សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចោទ​អង្គការ​លីកាដូ​ពី​រឿង​ជំពាក់​បំណុល​ថា មិន​ត្រឹមត្រូវ

ដោយ ហេង រស្មី
2020.07.04
អំ សំអាត 2016 ៦២២ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បដិសេធ​មិន​ទទួល​យក​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​មាន​ចំណងជើង​ថា “​ការ​នាំ​ឱ្យ​មាន​ចំណាកស្រុក​៖ បទពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​ចំណាកស្រុក​ឆ្លងដែន​” ដោយ​ចាត់ទុកថា របាយការណ៍​អង្គការ​សង្គម​ស៊ីវិល រឿង​មិន​ត្រឹមត្រូវ។ ប៉ុន្តែ​លោក អំ សំអាត បាន​ថ្លែង​ការពារ​ថា អ្វី​ដែល​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​អង្គការ​លីកាដូ​សុទ្ធ​សឹង​ជា​ការ​ពិត។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាល​ថ្ងៃ​ទី​០៣ កក្កដា បាន​វាយប្រហារ​ទៅ​អង្គការ​លីកាដូ​ថា ចេញ​របាយការណ៍​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​រួម ដោយ​ផ្អែក​តែ​លើ​ផ្នែក​អវិជ្ជមាន ហើយ​ការសិក្សា​នេះ​ទៀត​សោត ក៏​មិន​អាច​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​បាន។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​លោក តាំង តុងងី ប្រាប់​អាស៊ីសេរី​ថា អង្គការ​លីកាដូ​យក​ចំណុច​អវិជ្ជមាន​មក​ពង្រីក​ផ្សព្វផ្សាយ​ធ្វើ​ឱ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ហាក់បីដូចជា​ខ្មៅ​ងងឹត។លោក​ថា ស្ថាប័ន​លោក​បាន​ចូលរួម​ខ្លាំង​មែនទែន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៖ «អ្វី​ដែល​យើង​លើក​យក​មក​បង្ហោះ​នេះ ដោយសារតែ​កន្លង​មក​ការសិក្សា​របស់​គាត់ គឺ​អត់​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទេ​ដែក​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ការ​ជឿ​ថា តើ​គាត់​ពិតជា​រក​ឃើញ​បែប​ហ្នឹង​មែន ឬ​ក៏​មាន​អ្វី​នៅ​ពីក្រោយ​ហ្នឹង។ អ៊ីចឹង​ទាក់ទង​នឹង​ការ​សិក្សា​លើក​ទី​ពីរ​របស់​គាត់ គឺ​យើង​រក​ឃើញ​អ្នក​ដែល​គាត់​សម្ភាសន៍»

កាល​ពី​ខែ​ឧសភា អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ អម​ដោយ​វីដេអូ​ខ្លី ដែល​មាន​ចំណងជើង​ថា “​ការ​នាំ​ឱ្យ​មាន​ចំណាកស្រុក​៖ បទពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​ចំណាកស្រុក​ឆ្លងដែន​”​។ ប៉ុន្តែ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​នោះ​ទេ រហូត​មក​ទល់​ពេល​នេះ។

របាយការណ៍​អង្គការ​លីកាដូ​សិក្សា​ស្រាវជ្រាវ​លើ​ពលរដ្ឋ​ចំនួន ៣០​គ្រួសារ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ គឺ​មុន​នៃ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ​-១៩ បង្ហាញ​ពីលើ​ទិដ្ឋភាព​នៃ​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ ដោយ​រក​ឃើញ​ថា ការ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើសលប់ គឺជា​កត្តា​ចម្បង​លើកទឹកចិត្ត​នាំ​ឱ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក​។ ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ខែ​ឧសភា​ឱ្យ​ដឹង​ថា សមាជិក​គ្រួសារ​ដែល​បាន​ផ្ដល់​បទ​សម្ភាស​បាន​រៀបរាប់​ថា មន្ត្រី​ឥណទាន​មួយ​ចំនួន​បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ធ្វើការ​ចំណាកស្រុក​ដែល​ជា​លក្ខខណ្ឌ​ដំបូង មុន​ពេល​ទទួល​បាន​ប្រាក់​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ។ ជាង​នេះ​ទៅ​ទៀត កម្ចី​ជាច្រើន​ផ្ដល់​ឱ្យ​ពលរដ្ឋ​ជា​លុយ​បាត​របស់​ថៃ។

