សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨​មាន​ចំនួន​ជាង​៦៦​ភាគរយ

សេក បណ្ឌិត
2018-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្សានុសិស្ស​ចេញ​ពី​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី១ នា​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៣។
សិស្សានុសិស្ស​ចេញ​ពី​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី១ នា​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA

លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​ឆ្នាំ​២០១៨ នេះ​បង្ហាញ​ថា ចំនួន​សិស្ស​ប្រឡង​ជាប់​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ជាង ៦៦​ភាគរយ ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង​១១​ម៉ឺន​នាក់។ រីឯ​សង្គម​ស៊ីវិល សម្ដែង​ការ​សាទរ និង​ស្នើ​ឲ្យ​ក្រសួង​បន្ត​ពង្រឹង​គុណភាព​អប់រំ​ទាំង​ទីប្រជុំជន និង​ជនបទ​ឲ្យ​ស្មើភាព​គ្នា ព្រមទាំង​ជួយ​ផ្តល់​មធ្យោបាយ​បណ្ដុះបណ្ដាល​ជំនាញ និង​ជម្រើស​ដល់​សិស្ស​ដែល​ធ្លាក់​បាក់​ឌុប។

អត្រា​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំង​ជាប់​និទ្ទេស​ល្អ ទាំង​មិនសូវ​ល្អ ចាប់ផ្ដើម​កើន​ឡើង​វិញ ៣​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ក្រសួង​អប់រំ បាន​ដាក់​វិធានការ​កំណែទម្រង់​វិស័យ​អប់រំ​ក្រោម​ពាក្យស្លោក «អ្នកចេះ​គឺ​ជាប់»

លទ្ធផល​ដែល​ប្រកាស​ដោយ​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា បង្ហាញ​ថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់​( ៦៣.៦៦៨​នាក់) ស្មើ​ប្រមាណ​ជិត​៧០% (៦៦,២១%) ក្នុងចំណោម​បេក្ខជន​មាន​វត្តមាន​ប្រឡង​ចំនួន​ជាង​១១ម៉ឺន​នាក់ (១១៥,២៦៨ នាក់)។ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​មាន​អ្នក​ជាប់​និទ្ទេស​អេ (A) ចំនួន​២៩០​នាក់ និទ្ទេស​ប៊ី (B) មាន​ចំនួន ១.៥៣២​នាក់ និទ្ទេស​ស៊ី (C) ចំនួន ៤.៦៣១​នាក់ និទ្ទេស​ឌី (D) ១៣.៩៩៩​នាក់ និង​និទ្ទេស​អ៊ី (E) ចំនួន ៥៤.៦០៧នាក់។ ក្នុងចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេស​អេ (A) ចំនួន ២៩០​នាក់​នោះ មាន ១៣៥​នាក់​មកពី​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប​ចំនួន​២១​នាក់ និង​ខេត្ត​កណ្តាល​១៦​នាក់ បាត់ដំបង​១៥​នាក់ តាកែវ​១៥​នាក់ កំពង់ចាម​១៣ នាក់ កំពត​១១​នាក់ ត្បូងឃ្មុំ​៩​នាក់ កំពង់ធំ​៩​នាក់ កំពង់ឆ្នាំង​៩​នាក់ បន្ទាយ​មានជ័យ​៩​នាក់ ព្រៃវែង​៨ នាក់ ក្រចេះ​៦​នាក់ ពោធិ៍សាត់​៤​នាក់ ស្វាយរៀង​៣​នាក់ កំពង់ស្ពឺ​៣​នាក់ ព្រះសីហនុ​៣​នាក់ និង​ខេត្ត រតនគិរី​១​នាក់។ ចំណែក​ខេត្ត​ចំនួន​៧​រួមមាន​ខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង កោះកុង កែប ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​ប៉ៃលិន គ្មាន​សិស្ស​ជាប់​និទ្ទេស​អេ (A) នោះ​ទេ។

