ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ​មាន​អ្នក​បោះពុម្ព​ចូលរួម​ច្រើន​តែ​អ្នកអាន​នៅ​មាន​កម្រិត​ទាប

ដោយ សេក បណ្ឌិត
2014.11.30
Share on WhatsApp
Share on WhatsApp
ពិព័រណ៍​សៀវភៅ ៦២០ សិស្ស​តូចៗ​អាន​សៀវភៅ​ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​នា​បណ្ណាល័យ​ជាតិ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Sek Bandith

ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ ឆ្នាំ​២០១៤ មានការ​ចាប់​អារម្មរណ៍​ជាច្រើន​ពី​ស្រទាប់​មហាជន ជាពិសេស​ក្រុម​យុវជន បើ​ប្រៀបធៀប​នឹង​ការ​តាំង​ពិព័រណ៍​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​កន្លង​ទៅ​នេះ។

ក្រុម​អ្នកនិពន្ធ និង​ម្ចាស់​ស្តង់​ក្នុង​ពិធី​តាំង​ពិព័រណ៍​នោះ​រំភើប​ចំពោះ​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​អ្នកខ្លះ​អះអាង​ថា ចំនួន​អ្នកអាន​នៅ​មាន​ចំនួន​ទាប​នៅឡើយ។

នៅ​ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំ​មុនៗ​ដែរ ដែល​ពិធី​ពិធី​នេះ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​នៅមុខ​បណ្ណាល័យជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ដដែល គឺ​ចាប់​ពី​ថ្ងៃ​សុក្រ​ទី​២៨ ដល់ ថ្ងៃអាទិត្យ​ទី​៣០​វិច្ឆិកា។

អ្វី​ដែល​គួរ​កត់សម្គាល់​ថ្មី​នោះ គឺ​ឆ្នាំនេះ​ម្ចាស់​ស្តង់​ចូលរួម​ច្រើនជាង​មុន និង​មាន​សៀវភៅ​ល្អៗ​ទើប​បោះពុម្ព​ថ្មីៗ​បន្ថែម​ទៀត​ជាច្រើន​ពាន់​ចំណងជើង ដែល​ត្រូវ​គេ​យក​មក​តាំង​បង្ហាញ និង​លក់​ចុះថ្លៃ​ខ្លះ​នា​ឱកាស​តាំង​ពិព័រណ៍​បី​ថ្ងៃនេះ។

សៀវភៅ​ទាំងនោះ​ភាគច្រើន​ទាក់ទង​នឹង​ការអប់រំ ប្រវត្តិសាស្ត្រ​ជាតិ និង​អន្តរជាតិ និង​សៀវភៅ​សម្រាប់​កុមារ​ជាដើម។

ប្រធានបទ​សំខាន់​សម្រាប់​ឆ្នាំនេះ​គឺ «អាន​ខ្ញុំ​..! អ្នក​យល់ដឹង​ពី​ពិភពលោក»

យុវវត្តី​ជា​ពិធីការ​នៃ​កម្មវិធី និង​ជា​អតីត​ប្រធាន​ក្លឹប​អ្នកអាន កញ្ញា សរ កែវរស្មី បញ្ជាក់​ពី​អត្ថន័យ​នៃ​ប្រធានបទ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ។

«អាន​ខ្ញុំ​..! អ្នក​យល់ដឹង​ពី​ពិភពលោក ន័យធៀប គឺ​ចង់​និយាយ​ថា​អ្នកអាន​សៀវភៅ​មួយ​ក្បាល​អ្នក​នឹង​ដឹង​ពី​ពិភពលោក ឬក៏​សង្គម​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​កាន់​តែ​ច្បាស់»

