញ​គ្រឿងញៀន។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ​ឈ្មោះ​ រ​ចំ ​ជង ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៩ ​កញ្ញា​ថា​ ​មន្ត្រី​នគរបាល​យុត្តិធម៌​មូលដ្ឋាន​ ​មាន​ភាព​ធូរ​លុង​ច្រើន​ក្នុង​ការអនុវត្ត​ច្បាប់​ ​ចំពោះ​ក្រុម​ក្មេង​ទំនើង​សេព​គ្រឿងញៀន​ ​និង​ ​អ្នកចែកចាយ​ដោយសារ​អំពើពុករលួយ​។ ​លោក​ថា​ ​យុវជន​ប្រើប្រាស់​គ្រឿងញៀន​ខ្លះ​បង្ហើប​ថា​ ​អ្នកចែកចាយ​គ្រឿងញៀន​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​នគរបាល​នៅ​មូលដ្ឋាន​ ​បណ្តាល​ឲ្យ​គ្រឿងញៀន​ហូរ​ចូល​ច្រើន​ក្នុង​សហគមន៍​ ​បង្ក​ផល​លំបាក​សព្វ​បែប​យ៉ាង​។ ​លោក​បន្ត​ថា​ សហគមន៍​បាន​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ជាច្រើន​ករណី​ ​ក៏ប៉ុន្តែ​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ​ ​មិន​ទាន់​ត្រូវបាន​អនុវត្ត​ច្បាប់​នៅឡើយ​ទេ៖ «ពួក​ខ្ញុំ​ជា​យុវជន​បារម្ភ​ដែរ គ្រឿងញៀន​ហូរ​ដូច​ដឹក​ទំនិញ ក្មេងៗ ខ្លះ​លួច​លុយ​ឪពុក​ម្តាយ និង​ខ្លះ​ទៀត​ធ្វើ​កម្មករ ដើម្បី​បាន​លុយ​ទិញ​គ្រឿងញៀន។ ប៉ូលិស​មិន​ខ្វល់ខ្វាយ​រឿង​ហ្នឹង​ទេ គឺ​ខ្វល់ខ្វាយ​តែ​រឿង​ឈើ​ទេ»

បុរស​ដដែល​បន្ថែម​ថា​ ​អ្នក​ប្រាស់​ប្រាស់​គ្រឿងញៀន​ខ្លះ គឺ​អ្នកដឹក​ឈើ​តាម​ម៉ូតូ​នៅ​ពេល​យប់​ ​និង​មាន​កម្មករ​ចំណាក​ស្រុក​ខ្លះ​ ​បាន​នាំគ្នា​លួច​ជក់​គ្រឿងញៀន​ជា​ញឹក​ញាប់​នៅ​តាម​ចម្ការ​។ ​លោក​បារម្ភ​ថា​ ​បាតុភាព​ប្លែក​ថ្មី​ៗ​ ​នឹង​កើត​មាន​កាន់​តែ​ច្រើន​ក្នុង​សហគមន៍​ ​រួម​មាន​ករណី​ចោរកម្ម ​និង​អសន្តិសុខ​សង្គម​ ​ប្រសិនបើ​សមត្ថកិច្ច​មិន​ប្រញាប់​បង្ក្រាប​នោះ​ទេ៖ «យើង​អត់​ជឿជាក់​លើ​សមត្ថកិច្ច។ តែ​ប៉ួលិស​ថា បើ​ចាប់​គ្រឿងញៀន​ខ្លាច​ប៉ះពាល់​ឪពុក​ម្តាយ និង​រង់ចាំ​ច្បាប់​ថ្មី​មក​សិន។ តែ​ឥឡូវ​វា​ច្រើន​ពេក​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន»