ទោះយ៉ាងណា​ក្តី បេក្ខជន​ដែល​ប្រឡង​ជាប់​ឆ្នាំនេះ គឺ​មាន​ចំនួន​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន ប៉ុន្តែសិស្ស​ជាប់ និទ្ទេស A B និង​C ធ្លាក់​ចុះ​ជាង​ឆ្នាំមុន ពោល​គឺ​កើន​ឡើង​តែ​សិស្ស​ជាប់​និទ្ទេស D​និង​E​ប៉ុណ្ណោះ។

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បេក្ខជន​ទទួល​បាន​និទ្ទេស A B និង C ធ្លាក់​ចុះ គឺ​ដោយសារ​ក្រសួង​អប់រំ​បាន​បង្កើន​ស្ដង់ដារ​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹង​គុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀន​សូត្រ​ឲ្យ​កាន់តែ​មាន​ចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត។

ទន្ទឹម​គ្នា​នេះ ក្រសួង​ក៏​ប្រកាស​ដែរ​ថា​មាន​បេក្ខជន​ចំនួន ១៧​រូប​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ដោយ​សារ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង ដូចជា​ករណី​ប្រើប្រាស់​ទូរស័ព្ទ​ដៃ យក​សំណៅ​ឯកសារ និង​ម៉ាស៊ីន​គិត​លេខ​ចូល​ក្នុង​បន្ទប់​ប្រឡង រួម​ទាំង​ករណី​មាន​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ​ជាដើម។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ លើកឡើង​ថា កំណែ​ទម្រង់​អប់រំ ពិសេស​ការ​បន្តឹង​ការ​ប្រឡង​នេះ ធ្វើ​ឲ្យ​សិស្ស​ខិតខំ​រៀន​សូត្រ និង​ប្រឡង​ជាប់​ច្រើនជាង​មុន ប៉ុន្តែ​មិន​អាច​ឆ្លុះបញ្ចាំង​ទៅ​លើ​កំណែទម្រង់​គុណភាព​អប់រំ​ទាំងមូល​នោះ​ទេ។ ម្យ៉ាងទៀត ការ ជាប់​ច្រើន​បែបនេះ ក៏​នាំ​ឲ្យ​មានការ​ចោទសួរ​អំពី​ទម្ងន់​នៃ​វិញ្ញាសា​ដែរ។ លោក​បន្ត​ថា តាមរយៈ​លទ្ធផល​នេះ ក្រសួង​អប់រំ ក៏​គួរតែ​សិក្សា​ស្វែងយល់​ដែរ​ដូចជា ការ​លើកទឹកចិត្ត និង​ពង្រឹង​គុណភាព​គ្រូបង្រៀន ព្រមទាំង​ផ្តល់​ឱកាស​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ស្មើភាព​គ្នា​រវាង​ទីប្រជុំជន និង​ជនបទ ដើម្បី​ឲ្យ​កំណែទម្រង់​រឹតតែ​ទទួល​បាន​លទ្ធផល​ល្អ។ ការ​លើកឡើង​នេះ ខណៈ​លោក​មើលឃើញ​ថា ឱកាស​រៀន​សូត្រ​របស់​សិស្ស​នៅ​ជនបទ ហាក់​ដូច​ជា​នៅ​មាន​បញ្ហា​ច្រើន ព្រោះ​លទ្ធផល​បង្ហាញ​ថា​ខេត្ត​មួយ​ចំនួន គ្មាន​សិស្ស​ជាប់​និទ្ទេស​អេ៖ «ចំនួន​និទ្ទេស​នេះ វា​ខុសគ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬក៏​ខេត្ត​និង​រាជធានី​វា​មាន​ចំនួន​ច្រើនជាង គឺ​ក្រសួង​អប់រំ ទំនងជា​ត្រូវ​មើល​ទៅលើ​គម្លាត​នៃ​ការ​ឱកាស​សិក្សា​របស់​សិស្ស​ដែរ​ហើយ។ ក្រសួង​ត្រូវ​រក​មធ្យោបាយ​យ៉ាងណា​ឲ្យ​សិស្ស​មានលទ្ធភាព​ឬក៏​ឱកាស​សិក្សា​ប្រហាក់​ប្រហែល​គ្នា ទាក់ទង​នឹង​ការរៀបចំ​ឱកាស​នៅ​តាម​សាលារៀន និង​បំពាក់​នូវ​បរិក្ខារ​និង​សម្ភារៈ​សិក្សា ធ្វើ​ម៉េច​អោយ​មាន​ទម្រង់​ប្រហាក់ប្រហែល​គ្នា ទោះ​មិនសូវ​សម្បូរ​បែប​ក្ដី»