ទាក់ទង​ខ្លឹមសារ​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន​អ្នកស្រី រស់ សារូ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី ២៨ វិច្ឆិកា​ថា ការ​តាំង​ពិព័រណ៍​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​ការ​អាន​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ និង​ជា​គុណ​តម្លៃ​ពិសេស​ក្នុង​ការ​បណ្ដុះ​គំនិត​ឲ្យ​ស្រលាញ់​ការ​អាន​សៀវភៅ ទៅដល់​សាធារណជន​គ្រប់​ស្រទាប់​វណ្ណៈ៖ «ការ​អាន​សៀវភៅ​ធ្វើ​ឲ្យ​យើង​យល់ ពី​ភាព​ខុសគ្នា​នៃ​ទំនៀមទម្លាប់​វប្បធម៌ និង​របៀប​រស់នៅ​របស់​ជន​ជាតិ​នីមួយៗ​នៅ​លើ​ពិភពលោក។ សៀវភៅ​ល្អ​ផ្ដល់​នូវ​បញ្ញា​ដ៏​សម្បូរណ៍​បែប និង​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ដល់​ជីវិត...»។

អ្នកស្រី​បន្ត​ថា ចំណងជើង​សៀវភៅ​មាន​ការ​កើន​ឡើង​រៀងរាល់​ឆ្នាំ ទាំងនេះ​បញ្ជាក់​ថា វិស័យ​បោះពុម្ពផ្សាយ​នៅ​កម្ពុជា​កាន់​តែ​មាន​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ និង​ជំរុញ​ឲ្យ​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន​ខិតខំ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​តាមរយៈ​គេហទំព័រ ពី​វិស័យ​បោះពុម្ពផ្សាយ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ទៅ​សាធារណជន​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

ក្រុម​អ្នកនិពន្ធ អ្នក​បោះពុម្ពផ្សាយ ដែល​ចូលរួម​ពិព័រណ៍​លើកឡើង​នូវ​ទស្សនៈ​ថា សៀវភៅ គឺជា​បណ្ដូល​នៃ​ការអប់រំ និង​កម្សាន្ត​គ្មាន​ដែន​កំណត់។ ការ​អាន​សៀវភៅ​ច្រើន​ពង្រីក​ចំណេះ​កាន់តែ​ទូលំទូលាយ។

ទស្សនៈ​របស់​អ្នក​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ពី​សក្ដានុពល​របស់​សៀវភៅ និង​ប្រយោជន៍​នៃ​ការ​អាន។ ការ​តាំង​ពិព័រណ៍​សៀវភៅ រៀបចំ​ដោយ​បណ្ណាគារ​ជាតិ ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង អប់រំ​យុវជន និង​កីឡា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ស្ថាប័ន​ឯកជន​មួយ​ចំនួន​ទៀត។

នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា អ្នកស្រី​ខ្លូត វិបុលឡា មាន​ប្រសាសន៍ថា ការ​បោះពុម្ព​សៀវភៅ​សព្វថ្ងៃ​មានការ​កើន​ឡើង ដូច្នេះ​ស្ថាប័ន អ្នកស្រី​បាន​ព្យាយាម​រៀបចំ​ការ​តាំង​ពិព័រណ៍​សៀវភៅ​នេះ​ជា​បន្ត​បន្ទាប់មក​មាន​រយៈ​ពេល​៣​ឆ្នាំ​ហើយ ដើម្បី​លើទឹក​ចិត្ត​ដល់​អ្នកនិពន្ធ អ្នក​បោះពុម្ព៖ «ខ្ញុំ​គិត​ថា​ទីផ្សារ​សៀវភៅ​ឥឡូវ​ល្អ​ប្រសើរ បើ​ប្រៀបធៀប​ពិព័រណ៍​ទី១ មាន​អ្នកចូលរួម​តិចតួច​ទេ​គឺ ១៤​អ្នក​បោះពុម្ព តែ​ឆ្នាំនេះ​មាន​រហូត​៣៦​ស្តង់​របស់​អ្នក​បោះពុម្ព»

ទោះ​យ៉ាង​នេះ​ក្ដី អ្នកស្រី​ហាក់​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វាយ​តម្លៃ​ថា ចំនួន​អ្នកអាន​មកដល់​បច្ចុប្បន្ន​នេះ​មានការ​ថយ​ចុះ ឬ​កើន​ឡើង​ក្នុង​កម្រិត​ណា​នោះ​ទេ។

ប៉ុន្តែ​ក្រុម​អ្នក​រក​ស៊ី​បោះពុម្ព​សៀវភៅ​មួយ​ចំនួន​អះអាង​ថា វិស័យ​អាន​សៀវភៅ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​គួរ​ឲ្យ​ព្រួយបារម្ភ។

បញ្ហា​នេះ​អាច​មក​ពី​កត្តា​រួមផ្សំ​មួយ​ចំនួន​ដូចជា​បរិយាកាស​សង្គម និង​ការ​រីកចម្រើន​នៃ​សម័យ​បច្ចេកវិទ្យា។

ចំណែក​ប្រធាន​គ្រឹះស្ថានបោះពុម្ពផ្សាយ​សៀវភៅ ម៉ាញ ប៊ុក្ស (Mind Book) លោក គឹម ចាន់ណា កត់សម្គាល់​ឃើញ​ថា ក្រុម​យុវជន ឬ​អ្នកអាន​ទូទៅ​ហាក់​ទើបនឹង​ចាប់​ផ្តើម​ទទួលស្គាល់​លទ្ធផល ឬ​គុណប្រយោជន៍​នៃ​ការ​អាន​នៅ​ឆ្នាំនេះ​ទេ ប៉ុន្តែ​លោក​សង្ឃឹមថា​វិស័យ​នេះ​នឹង​វិវឌ្ឍ​ទៅមុខ​ដូច​ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកលលោក​ដែរ៖ «ជាក់ស្ដែង​កាលពី​ខ្ញុំ​ធ្វើ​ដំបូង​នៅ​ឆ្នាំ​២០០៨ គឺ​ពិបាក​លក់​មែន​ទែន ប៉ុន្តែ​ខ្ញុំ​មាន​ជំនឿ​ព្យាយាម​យូរៗ​ទៅ​ឥឡូវ​ឃើញ​ថា​គ្រាន់បើ»

ទោះ​យ៉ាងណា បញ្ហា​នេះ​ក៏​អាស្រ័យ​លើ ទឹក​ដៃ​របស់​អ្នកនិពន្ធ និង​ការ​ឲ្យ​តម្លៃ​លើ​អ្នក​ផលិត ដោយមាន​ការ​គាំទ្រ​ពេញទំហឹង​ពី​រដ្ឋាភិបាល​ទៅលើ​វិស័យ​នេះ៖ «ស្ថិត​នៅ​លើ​អ្នក​ទាំងពីរ ទី១ រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​កាត​តឹងរ៉ឹង​មួយ​លើ​កម្មសិទ្ធិបញ្ញា ដើម្បី​ការពារ​ស្នាដៃ​អ្នកនិពន្ធ និង​ការ​លើក​ទឹកចិត្ត​ដល់​អ្នកនិពន្ធ និង​អ្នក​បោះពុម្ព»

ការ​តាំង​ពិព័រណ៍​សៀវភៅ​នេះ ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ការ​បោះពុម្ព​សៀវភៅ​គ្រប់​ប្រភេទ​ជា​ភាសា​ខ្មែរ​ឬ​បរទេស ជាពិសេស​សៀវភៅ​ស្ដី​អំពី ប្រទេស​កម្ពុជា និង​សៀវភៅ​កុមារ លើកទឹកចិត្ត​កវីនិពន្ធ និង​វិចិត្រករ​ខ្មែរ គាំទ្រ​វិស័យ​ឧស្សាហកម្ម​បោះពុម្ព​នៅ​កម្ពុជា ជំរុញ​ទឹកចិត្ត​ដល់​យុវជន​ឲ្យ​ចាប់អារម្មណ៍​លើ​ការ​អាន និង​ការ​តែង​និពន្ធ ព្រមទាំង​បណ្ដុះ​ការ​ស្រលាញ់ និង​ទម្លាប់​អាន​ដល់​សាធារណជន​ទូទៅ​ទាំង​ចាស់​ទាំង​ក្មេង។

ក្រុម​អ្នកនិពន្ធ និង​បោះពុម្ព អំពាវនាវ​ឲ្យ​មានការ​ចូលរួម​លើកកម្ពស់​លើ​វិស័យ​នេះ និង​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ ឲ្យ​បាន​ច្រើន​ក្នុង​រយៈពេល​បី​នេះ​ថ្ងៃ​នា​ចុង​សប្ដាហ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។