អធិការ​រង​ស្រុក​អួយ៉ាដាវ ​លោក​ ងួយ​ ដន ​ធ្លាប់​លើក​ឡើង​ក្នុង​វេទិការ​សារធារណៈ​នៅ​ចំពោះមុខ​សហគមន៍​ក្នុង​ឃុំ​ប៉ាតេ​ថា ប្រសិន​បើ​សមត្ថកិច្ច​ជំនាញ​អនុវត្ត​ច្បាប់​លើ​អ្នកប្រើប្រាស់​ ​និង​អ្នក​ចែកចាយ​គ្រឿងញៀន​គ្រប់​ជ្រុងជ្រោយ​នោះ គឺ​គ្មាន​គុក​សម្រាប់​ដាក់​នោះ​ទេ។

សហគមន៍​ប៉ាន់ប្រមាណ​ថា យុវជន​ប្រើប្រាស់​គ្រឿងញៀន មាន​អាយុ​ចាប់ពី​ ១៦​ឆ្នាំ​ ​ដល់​ ២៨​ឆ្នាំ​ ប្រមាណ​ ៧០​ភាគរយ គឺជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តាម​រយៈ​អ្នក​ចែកចាយ​មក​ពី​ក្រៅ​សហគមន៍​ ​និង​ ក្នុង​សហគមន៍​ផង។​

ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត​រស់នៅ​ភូមិ​គង​ធំ​ ឃុំ​ប៉ាតេ ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ​ប្រាប់​ថា​ ​អ្នកភូមិ​អស់​ភាព​ជឿជាក់​លើ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ ​ដោយសារ​តែ​សមត្ថកិច្ច​ខ្លះ​យល់​ញត្តិ​ឃ្លាត​ច្បាប់​ ​មិន​ហ៊ាន​បង្ក្រាប​ខ្លាច​ក្រែង​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ។ លោក​ថា ​អាណាព្យាបាល​ខ្លះ​ត្អូញ ​ពី​ផលលំបាក​ច្រើន​នៅពេល​ដែល​កូន​របស់​ខ្លួន​ញៀន​គ្រឿងញៀន​ ​បាន​ក្លាយជា​ក្មេង​ទំនើង​ ​លួច​ទ្រព្យសម្បត្តិ​ ​និង​គេច​សាលា​ជាដើម​ ​ពួកគាត់​ក៏​ចង់​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​ច្បាប់​ ​និង​ ​អប់រំ​កែប្រែ​ ​កូន​ចៅ​របស់​ពួកគេ​ដែរ៖ «បង​ប្អូន​ខ្ញុំ និង​ក្មួយ​ខ្ញុំ​ក៏​មាន​ដែរ ក្រុម​គ្រួសារ​ជិត​ផ្ទះ​ខ្ញុំ​អ្នក​ប្រើប្រាស់​ច្រើន​ដែរ។ ការ​អនុវត្ត​ច្បាប់​ហ្នឹង​មិន​តឹងរ៉ឹង​ទេ ធូរ ណា​មួយ​ក្មេង​ប្រើប្រាស់​ដូចជា​អនាធិបតេយ្យ​ពេក»

