ក្រសួង​ការងារ​សម្រេច​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​ករណី​កម្មករ​ដួល​សន្លប់​តាម​រោងចក្រ

ដោយ មាន ឫទ្ធិ
2018.02.13
កម្មករ​កោះកុង ដួល​សន្លប់ ៦២២ កម្មករ​រោងចក្រ​ខេខេអិន (KKN ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ដែល​ដួល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៨។ រូបភាព៖ ប.ស.ស
រូបភាព៖ ប.ស.ស

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​បង្កើត​ក្រុមការងារ​ដំណោះស្រាយ ក្នុង​ការ​កាត់បន្ថយ ឬ​លុបបំបាត់​ករណី​ដួល​សន្លប់​របស់​កម្មករ​នៅ​តាម​រោងចក្រ។ ការ​សម្រេច​នេះ​ធ្វើឡើង​ក្រោយពេល​ណ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​រក​វិធី​ដើម្បី​លុបបំបាត់​ករណី​កម្មករ​បន្ត​ដួល​សន្លប់។

រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ផ្ដល់​បទសម្ភាសន៍​ឲ្យ​ដល់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ក្រសួង​ការងារ​បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ ដែល​ដឹកនាំ​ដោយ​ខ្លួន​លោក​ផ្ទាល់ និង​មានការ​ចូលរួម​ពី​ក្រសួង សុខាភិបាល សហជីព និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ ILO និង​អង្គការ​សុខភាព​ពិភពលោក (WHO) ជាដើម។

លោក​បន្ត​ថា អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រុមការងារ​ទាំងអស់ ដើម្បី​ពិភាក្សា និង​ផ្ដល់​ជា​មតិយោបល់​ដោយ​ធ្វើ​យ៉ាង​ណា ទប់ស្កាត់ កាត់បន្ថយ និង​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នៅ​ករណី​កម្មករ កម្មការិនី ដួល​សន្លប់។

លោក អ៊ិត សំហេង ថា ក្រសួង​ការងារ នឹង​បង្កើន​នូវ​វិធានការ​អនុវត្ត​ច្បាប់ ការ​ចុះ​អធិការកិច្ច បំណង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ករណី​ដួល​សន្លប់​នេះ កើត​ឡើងជា​បន្ត​ទៀត៖ «ឆ្នាំ​នេះ គឺ​យើង​នឹង​ខិតខំ​ធ្វើ យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្ដល់​ជំនាញ បច្ចេកទេស តើ​ត្រូវ រក​វិធី​ណា ដើម្បី​កាត់​បន្ថយ នៃ​ការ​ដួល​សន្លប់ ឲ្យ​បាន​តិច​បំផុត ឬ​មួយ​កាត់បន្ថយ​ឲ្យ​មាន​ការ​បញ្ឈប់ ឲ្យ​មិន​ឲ្យ​មាន​ការ​ដួល​សន្លប់​តែម្ដង»

កិច្ចប្រជុំ​ត្រីភាគី​នេះ ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ដើម្បី​ពិភាក្សា​រក​វិធានការ​ទប់ស្កាត់​ករណី​កម្មករ កម្មការិនី​ដួល​សន្លប់។ កិច្ចប្រជុំ​នេះ រួមមាន ភាគី​រដ្ឋាភិបាល និយោជក សហជីព និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

