អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចាប់​ផ្ដើម​ផ្លាស់​ទី ជនជាតិ​វៀតណាម​រស់​នៅ​លើ​ផ្ទៃ​ទឹក​លើ​ទន្លេសាប ឲ្យ​មក​រស់​នៅ​លើ​ដី​គោក​វិញ

ដោយ សេក បណ្ឌិត
2018.10.02
ផ្ទះ​វៀតណាម កំពង់ឆ្នាំង ៨៥៥ ២០១៧ ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមយុទ្ធនាការបំលាស់ទីជនជាតិវៀតណាម រស់នៅលើផ្ទៃ​ទឹក​លើ​ទន្លេ​សាប ឲ្យមករស់លើដីគោកវិញ។ ក្រុមអ្នកឃ្លាំមើលសាទរយុទ្ធនាការនេះ ប៉ុន្ដែ ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់សិទ្ធិ ឲ្យតែជនជាតិវៀតណាម ដែលទទួលបានសញ្ជាត្តិខ្មែរស្របច្បាប់ ហើយត្រូវ​ចាប់​បញ្ជូនជនជាតិវៀតណាម ដែលមិនទាន់ទទួលបានសញ្ជាត្តិខ្មែរស្របច្បាប់ ត្រលប់ទៅប្រទេស​វៀតណាម​វិញ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មិន​ជំទាស់​​ នឹង​ការរៀបចំរបស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជុំវិញ​យុទ្ធនាការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម ឡើង​គោក​ទេ។ ប៉ុន្ដែ សង្គម​ស៊ីវិល​រូប​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​អន្ដោប្រវេសន៍ លើ​ជន​ជាតិ​វៀតណាម​ទាំង​នោះ គឺ​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​រស់​នៅ​តែ​ជន​ជាតិ​វៀតណាម​ណា ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ ដោយ​ស្រប​ច្បាប់​បាន​ហើយ ចំណែក​ជន​ជាតិ​វៀតណាម ឬ​ជន​អន្ដោប្រវេសន៍​ខុស​ច្បាប់ ត្រូវ​តែ​បញ្ជូន​ទៅ​ប្រទេស​ពួក​គេ​វិញ៖ «

សារព័ត៌មាន​គាំទ្រ​របប​ក្រុង​ភ្នំពេញ ហ្វ្រេសញូវ ស្រង់​សំដី​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះ​ផ្សាយ នៅ​ព្រឹក​ថ្ងៃ​ទី១ តុលា​ថា ដល់​វេលា​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាប់​ផ្ដើម​ផ្លាស់​ទី​ជនជាតិ​វៀតណាម ចំនួន ២​ពាន់ ៣រយ ៩៧ (.៣៩៧)​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក នៅ​តាម​ដង​ទន្លេ​សាប នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ឲ្យ​មក​នៅ​លើ​គោក​វិញ។ លោក ឈួរ ច័ន្ទឌឿន បន្ដ​ថា កន្លែង​ដែល​ជន​ជាតិ​វៀតណាម​រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ហើយ​ក្រៅ​ពី​នោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ ទៀត។

អភិបាលខេត្តរូបនេះ បន្ដទៀតថា កន្លងទៅ​នៅ​ពេល​អាជ្ញាធរ​ខេត្ត​ចេញ​សេចក្ដី​ជូន​ដំណឹង និង​នៅ​ពេល​អនុវត្ត​ការងារ​នេះ មាន​ការ​តវ៉ា​ពី​ក្រុម​ជនជាតិ​វៀតណាម ប៉ុន្ដែ​អាជ្ញាធរ​បាន​ប្រើប្រាស់​វិធានការ​រដ្ឋបាល​យ៉ាង​តឹងរឹង​បំផុត ដើម្បី​បន្ដ​អនុវត្ត​ការងារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ សម្រាប់​ទីតាំង​លើ​ដី​គោក ដែល​នឹង​ផ្លាស់​ឲ្យ​ជន​ជាតិ​វៀតណាម​ទៅ​រស់​នៅ អភិបាល​ខេត្ត​រូប​នេះ​ថា នៅ​ឆ្ងាយ​ពី​កន្លែង​ចាស់​ប្រមាណ ១គីឡូ​ម៉ែត្រ ហើយ​ខ្លះ​ទៀត ត្រូវ​កំណត់​ឲ្យ​ទៅ​រស់​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀ ដោយ​​មាន​ទំហំ​ដី ៤០ហិចតា ដែល​ផ្ដល់​ដោយ​សមាគម​វៀតណាម សហការ​ពី​ដៃគូ​ឯកជន ជួល​ឲ្យ​ពួក​គេ​រស់នៅ។

អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែមពី ជុំវិញ​ករណី​ជន​ជាតិ​វៀតណាម​ដែល​មិន​ទាន់​ទទួល​បាន​សញ្ជាត្តិ​ខ្មែរ ដោយ​ស្រប​ច្បាប់​ពី​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង​អគ្គនាយក​ផ្នែក​អន្ដោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ បាន​ទេ នៅ​ថ្ងៃ​ទី១ តុលា ដោយសារ​មិន​លើក​ទូរស័ព្ទ។

ប្រធានសមាគម​វៀតណាម​នៅ​កម្ពុជា លោក ស៊ឹម ជី មិន​ទាន់​អាច​អត្ថាធិប្បាយ​ករណី​ផ្លាស់​ទី​របស់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​ថា​យ៉ាង​ណា​ឡើយ ដោយសារ​លោក​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​ករណី​នេះ និង​ត្រូវ​ទាក់ទង​ទៅ​ខាង​សមាគម​វៀតណាម​នៅ​មូលដ្ឋាន​សិន៖ «»

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ជាង ១ពាន់ (.៤៨៦)​ខ្នង​រួច​ហើយ ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​ភូមិ​ចុងកោះ និង​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ចេញ​ឲ្យ​ផុត​ពី​ផ្ទៃទឹក​នៅ​តំបន់​អភិវឌ្ឍន៍​ច្រាំង​ទន្លេ។ ប៉ុន្ដែ មិនមែន​ការ​ផ្លាស់​ទី​ឡើង​ដី​គោក​ទេ គឺ​ផ្លាស់​ឲ្យ​ទៅ​រស់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​កន្លែង​ផ្សេង។ កាល​ណោះ អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង បាន​ប្ដេជ្ញា​ថា​ នឹង​ផ្លាស់​ទី​ជន​ជាតិ​វៀតណាម​រស់​នៅ​លើ​ផ្ទៃ​ទឹក ឡើង​គោក​ទាំង​អស់​មិន​ឲ្យ​ផុត​ឆ្នាំ​២០១៨ ទេ គឺ​ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក និង​រៀប​ចំ​ទីតាំង​ផ្ទៃ​បឹង​ទន្លេ​សាប​ ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ​ដោយ​មាន​តែ​ផែ និង​បែរ​ចិញ្ចឹម​ត្រី​របស់​អ្នក​ភូមិ​ប៉ុណ្ណោះ។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគារ សាទរ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត ដែល​ចាប់​ផ្ដើម​ផ្លាស់​ទី​ជន​ជាតិ​វៀតណាម ពី​លើ​ផ្ទៃ​ទឹក​នៃ​ទន្លេ​សាប ឲ្យ​រស់​នៅ​លើ​ដី​គោក​វិញ ដើម្បី​សោភ័ណ្ឌភាព បរិស្ថាន និង​អនាម័យ​ទឹក​ទន្លេ។ ប៉ុន្ដែ​សង្គម​ស៊ីវិល​ខេត្ត​នេះ សង្គេត​ឃើញ​ថា ជន​ជាតិ​វៀតណាម ដែល​រស់​លើ​ផ្ទៃ​ទឹក លើ​ទន្លេសាប​ទាំង​នោះ ភាគ​ច្រើន មិន​ទាន់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នៅ​ឡើយ​ទេ៖ «»

បន្ថែមពីលើគម្រោង​ផ្លាស់​ទី​ជន​ជាតិ​វៀតណាម​ចេញ​ពី​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ឆ្នាំ២០១៥ ប្រកាស​ថា អាជ្ញាធរ​កំពុង​អនុវត្ត​លើ​គម្រោង​អភិវឌ្ឍន៍​សួន​ច្បារ និង​ច្រាំង​ទន្លេ នៅ​ក្រុង​កំពង់ឆ្នាំង​ទៀត ដោយ​ប្រើ​រយៈ​ពេល ៥​ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ។ គម្រោង​នេះ សំដៅ​លើក​​កម្ពស់​សណ្ដាប់​ធ្នាប់ និង​សោភ័ណភាព​ក្នុង​ក្រុង ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ពិធី​បុណ្យ​ទន្លេ នា​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។