លោក សន ជ័យ ក៏​ស្នើ​ឲ្យ​ក្រសួង​អប់រំ និង​ក្រសួង​ការងារ គួរតែ​គិតគូរ​ផ្ដល់​មធ្យោបាយ ឬ​ជម្រើស​ឲ្យ​បាន​ទាន់​ពេល​វេលា​សម្រាប់​សិស្ស​ដែល​ធ្លាក់​បាក់​ឌុប ដូចជា​បណ្ដុះបណ្ដាល​ការងារ​វិជ្ជាជីវៈ និង​លើក​ទឹកចិត្ត​យ៉ាងណា​ឲ្យ​ពួកគេ​នៅតែ​បន្ត​សិក្សា ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក និង​បញ្ហា​ប្រឈម​នានា៖ «កុំ​ឲ្យ​ពួកគេ​គិត​ថា​ទាល់​តែ​មាន​សញ្ញាប័ត្រ​ទើប​ពួក​គេ​រស់​បាន គឺ​ត្រូវ​អោយ​ពួកគេ សង្ឃឹមថា ទោះ​អត់​មាន​សញ្ញាប័ត្រ​ក៏​ពួកគេ​អាច​រស់​បាន​តាមរយៈ​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ។ ជំនាញ​នេះ ទៀតសោត មិនមែន​ចេះតែ​ដាក់​ទៅតាម​ការយល់ឃើញ​នោះ​ទេ វា​គួរតែ​កើតឡើង​តាមរយៈ​ការ សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​មួយ​ដើម្បី​ប៉ាន​ប្រមាណ​នូវ​តម្រូវការ ថា​តើ​វិស័យ​ឯកជន គេ​មាន​តម្រូវការ​អាទិភាព​ទីផ្សារ​ការងារ​អ្វីខ្លះ​។ នៅ​ពេល​មានការ​សិក្សា​បែបនេះ អាច​នឹង​យក​លទ្ធផល​ទៅ​ចែក រំលែក​ទៅដល់​ស្ថាប័នរដ្ឋ​និង​ស្ថាប័ន​ឯកជន ដែល​គេ​លើកឡើង​នូវ​វគ្គ​សិក្សា​នេះ ដើម្បី​ឲ្យ​យុវជន​បាន​រៀន​សូត្រ ហើយ​និង​យកចំណេះ​ដឹង​នេះ​ទៅ​ប្រើ​ប្រាស់​អោយ​ចំ​គោលដៅ»

នេះ​ជា​ឆ្នាំ​ទី​៥ នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។ កាលពី​ឆ្នាំ​២០១៤ អត្រា​អ្នក​ប្រឡង​ជាប់​មាន ២៦​ភាគរយ ដែល​ថយ​ពី ៨០​ភាគរយ​នៅ​ឆ្នាំ​២០១៣។ ចំណែក​នៅ​បណ្ដា​ឆ្នាំ​បន្ទាប់មក អត្រា​នេះ​កើន​ឡើង​វិញ ដូចជា​នៅ​ឆ្នាំ​២០១៦ អត្រា​សិស្ស​ប្រឡង​ជាប់​មាន ៦២​ភាគរយ នៅ​ឆ្នាំ​២០១៧ នេះ អត្រា​សិស្ស​ប្រឡង​ជាប់​ជាង ៦៣​ភាគរយ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ អត្រា​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​ជាង​៦៦​ភាគរយ។

សម្រាប់​ថ្ងៃ​ទី​៩ ខែ​កញ្ញា លទ្ធផល​ប្រឡង​ត្រូវ​បាន​ប្រកាស​សម្រាប់​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ចំណែក​លទ្ធផល​សម្រាប់​ខេត្ត​ដទៃ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល