លោក ហ៊ុន សែន បញ្ជា​មិន​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើង​ថ្លៃ​នៅ​ឆ្នាំ​២០១៨

ដោយ មាន ឫទ្ធិ
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម្ចាស់​ផ្ទះ​ជួល​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ការងារ​ថ្លៃ​អគ្គិសនី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។
ម្ចាស់​ផ្ទះ​ជួល​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ការងារ​ថ្លៃ​អគ្គិសនី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។
Photo: RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា តម្លៃ​ផ្ទះ​ជួល​សម្រាប់​កម្មករ​រោងចក្រ​នៅ​ឆ្នាំ២០១៨ គឺ​មិន​មាន​ការដំឡើង​ឡើយ។ រីឯ​អង្គការ​សង្គម​ស៊ីវិល យល់​ថា ការ​ហាម​មិន​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នេះ នឹង​មិន​បាន​ផល​ដល់​កម្មករ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល មិន​ដោះស្រាយ​រឿង​អាមេរិក និង​សហគមន៍​អឺរ៉ុប បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា​ទេ​នោះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មី​ដល់​ម្ចាស់​ផ្ទះ​ជួល កុំ​ឲ្យ​ដំឡើងថ្លៃ​ឈ្នួល​ផ្ទះ​នៅ​ពេល ដែល​កម្មករ​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​គោល​ដល់ ១៧០​ដុល្លារ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​តំបន់​ទួលពង្រ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ លោក ហ៊ុន សែន បន្ត​ថា ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​នេះ គឺ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពួកគេ។ ដូច្នេះ​ម្ចាស់​ផ្ទះ​ជួល​មិន​ត្រូវ​ដំឡើងថ្លៃ​ផ្ទះ​តាម​ការ​ដំឡើង​ប្រាក់ខែ​នេះ​ឡើយ។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បង្គាប់​ឲ្យ​កម្មករ​រោងចក្រ​ទាំងអស់ បង់ថ្លៃ​ឈ្នួល​ផ្ទះ​តាម​តម្លៃ​ធម្មតា​ក្នុង​ឆ្នាំ​២០១៧​ប៉ុណ្ណោះ ហើយ​បើសិនជា​ម្ចាស់​ដំឡើងថ្លៃ​ផ្ទះ​ក្នុង​ឆ្នាំ​២០១៨ ទុក​ឲ្យ​លោក​ជា​អ្នក​ចេញ​ប្រាក់​ជំនួស។ «»

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ គឺ​បន្ទាប់ពី​មេដឹកនាំ​សហជីព និង​កម្មករ​រោងចក្រ បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា តម្លៃ​ផ្ទះ​ជួល​របស់​កម្មករ ត្រូវ​បាន​ម្ចាស់ផ្ទះ ជូនដំណឹង​ពី​ការ​ដំឡើង​ថ្លៃ ចន្លោះ​ពី ៥​ទៅដល់ ២០​ដុល្លារ ក្នុង ១​ខែ ចាប់ពី​ខែ​ក្រោយ​នេះ​តទៅ។ តែមួយ​ថ្ងៃ បន្ទាប់ពី​ការ​ទាមទារ​របស់​សហជីព និង​កម្មករ​នោះ ការិយាល័យ ផ្ទះ​ជួល​ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិត​បដិសេធ​ថា ការិយាល័យ​របស់​ខ្លួន​ពុំ​មាន​ការ​ទ្បើង​ថ្លៃ​បន្ទប់​ជួល សម្រាប់​កម្មករ​រោងចក្រ​នា​ឆ្នាំ​២០១៨ ខាងមុខនេះ​ទេ។

រីឯ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​​​ថា ទាក់ទង​នឹង​ការ​ដំឡើងថ្លៃ​ផ្ទះ​ជួល​នេះ គឺ​មាន​ច្បាប់​ភតិសន្យា​ពិសេស ឬ​ហៅថា​ច្បាប់​ជួល​ផ្ទះ ដែល​ត្រូវ​បាន​អនុម័ត កាលពី​ឆ្នាំ​២០១៥ ដើម្បី​បញ្ចៀស​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នានា​ស្រេច​តែ​ចិត្ត ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ។ ប៉ុន្តែ​ដោយសារ​ច្បាប់​នេះ មិន​សូវ​មាន​ឥទ្ធិពល​ទៅលើ​ម្ចាស់​ផ្ទះ ទើប​បាន​ជា​លោក ហ៊ុន សែន អំពាវនាវ​បន្ថែម​ទៀត។ លោក​ចង់​ឃើញ​មាន​ការ​ពង្រឹង និង​ការអនុវត្ត​ច្បាប់​ភតិសន្យា​ពិសេស ឬ​ជាជាង​ការ​អំពាវនាវ​របស់ លោក ហ៊ុន សែន ដដែល។

ម្យ៉ាងវិញទៀត លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​កម្មករ​រោងចក្រ​មែន​នោះ គឺ​ត្រូវតែ​ពិចារណា​ដោះស្រាយ​នូវ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត។ «»

ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សម្រេច​ផ្អាក​ជំនួយ​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។

លោក សន ជ័យ បន្ថែម​ថា ការប្រកាស​របស់​រដ្ឋាភិបាល​មិន​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នៅ​ពេល​នេះ គឺជា​ការ​ជួយ​សម្រួល​ដល់​ស្ថានភាព​រស់នៅ​របស់​កម្មករ​ផង និង​ដើម្បី​កេង​ចំណេញ​ប្រជាប្រិយភាព​នយោបាយ​ផង។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អោយ​ដឹង​ថា ខ្លួន​មាន​សមាជិក​ដែល​ជា​រោងចក្រ​កាត់ដេរ​ចំនួន ៦០០ ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ដល់​កម្មករ​ជាង ៧០​ម៉ឺន​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ស្ត្រី និង​ប្រជាពលរដ្ឋ​ប្រមាណ ២​លាន​នាក់ ព្រមទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។

កន្លងទៅ កម្មករ​រោងចក្រ​កាត់ដេរ​តែងតែ​រអ៊ូរទាំ អំពី​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន បាន​ដំឡើង​ថ្លៃឈ្នួល​ស្រេច​តែ​ចិត្ត ខណៈ​ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​បាន​ដំឡើង។ កាលពី​ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា កម្មករ​ប្រមាណ ១៥​ម៉ឺន​នាក់ ដែល​បាន​ជួល​ផ្ទះ ដើម្បី​ស្នាក់​នៅ​ពេល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

អារឿងនយោបាយប្រជាភិថុតមិនដែលបានប្រយោជន៍ដល់ពលរដ្ឋនោះទេ។

Dec 20, 2017 10:52 AM

អ្នក​អាន​អនាមិក

ចិត្តល្អ ដល់ហើយ តាចាស់ ហ៑ុន សែន ខ្ញុំ ( មិនអោយតម្លើងឈ្នួលផ្ទះនៅឆ្នាំ២០១៨ . ចាំអញ ហ៑ុន សែន បានកាន់អំណាចទៀត នៅឆ្នាំ២០១៨ តទៅ ឡើងអីឡើងទៅ ឈ្នួលផ្ទះ
ចំពោះប្រាក់ឈ្នួលកម្មករ កុំតវ៉ាឡើងទៀត ប្រយ័ត្នត្រូវថ្មោង ឬ ត្រូវគ្រាប់ )
នេះជានយោបាយបោកមួយគ្រាបណ្តោះអាសន្ត សូមប្រយ័ត្ន

Dec 20, 2017 10:09 AM

គេហទំព័រ​ទាំងមូល