អតីតជនភៀសខ្លួនប្រឈមការបញ្ជូនត្រលប់ទៅប្រទេសកម្ពុជាវិញ
2019.10.31
អតីតជនភៀសខ្លួនមួយរូបក្រោយសង្គ្រាមវៀតណាម លោក ថាច់ ហ្វីលីយ៉ា (Philya Thach) អាយុ ៤២ឆ្នាំ កំពុងប្រឈមនឹងការបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដែលគាត់មិនដែលធ្លាប់ស្គាល់ទាល់តែសោះកាលពីមុនមក។ លោក ហ្វីលីយ៉ា ដែលមានឪពុកម្តាយជាជនជាតិខ្មែរ តែរូបលោកបានកើតនៅក្នុងប្រទេសវៀតណាមនោះ ត្រូវបានអាជ្ញាធរអនុវត្តច្បាប់អាមេរិកឃុំខ្លួនក្នុងយុទ្ធនាការចូលឆែកឆេមួយ កាលពីដើមខែតុលានេះ។ បុរសរូបនេះត្រូវបានអាជ្ញាធរអាមេរិក ចេញបញ្ជាឱ្យបញ្ជូនត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីគាត់បានជាប់ក្នុងពន្ធនាគារអាមេរិកក្នុងពេលកន្លងមក។ លោកកំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលអប់រំកែប្រែ ក្នុងរដ្ឋតិចសាស (Texas) ដើម្បីរង់ចាំឯកសារពីរដ្ឋាភិបាលកម្ពុជា មុនពេលត្រូវបញ្ជូនចេញពីទឹកដីអាមេរិក។ កូនស្រីបុរសរូបនេះឈ្មោះ ថាច់ អាលីហ្សា (Alyssa Thach) បានប្រាប់សារព័ត៌មាន អិនប៊ីស៊ី (NBC) ថា ឪពុករបស់នាងតែងតែចូលទៅបង្ហាញខ្លួនជាប្រចាំ និងទៀងទាត់ ដល់អាជ្ញាធរអាមេរិករៀងរាល់ ២ឆ្នាំម្តង ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយមិនមានបញ្ហាអ្វីនោះឡើយ ទើបតែដើមខែតុលានេះ ទើបអាជ្ញាធរអាមេរិកបានចូលឆែកផ្ទះរបស់ឪពុកនាងក្នុងរដ្ឋកាលីហ្វញ៉ា (California) ហើយចាប់រូបលោកតែម្តង។
ក្រុមគ្រួសាររបស់លោក ហ្វីលីយ៉ា បានរត់គេចខ្លួនចេញពីរបបខ្មែរក្រហម ទៅកាន់ប្រទេសវៀតណាម។ ក្រុមគ្រួសារនេះបានរត់ភៀសខ្លួនទៅកាន់ជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ មុនពេលទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក។ លោកត្រូវបានអាជ្ញាអាមេរិកចាប់ខ្លួនចាប់ខ្លួនដាក់ពន្ធនាគារមួយឆ្នាំ ក្នុងបទល្មើសលួច និងវាយបំបែកកញ្ចក់រថយន្តនៅពេលលោកមានអាយុ ១៨ឆ្នាំ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលអាជ្ញាធរអាមេរិកចាត់ទុកថា មិនបានសហការពេញលេញជាមួយអាជ្ញាធរអាមេរិក ដោយរដ្ឋាភិបាលកម្ពុជាជារឿយៗ បានបដិសេធន៍ក្នុងការផ្តល់ឯកសារធ្វើដំណើរដល់អាជ្ញាធរអាមេរិក ក្នុងការអនុវត្តន៍ការបញ្ជូនចេញនូវពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជី។ កាលពីពេលកន្លងទៅថ្មីៗ នេះ អាជ្ញាធរអាមេរិក បានបញ្ជូនពលរដ្ឋខ្មែរចំនួន ៣៧នាក់ត្រឡប់ទៅប្រទេសកម្ពុជាវិញ។ ចាប់តាំងពីកម្ពុជា និងសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងទទួលយកពលរដ្ឋខ្មែរពីអាមេរិកត្រឡប់មកកម្ពុជាវិញ មានពលរដ្ឋខ្មែរយ៉ាងហោចណាស់ជិតមួយពាន់នាក់ហើយ ត្រូវបានអាជ្ញាធរអនុវត្តច្បាប់អាមេរិក ឬហៅកាត់ថា អាយ (ICE) បានបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
ក្រោមច្បាប់អាមេរិក អាជ្ញាធរអាចបញ្ជូនតែជនអន្តោប្រវេសន៍ណា ដែលមិនមានសញ្ជាតិអាមេរិក ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ទៅប្រទេសកំណើតវិញតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។