អនុ​ប៉ុស្តិ៍​នគរបាល​ឃុំ​ប៉ាតេ ​លោក​ រ​ចំ ​វ៉ច ​ទទួលស្គាល់​ថា​ ​ពិតជា​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅ​មូលដ្ឋាន​ តែ​សមត្ថកិច្ច​ខំប្រឹងប្រែង​បង្ក្រាប​បាន​ច្រើន​ករណី​កន្លងទៅ​។ ​លោក​ថា ទីតាំង​អ្នកប្រើប្រាស់​គ្រឿងញៀន​ ​នៅ​តំបន់​ឆ្ងាយៗ ខ្លះ​ក្នុង​ព្រៃ​ធំ​ទូលាយ មិន​អំណោយ​ផល​សម្រាប់​សមត្ថកិច្ច​ចុះបង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​។ លោក​បន្ថែម​ថា យន្តការ​ថ្មី ដែល​សមត្ថកិច្ច​ទើបតែ​អនុវត្ត គឺ​អញ្ជើញ​យុវជន​ទាំងអស់​នៅ​មូលដ្ឋាន​ធ្វើតេស​ទឹកនោម​រក​សារធាតុ​ញៀន ​បើ​រកឃើញ​ថា មាន​សារជាតិ​ញៀន​មែន​នោះ​ សមត្ថកិច្ច​នឹង​អនុវត្ត​នីតិវិធី​។ ​លោក​ថា វិធានការ​អប់រំ​តាម​សហគមន៍​គឺ​អាជ្ញាធរ​តែងតែ​អនុវត្ត​ជាញឹកញាប់ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿញៀន​ខុស​ច្បាប់៖ «ផ្សព្វផ្សា​តើ រៀងរាល់​ពេល​ធ្វើ​វេទិកា​ក្នុង​ភូមិ និង​ការ​ជួប​ជុំ​ជាមួយ​មេឃុំ និង​ប្រាប់​មេ​ឃុំឥឡូវ​ប៉ុស្តិ៍​ហៅ​កូន​គេ ធ្វើ​តេស្ត​ទឹក​នោម ហៅ​មក​មួយ​ភូមិ១ និង ២នាក់​សិន ដើម្បី​រក​មើល​សារ​ជាតិ​ញៀន»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម អាដហុក (Adhoc) ខេត្ត​រតនគិរី ​ឌិន ​ខន្នី មើល​មិន​ឃើញ​ថា មាន​មាត្រា​ណា​មួយ ដែល​ចែង​ពី​ការ​ដាក់​ទោស​ទណ្ឌ​ដល់​ជន​រងគ្រោះ ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន​នោះ​ទេ តែ​លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​វិធានការ​អប់រំ​កែប្រែ និង​បញ្ជូន​ជន​រងគ្រោះ​ដោយសារ​សេព​គ្រឿងញៀន​គាត់​ទៅ​មន្ទីរ​អប់រំ​កែប្រែ។ លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ជំនាញ​គួរ​តែចាត់​វិធានការ​បន្ទាន់ ចំពោះ​អ្នក​ចែកចាយ​គ្រឿងញៀន និង​អ្នក​ជូញដូរ ដើម្បី​កុំ​ឲ្យ​រីករាល​ដាលកាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ជាពិសេស​ពង្រឹង​ប្រព័ន្ធ​ការ​អនុវត្ត​ច្បាប់ និង​អប់រំ​ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត៖ «ខ្ញុំ​យល់​ឃើញ​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន ជា​ជន​រងគ្រោះ ខ្ញុំ​មើល​មិន​ឃើញ​មាន​មាត្រា​ច្បាប់​ណា​ផ្តន្ទាទោស​គាត់​ទេ អ្នក​ប្រើប្រាស់​ជា​អ្នក​រងគ្រោះ​ទ្វេ​ដង អាជ្ញាធរ​គួរ​តែ​ណែនាំ និង​បញ្ជូន​ទៅ​មន្ទីរ​កែប្រែ»

លោក ឌិន ខន្នី ​ចាត់ទុក​ឥទ្ធិពល​ការហូរ​ចូល​គ្រឿងញៀន​ទៅ​កាន់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​អសន្តិសុខ​សង្គម ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​យន្ត​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​រឹងមាំ ខណៈ​ដែល​អ្នក​ភូមិ​មាន​ការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយ។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០១៨ នេះ​បង្ហាញ​ថា មនុស្ស​ជាង ១ម៉ឺន ៥ពាន់​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លូន​ទាក់ទិន​បទល្មើស​គ្រឿងញៀន​ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៧ អំឡុង​ពេល​ដែរ ​អាជ្ញាធរ​បើក​ប្រតិបត្តិការ​ក្ដៅ​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​គ្រឿង​ញៀន។ ចំនួន​អ្នក​ជាប់​ឃុំ​កើន​ឡើង​យ៉ាង​គំហុក​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។