ស្រូវប្រាំងជាច្រើនម៉ឺនហិកតារនៅបាត់ដំបងនិងបន្ទាយមានជ័យប្រឈមនឹងខ្វះទឹក
2014.05.31

ដំណាំស្រូវជាច្រើនម៉ឺនហិកតារនៅក្នុងស្រុកចំនួនបី នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងប្រឈមទៅនឹងការក្រៀមស្អិត ដោយសារពុំមានប្រភពទឹកស្រោចស្រពឲ្យបានគ្រប់គ្រាន់។ ការខ្វះខាតទឹកនេះ គឺបណ្ដាលមកពីក្រុមហ៊ុនឯកជនមួយ ដែលទទួលលុយពីម្ចាស់ជំនួយបើកការដ្ឋានសាងសង់ស្ពាន និងដាក់ប្រព័ន្ធលូបិទមុខទឹក នៅចំណុចគល់ស្ពានមួយកន្លែង ក្នុងភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ផលដំណាំស្រូវរបស់កសិករ ដែលបានដាំដុះលើផ្ទៃដីស្រែប្រាំងទំហំជាង ៤ម៉ឺនហិកតារ នៅក្នុងស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងជួបគ្រោះរាំងស្ងួត និងអាចឈានទៅរកការខូចខាតទាំងស្រុង។ បញ្ហានេះ ទាមទារឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការដោះស្រាយជាបន្ទាន់។
មន្ត្រីសហគមន៍ កសិករ ប្រើប្រាស់ទឹកប្រឡាយស្វាយអា លោក អ៊ូ ពុយ ថ្លែងនៅថ្ងៃទី៣១ ខែឧសភា ថា ការខ្វះខាតប្រភពទឹកស្រោចស្រពដំណាំស្រូវរបស់កសិករនេះ គឺបណ្ដាលមកពីក្រុមហ៊ុនឯកជនមួយ ដែលទទួលថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការដ្ឋានសាងសង់ស្ពានបិទមុខទឹក នៅចំណុចស្ពានមួយកន្លែង ឋិតក្នុងភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង៖ «មិនបាច់ចាំទុកយូរទេ តែ១ខែទៀតហ្នឹងងាប់ស្រូវអស់ហើយ អត់មានទឹក ព្រោះស្រូវរយៈពេលខ្លីស្រូវប្រាំង ៧០% លើផ្ទៃដីរហូតដល់ថ្មគោល»។
ក្រុមហ៊ុនដែលកំពុងដំណើរការសាងសង់ស្ពាន និងប្រព័ន្ធលូនេះ មានឈ្មោះថា ក្រុមហ៊ុន អ៊ឹង ស៊ឹមសៀ ដែលមានទីស្នាក់ការនៅឯទីក្រុងភ្នំពេញ។ ក្រុមហ៊ុននេះទទួលម៉ៅការលើគម្រោងសាងសង់ស្ពានលូនេះពីធនាគារអភិវឌ្ឍន៍អាស៊ី និងជំនួយរបស់ប្រទេសអូស្ត្រាលី។ ក្រុមកសិករថ្លែងថា មូលហេតុសំខាន់ដែលបណ្ដាលឲ្យខ្វះខាតប្រភពទឹក គឺដោយសារក្រុមហ៊ុននេះបានសាងសង់ស្ពានដាក់ប្រព័ន្ធលូខ្ពស់ផុតពីទឹកខុសបច្ចេកទេស មិនអាចទាញយកទឹកមកប្រើប្រាស់បាន។
ទន្ទឹមគ្នានេះ ពួកគាត់ស្នើឲ្យមានការកាយទម្លាយសំណង់លូ ដែលកំពុងសាងសង់នោះចេញ ទើបអាចទាញយកទឹកស្រោចស្រពដំណាំស្រូវបាន។
អភិបាលស្រុកបវេល លោក ទឹម ដារ៉េត បញ្ជាក់ថា ដើម្បីជួយដល់ផលដំណាំស្រូវរបស់កសិករជាច្រើនម៉ឺនហិកតារ ដែលកំពុងខ្វះខាតទឹកស្រោចស្រពនោះ អាជ្ញាធរស្រុកបានធ្វើលិខិតជាផ្លូវការបញ្ជូនទៅឲ្យក្រុមហ៊ុន ដោះស្រាយបញ្ហានេះជាបន្ទាន់៖ «ខ្ញុំបានចារលើលិខិតហ្នឹងឲ្យជំនាញទៅទំនាក់ទំនងជាមួយការដ្ឋានហ្នឹងហើយ ឲ្យគាត់ធ្វើឡើងវិញ ពីព្រោះធម្មតាការដ្ឋានធ្វើស្ពានវាត្រូវតែធ្វើផ្លូវវាង អ៊ីចឹងគ្រាន់តែថា ផ្លូវវាងនោះត្រូវដាក់លូទាបខ្ពស់ម៉េចឲ្យបានត្រឹមត្រូវ ឲ្យសម្រួលទឹកឲ្យប្រជាពលរដ្ឋបាន»។