របាយការណ៍​របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ បាន​បង្ហាញ​ថា កម្មករ​ជិត ១.៧០០​នាក់ បាន​ដួល​សន្លប់​ក្នុង​ឆ្នាំ​២០១៧ នៅ​តាម ២២​រោងចក្រ។ មូលហេតុ​ដែល​នាំ​ឱ្យ​កម្មករ​ដួល​សន្លប់ ត្រូវ​បាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម អះអាង​ថា គឺ​ផ្ដើម​ចេញ​ពី​បញ្ហា​សុខភាព​របស់​កម្មករ​មួយ​នាក់ ឬ​ពីរ​នាក់​ដួល​សន្លប់​មុន ហើយ​បណ្ដាល​ឲ្យ​កម្មករ​ដទៃ​ឃើញ​ក៏​មាន​ការ​ភិតភ័យ ទន់ដៃទន់ជើង​តៗ​គ្នា សន្លប់​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​បន្ទាប់ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ ទាំង​សហជីព និង​កម្មករ​រោងចក្រ​ប្រតិកម្ម​ទៅ​នឹង​ការ​រក​ឃើញ​នេះ។ សហជីព​អះអាង​ថា ការ​រំលោភ​ច្បាប់​ការងារ ជាដើម​ហេតុ​ចម្បង​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​សិក្សា​ត្រួតពិនិត្យ ករណី​កម្មករ​ដួល​សន្លប់​បន្ថែម​ទៀត នៅ​ពេល​ករណី​ដួល​សន្លប់​កម្មករ​ឆ្នាំនេះ​មានការ​កើន​ឡើង។ក្រុម​សហជីព​ស្វាគមន៍​ចំណាត់​ការ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ប៉ុន្តែ​ពួកគាត់​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​នៅ​ពេល​រក​មូលហេតុ​ពិត​នៃ​ការ​ដួល​សន្លប់​នោះ​ឃើញ​ពិតប្រាកដ។

នៅមុខ​កម្មករ​ជាង ១៥.០០០​នាក់ នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ដួលសន្លប់​របស់​កម្មករ​នៅ​តាម​រោងចក្រ។ លោក ហ៊ុន សែន ប្រាប់​មន្ត្រី​លោក​ថា បើ​រក​មិន​ឃើញ​ពី​មូលហេតុ​ពិតប្រាកដ​ទេ ត្រូវ​ស្នើសុំ​អ្នក​ជំនាញ​អន្តរជាតិ​មក​ជួយ​សិក្សា​រក​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ ដើម្បី​រក​ឲ្យ​ឃើញ​ការពិត។

អគ្គលេខាធិការ​សហភាព​សហជីព​កម្ពុជា លោក ម៉ៃ សុភត្ត្រា ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ មន្ត្រី​នៃ​សហជីព​លោក​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះ។ លោក​ថា កិច្ចប្រជុំ​នៅ​ក្រសួង​ការងារ​នេះ មិនសូវ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​ពិតប្រាកដ​ទេ ព្រោះ​មន្ត្រី​នៅតែ​ដាក់​បន្ទុក ថា​ករណី​ដែល​នាំ​ឲ្យ​កម្មករ​ដួល​សន្លប់ ដោយសារ​កម្មករ​ភ័យ​តៗ​គ្នា។ សហជីព​រូប​នេះ ថា លោក​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ក្រុមការងារ​ថ្មី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នេះ​តែ​ស្នើសុំ​ឲ្យ​ក្រុម​នេះ បម្រើ ផលប្រយោជន៍​ពិតប្រាកដ​ឲ្យ​កម្មករ កុំ​បង្កើត​ឲ្យ​តែ​ល្អមើល៖ «អា​ការ​សម្រេច​បង្កើត​ក្រុម​ការងារ វា​ល្អ ហើយ ប៉ុន្តែ សូម​ឲ្យ​បង្កើត​ក្រុមការងារ ដើម្បី​ជួយ​ដល់​ក្រុម​កម្មករ មិន​មែន​បង្កើត​ឲ្យ​តែ​មាន​នោះ​ទេ សូម​បង្កើត​ដើម្បី​ការពារ​សុខភាព នឹង​ផលប្រយោជន៍​សម្រាប់​កម្មករ​ផ្ទាល់ មិនមែន​បង្កើត​ឡើង​ហើយ ក្រៅ​រឿង​ហើយ មិន​ដោះស្រាយ​នោះ​ទេ»

សហជីព​រក​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់ ដោយសារ ការ​ហូបចុក​របស់​កម្មករ​ខ្វះ​ជីវជាតិ និង​រោងចក្រ​មិន​បាន​បំពាក់​គ្រឿង​បរិក្ខារ​បច្ចេកទេស​គ្រប់គ្រាន់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។