របាយការណ៍​ដដែល​បង្ហាញ​ថា ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ភាគច្រើន​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​មីក្រូហិរញ្ញវត្ថុ ដោយសារ​ពួកគេ​ប្រើប្រាស់​ដីធ្លី​របស់​ពួកគេ​ធ្វើជា​ទ្រព្យ​ធានា ឬ​បញ្ចាំ​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី។ ភូមិ​នេះ ក៏​ស្ទើរតែ​គ្មាន​មនុស្ស​ពេញវ័យ​រស់នៅ គឺ​មាន​តែ​សមាជិក​គ្រួសារ​ដែល​មាន​វ័យចាស់ៗ ចាំ​មើលថែ​ក្មេង​តូចៗ​ប៉ុណ្ណោះ​។ អង្គការ​លីកាដូ​បញ្ជាក់​ថា ការ​បែកបាក់​គ្រួសារ​គឺជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ សម្រាប់​អ្នក​ដែល​ផ្ដល់​បទសម្ភាសន៍​ក្នុង​របាយការណ៍។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្ក​ការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្វី​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​គឺ ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង និង​ផល​ប៉ះ​ពាល់​ផ្ទាល់​របស់​ពលករ​ចំណាកស្រុក។

លោក​បាន​បញ្ជាក់​ថា មាន​ពលករ​ចំណាកស្រុក​រាប់​សែន​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ និង​រក​ប្រាក់​ចំណូល​សង​មីក្រូហិរញ្ញវត្ថុ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ​១៩៖ «នៅ​ក្នុង​របាយការណ៍ កាល​ពី​ខែ​ឧសភា គឺ​ជា​តថភាព​ដែល​យើង​រក​ឃើញ​ជាក់ស្ដែង ទី​១​គឺ​បទពិសោធន៍​នៃ​ចំណាកស្រុក ហើយ​និង​ការ​ចំណាកស្រុក​ដោយសារ​ការ​ជំពាក់​មីក្រូហិរញ្ញវត្ថុ។ ការ​ចំណាកស្រុក​នោះ គឺ​ដើម្បី​រក​ប្រាក់​ដើម្បី​សង​ទៅ​លើ​មីក្រូហិរញ្ញវត្ថុ​ហ្នឹង»

អាស៊ីសេរី​ក៏​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ធនាគារ​ជាតិ អ្នកស្រី ជា សិរី តាម​ទូរស័ព្ទ​ជា​ច្រើនដង កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ចំណែក​ឯ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែល​ធ្វើ​ការងារ​ផ្នែក​ពលករ​ចំណាកស្រុក​មិន​អាច​សុំ​ការ​អត្ថា​អធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ត្រូវ​បាន​បិទ។

ទាក់ទង​នឹង​របាយការណ៍​អង្គការ​លីកាដូ​នេះ​ដែរ ធនាគារ​អេស៊ីលីដា កាលពី​ថ្ងៃ​ទី​០២ កក្កដា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ចោទប្រកាន់ របាយការណ៍​របស់​អង្គការ​លីកាដូ​ដែល​ទើបតែ​ចេញ​កាលពី​ថ្ងៃទី៣០ មិថុនា ថា ជា​ការ​សរសេរ​ដោយ​ប្រយោល មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិតប្រាកដ​នៅ​កម្ពុជា ហើយ​គ្មាន​ការ​ស្រាវជ្រាវ​ប្រកបដោយ​វិជ្ជាជីវៈ​តាម​បែប​វិទ្យាសាស្ត្រ​នោះ​ទេ។

អង្គការ​លីកាដូ កាលពី​ថ្ងៃ​ទី​៣០ មិថុនា ក៏​បាន​ចេញផ្សាយ​របាយ​ការណ៍​សង្ខេប​រួម​មួយ​ផ្សេងទៀត ស្តីពី «​ភាព​ជំពាក់​បំណុល​ច្រើន​លើសលប់​ក្នុង​វិស័យ​កាត់ដេរ​» នៅ​កម្ពុជា​។ អង្គការ​នេះ​បាន​ធ្វើ​ការ​រួមគ្នា​ជាមួយ​សហព័ន្ធ​សហជីព​កម្ពុជា និង​អង្គការ​សង់ត្រាល់ ស្ទង់​មតិ​ទៅលើ​កម្មករ​-​កម្មការិនី​ចំនួន ១៦២​នាក់ មកពី​រោងចក្រ​កាត់ដេរ​ចំនួន​៣ ដែល​បាន​ព្យួរ​ការងារ​កម្មករ នៅ​ចន្លោះ​ខែ​មីនា និង​ខែ​ឧសភា។

បើ​តាម​អង្គការ​លីកាដូ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ជាង ២​លាន ៦​សែន​នាក់ កំពុង​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មាន​តម្លៃ សរុប​ជាង ១០​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជិត ៤​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ។ អង្គការ​នេះ​ថា តួលេខ​ជំពាក់​បំណុល​នេះ គឺ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ព្រោះ​ពលរដ្ឋ​ខ្មែរ​ខ្ចីបុល​ខ្ពស់​ជាង​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។