ឆ្លើយតបចំពោះបញ្ហានេះ លោក ស៊ី តារ៉ា ជាមន្ត្រីវិស្វកររបស់ក្រុមហ៊ុន អ៊ឹង ស៊ឹមសៀ ដែលកំពុងប្រចាំការនៅការដ្ឋាននោះថ្លែងថា ខាងក្រុមហ៊ុនកំពុងគិតគូរចំពោះបញ្ហានេះ។ ជំហានទី១ លោកថា ក្រុមហ៊ុនត្រូវបើកបង្ហូរមុខទឹកតាមប្រព័ន្ធលូក្នុងកម្រិតទាប ដើម្បីរក្សាកម្រិតទឹកឲ្យនៅទាបទើបអាចបន្តការសាងសង់សំណង់ស្ពានបាន៖ «តែដល់ពេលពួកខ្ញុំធ្វើជើងទីមួយហើយប្រហែលជាកន្លះខែទៀត ពួកខ្ញុំនឹងពង្រីកទឹក នៅពេលពួកខ្ញុំបញ្ចប់ជើងស្ពានទី២ហើយមួយទៀត ខ្ញុំអាចបង្វែងទឹកចេញដូចកាលពីមុនធ្វើស្ពាន ប៉ុន្តែរយៈពេលដល់កន្លះខែហ្នឹង យើងពង្រីកបានបន្តិចបន្តួចទេ ព្រោះយើងអត់មានច្រកចេញ»។
មន្ត្រីរបស់ក្រុមហ៊ុនដដែលបន្តថា រយៈពេលដែលកសិករអាចទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចដើមឡើងវិញបាន គឺត្រូវរង់ចាំរយៈពេលមួយខែ ព្រោះនៅចន្លោះពេលនេះ ខាងក្រុមហ៊ុនត្រូវរក្សាកម្រិតទឹកឲ្យនៅទាប ដើម្បីអាចសាងសង់សំណង់ជើងស្ពាន៖ «អាហ្នឹងជម្រើសទី១សម្រាប់ខាងខ្ញុំ ហើយនិងធនធានទឹក។ បើជម្រើសមួយទៀត គាត់ចង់បានទឹកច្រើនអ៊ីចឹង គឺមានតែខ្ញុំបិទទឹកតែម្ដង គឺខ្ញុំធ្វើតែក្នុងរយៈពេលកន្លះខែ ផុតពីកន្លះខែទៅ ខ្ញុំអាចបើកទឹកឲ្យគាត់បាន ១០០% បាន»។
ប៉ុន្តែ ជម្រើសទាំងពីរដែលខាងក្រុមហ៊ុនលើកឡើងនេះ ត្រូវបានកសិករបដិសេធ ហើយទាមទារឲ្យខាងក្រុមហ៊ុនបើកផ្លូវទឹកត្រង់ចំណុចការដ្ឋានសាងសង់ស្ពានភូមិបវេល២ បង្ហូរទឹកស្រោចស្រពស្រូវឲ្យបានគ្រប់គ្រាន់។ ពួកគាត់លើកឡើងថា បើសិនផលដំណាំស្រូវរបស់ពួកគាត់ដែលបានដាំដុះកាលពីខែមេសា ឆ្នាំ២០១៤ នេះ អត់ទឹកក្នុងរយៈពេលមួយខែទៀត នឹងត្រូវខូចខាតទាំងស្រុង។
មន្ត្រីការិយាល័យធនធានទឹក និងឧតុនិយម ស្រុកបវេល លោក ពោ រួញ ថ្លែងថា បញ្ហាខ្វះទឹក គឺបង្កឡើងដោយសារកំហុសបច្ចេកទេសរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានដាក់លូបង្ហូរទឹកមានមុខតូច ហើយបើកបង្ហូរទឹកក្នុងកម្រិតទាបថែមទៀត។ លោកបន្តថា ក្នុងប្រព័ន្ធទំនប់បវេល នេះ ត្រូវផ្ដល់ទឹកស្រោចស្រពដល់ស្រុកចំនួនបី។
ក្នុងនោះ មានស្រុកបវេល ស្រុកថ្មគោល ខេត្តបាត់ដំបង និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដីស្រោចស្រពចំនួន ៤ម៉ឺន ៥ពាន់ហិកតារ។ លោកថា ដំណាំស្រូវទាំងនោះនឹងត្រូវស្កកស្វិតខូចខាតទាំងស្រុង ហើយដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាតែខាងក្រុមហ៊ុនត្រូវជីកប្រឡាយបង្ហូរទឹក ដែលមានផ្ទៃមុខប្រហាក់ប្រហែលនឹងមុខប្រឡាយចាស់ វាងពីការដ្ឋាននោះ ទើបអាចជួយសង្គ្រោះស្រូវពីការខូចខាតបានទាំងស្រុង៕