ពលរដ្ឋរិះគន់ប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុថាបណ្ដោយឲ្យជនជាតិចិនបើកបរល្មើសច្បាប់
2017.06.01
អាណាព្យាបាល និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តព្រះសីហនុ ស្នើឲ្យកម្លាំងសមត្ថកិច្ចបង្កើនសកម្មភាពចុះត្រួតពិនិត្យឥរិយាបថរបស់អ្នកបើកបរជនជាតិចិន នៅតាមផ្លូវសាធារណៈ ដែលបើកបរក្នុងអាការៈស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានរិះគន់កម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មាននគរបាលចរាចរណ៍ផ្លូវគោក ជាដើម ដែលបានទុកបណ្តោយឲ្យជនជាតិចិន អាចបើកបរក្នុងល្បឿនលឿនល្មើសច្បាប់ចរាចរណ៍កម្ពុជា ប៉ុន្តែគ្មានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង។
ពលរដ្ឋអះអាងថា ការបើកបររបស់ជនជាតិចិន ភាគច្រើននៅតាមផ្លូវសាធារណៈនាទីប្រជុំជនក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គឺមានល្បឿនលឿន និងក្នុងអាការៈស្រវឹង ពិសេសនៅពេលរាត្រី។ ប្រជាពលរដ្ឋស្នើដល់កម្លាំងសមត្ថកិច្ច ពិសេសអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយពិនិត្យការបើកបររបស់ជនជាតិចិន នាមូលដ្ឋាននេះ។
ចំណែកអ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ទទួលស្គាល់ថា សកម្មភាពបើកបររថយន្តរបស់ជនបរទេស ពិសេសជនជាតិចិន តាមផ្លូវសាធារណៈនាទីប្រជុំជនក្រុងព្រះសីហនុ រាល់ថ្ងៃនេះ គឺមានល្បឿនលឿនពិតមែន។ អ្នកស្រីកត់សម្គាល់ថា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍កើតមាននៅពេលរាត្រី ភាគច្រើនបង្កដោយអ្នកបើកបរស្រវឹងស្រា។
អ្នកឃ្លាំមើលសង្គមរូបនេះ ស្នើឲ្យកម្លាំងសមត្ថកិច្ចជួយបង្កើនសកម្មភាពចុះត្រួតពិនិត្យទៅលើសកម្មភាពបើកបររបស់ជនបរទេស ឬជនជាតិចិន នៅតាមផ្លូវសាធារណៈ ដើម្បីជំរុញឲ្យការអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកទទួលបានផលវិជ្ជមាន និងឈានដល់កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យស្របតាមគោលនយោបាយរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត៖ «ជាពិសេសនៅពេលដែលត្រួតពិនិត្យនៅតាមដងផ្លូវ បើឃើញជនបរទេសជាអ្នកបើកបររថយន្ត ស្នើឲ្យសមត្ថកិច្ចប្រចាំការនៅតាមដងផ្លូវ ត្រូវហៅរថយន្តសង្ស័យ ជនបរទេសជាអ្នកបើកបរទាំងនោះដើម្បីត្រួតពិនិត្យ ដើម្បីឈានដល់ជំរុញឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានលទ្ធផលល្អ និងជួយការពារសុវត្ថិភាពនៅតាមដងផ្លូវ ជាពិសេសក្មេងៗ ដែលធ្វើដំណើរនៅតាមដងផ្លូវទាំងថ្មើរជើង និងការប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ»។
ទន្ទឹមគ្នានេះ អ្នកស្រី សុធារី ក៏ទទូចដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ គួរជៀសឲ្យឆ្ងាយពីសំណូកពុករលួយណាមួយ ដែលអាចឈានដល់ជួយសម្រួលឲ្យជនជាតិចិន មួយចំនួនអាចមានសិទ្ធិបើកបររថយន្ត ជាថ្នូរទទួលបានផលប្រយោជន៍អ្វីមួយ។
