អង្គការអន្តរជាតិរកឃើញថាស្ថាប័នតុលាការប៉ូលិសនិងមន្ត្រីរដ្ឋាភិបាលពុករលួយជាងគេ
2017.02.28
អង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលិស និងមន្ត្រីរដ្ឋាភិបាល ថាពុករលួយខ្លាំងជាងគេ។ ការលើកឡើងនេះ ផ្អែកលើរបាយការណ៍ស្ដីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍នេះ និងចាត់ទុកថាវាគ្រាន់តែជាការវាយប្រហាររដ្ឋាភិបាលតែប៉ុណ្ណោះ។
របាយការណ៍ស្ដីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិ ដែលធ្វើឡើងនៅប្រទេសកម្ពុជា នេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួនជាង ១ពាន់នាក់ (១.០០៣នាក់) ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។
លទ្ធផលនៃរបាយការណ៍នេះបង្ហាញថា ស្ថាប័នសាធារណៈដែលបង្កើតឡើងក្នុងគោលបំណងការពារប្រជាពលរដ្ឋដើម្បីផ្តល់យុត្តិធម៌ និងលើកកម្ពស់សិទ្ធិមនុស្ស ត្រូវបានប្រជាពលរដ្ឋមើលឃើញថា ជាស្ថាប័នដែលរំលោភអំណាច និងមុខងារទៅវិញ។ ស្ថាប័នទាំងនោះ គឺតុលាការ ប៉ូលិស និងមន្ត្រីរដ្ឋាភិបាល។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សង្កត់ធ្ងន់ថា របាយការណ៍ស្ដីពីការវាស់វែងពីអំពើពុករលួយជាសកល បង្ហាញពីទស្សនៈ និងបទពិសោធន៍របស់ម្ចាស់ឆ្នោត គួបផ្សំនឹងរបាយការណ៍សន្ទស្សន៍នៃការយល់ឃើញពីអំពីពុករលួយ មានសារសំខាន់ជាខ្លាំងក្នុងការផ្តល់នូវទស្សនទាន និងចក្ខុវិស័យដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណបក្សនយោបាយដើម្បីបង្កើតយុទ្ធសាស្ត្រ និងវិធានការដែលមានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកបន្តថា នៅពេលដែលសាធារណជនបញ្ជាក់ថា អំពើពុករលួយបានរីករាលដាលពេញក្នុងសង្គមទៅហើយនោះ ថ្នាក់ដឹកនាំក្នុងសង្គមនោះគួរតែយកចិត្តទុកដាក់លើបញ្ហាពុករលួយឲ្យបានកាន់តែខ្លាំង និងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា៖ «ពុករលួយនយោបាយ ការវិនិយោគធំៗ ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងថវិកាជាតិ ការដេញថ្លៃធ្វើលទ្ធកម្មសាធារណៈដែលមានទឹកលុយធំៗ ការប្រមូលពន្ធ ការកត់ត្រាពន្ធនាំចេញនាំចូល រឿងធំៗហ្នឹងណា គឺនៅមិនទាន់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ទេ។ ដ្បិតតែយើងមានការកើនចំណូលពន្ធដែលជាចំណុចវិជ្ជមាន ក៏ប៉ុន្តែនៅមានចំណុចចន្លោះប្រហោងដែលត្រូវបិទ ដែលត្រូវកែលំអ»។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលរបាយការណ៍នេះ ដោយចាត់ទុកថា វាគ្រាន់តែជាការវាយប្រហារមកលើរដ្ឋាភិបាល និងត្រូវបានធ្វើឡើងដើម្បីបម្រើនិន្នាការរបស់អង្គការតម្លាភាពអន្តរជាតិ តែប៉ុណ្ណោះ។ លោកថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងចំពោះការប្រឆាំងអំពើពុករលួយ ហើយកន្លងទៅ មានមន្ត្រីតុលាការ និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ៖ «អ្វីដែលលើកឡើងថា តុលាការមានអំពើពុករលួយជាងគេ ខ្ញុំយល់ឃើញថា គ្រាន់តែជាការវាយប្រហារ មិនមែនជាការស្រាវជ្រាវទេ ដ្បិតអីអង្គការតម្លាភាពនេះមិនទាន់បានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយទេ។ រាជរដ្ឋាភិបាល និងតុលាការបានរៀបចំគោលនយោបាយច្បាប់ និងយន្តការ ហើយមេធាវី និងចៅក្រមមួយចំនួនបានជាប់ពន្ធនាគារ»។
របាយការណ៍ស្ដីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ខុសគ្នាពីរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) នៅត្រង់ថា វាជាការស្ទង់មតិសាធារណជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋ ទាក់ទងនឹងអំពើពុករលួយ ចេញផ្សាយរៀងរាល់ ២ ទៅ ៣ឆ្នាំម្តង។ ចំណែកឯរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) គឺជាការយល់ឃើញរបស់អ្នកជំនាញអន្តរជាតិខាងអភិបាលកិច្ច នីតិរដ្ឋ និងធុរកិច្ច ទាក់ទងនឹងអំពើពុករលួយ ចេញផ្សាយជារៀងរាល់ឆ្នាំ។
របាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៦ (CPI) របស់អង្គការតម្លាភាពអន្តរជាតិ ដែលទើបចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០១៧ កន្លងទៅ បង្ហាញថា កម្ពុជា ទទួលបានពិន្ទុ២១ ស្ថិតក្នុងលេខរៀងទី១៥៦ ក្នុងចំណោមប្រទេស១៧៦។ លទ្ធផលនៃសន្ទស្សន៍នេះបង្ហាញថា កម្ពុជា នៅតែជាប្រទេសដែលមានអំពើពុករលួយកម្រិតខ្ពស់ ហើយនៅតែឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចំណាត់ថ្នាក់ទាបបំផុតលំដាប់ទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អង្គការតម្លាភាព ទទូចឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកំណែទម្រង់ជាលក្ខណៈរចនាសម្ព័ន្ធ និងប្រព័ន្ធក្នុងស្ថាប័នជាតិសំខាន់ៗ ដោយផ្ដោតលើកំណែទម្រង់ប្រព័ន្ធតុលាការ និងភ្នាក់ងារអនុវត្តន៍ច្បាប់ ជាពិសេសគឺការធានានូវឯករាជភាពរបស់ស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ។
ក្រៅពីនេះ អង្គការតម្លាភាព ក៏ទទូចឲ្យលុបបំបាត់ការអនុវត្តបែបបក្សពួកនិយម និងទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នសាធារណៈ អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ ព្រមទាំងលើកកម្ពស់វប្បធម៌សុចរិតភាព តម្លាភាព និងគណនេយ្យភាពក្នុងសង្គម៕