ឆ្លើយតបបញ្ហានេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈ លោក អ៊ី សុខា ឲ្យដឹងថា សមត្ថកិច្ចជំនាញមិនព្រងើយកន្តើយការងារចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នេះទេ។ លោកបន្តថា ការត្រួតពិនិត្យការបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវសាធារណៈរាល់ថ្ងៃនេះ គឺសមត្ថកិច្ចបានចុះពង្រឹងជាប្រចាំ ដោយមិនកំណត់ថាជនជាតិខ្មែរ ឬបរទេសនោះទេ៖ «ពាក់ព័ន្ធជនបរទេសបើកបររថយន្តដោយខ្លួនឯងនៅតាមផ្លូវសាធារណៈ នាខេត្តព្រះសីហនុ ខ្ញុំសំណូមពរដល់គណៈបញ្ជាការឯកភាពខេត្តចេញជាលិខិតស្នាមជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យសមត្ថកិច្ចពួកខ្ញុំចុះអនុវត្តការងារឲ្យស្របតាមគោលការណ៍ដែលថ្នាក់ដឹកនាំបានដាក់ចេញ។ ករណីជូនបរទេសបើកបររថយន្តគ្មានច្បាប់ ឬប័ណ្ណបើកបរនោះទេ គឺច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺមិនអនុញ្ញាតឲ្យអ្នកបើកបរទាំងអស់ មិនថាតែជនបរទេសនោះទេ ជនជាតិខ្មែរក៏តម្រូវឲ្យមានប័ណ្ណបើកបរឲ្យបានត្រឹមត្រូវដែរ»។
បើទោះជាលោក អ៊ី សុខា មិនទាន់អាចបង្ហាញតួលេខនៃគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបរជនជាតិចិន មានចំនួនប៉ុន្មានករណីនាត្រីមាសទី១ ដើមឆ្នាំ២០១៧ នេះក្តី ប៉ុន្តែលោកទទួលស្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅពេលយប់មួយចំនួន បានបង្កដោយអ្នកបើកបរជនជាតិចិន ពិតប្រាកដមែន។
ទាក់ទិនជនជាតិចិន នេះដែរ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តនេះ កាលពីយប់ថ្ងៃទី៣០ ខែឧសភា បានចាប់ខ្លួនជនជាតិចិន ចំនួន ១៣នាក់ បញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ទាប់ពីពួកគេបានប្រើអំពើហិង្សាទៅលើស្ត្រីម៉ាស្សា និងតដៃជាមួយកម្លាំងសមត្ថកិច្ចពេលចុះអន្តរាគមន៍សង្គ្រោះស្ត្រីរងគ្រោះឲ្យរួចផុតពីអំពើហិង្សា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែងនៅរសៀលថ្ងៃទី៣១ ខែឧសភា ថា សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងសាកសួរជនជាតិចិន ទាំងនេះ៖ «ឥឡូវនេះ យើងកំពុងសួរនាំ និងសម្របសម្រួលដើម្បីឲ្យប្រាកដថា មានជនជាតិចិន ប៉ុន្មាននាក់ ក្នុងចំណោម ១៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ តើមានបទល្មើសអ្វីដែលជាប់ពាក់ព័ន្ធ និងមានប៉ុន្មាននាក់ ឬមិនមានជាប់ពាក់ព័ន្ធបទល្មើសទេ គឺពេលនេះយើងកំពុងតែបូកសរុបផ្ទៀងផ្ទាត់ចម្លើយ និងប្រមូលវត្ថុតាមនៅកន្លែងកើតហេតុ ដើម្បីអនុវត្តតាមនីតិវិធីរបស់សមត្ថកិច្ច»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តព្រះសីហនុ សង្កេតឃើញថា ចាប់ពីដើមឆ្នាំ២០១៧ មក វត្តមានជនជាតិចិន មានចំនួនកើនច្រើននាមូលដ្ឋានខេត្តព្រះសីហនុ ហើយភាគច្រើននៃជនជាតិចិន ទាំងនោះ មានចរិតព្រហើន កោងកាច ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ អាចនឹងកើតមានឡើងជាថ្មីទៀត។
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា ជនជាតិចិន ដែលបង្ហាញវត្តមានច្រើននាមូលដ្ឋាននេះ គឺជាភ្ញៀវទេសចរ និងអ្នកវិនិយោគទៅលើវិស័យសំណង់អគារធំៗ រួមមានសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និងក្លឹបកម្សាន្ត ជាដើម៕