សង្គមស៊ីវិលរិះគន់ប៉ូលិសដេញវាយពលរដ្ឋក្នុងពេលផ្ទុះកូវីដ១៩ នៅភ្នំពេញថា ជាការប្រើហិង្សាខុសច្បាប់
2021.04.22
មន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ អាជ្ញាធរក្រុងភ្នំពេញដែលកាន់ដំបងដេញវាយប្រជាពលរដ្ឋតាមផ្លូវនៅរាជធានីភ្នំពេញថា ជាការប្រើហិង្សាដោយខុសច្បាប់ និងរំលោភលើសិទ្ធិមនុស្ស។ ប្រតិកម្មរបស់សង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ផ្ដើមប្រើហិង្សាទៅលើប្រជាពលរដ្ឋក្នុងពេលចុះបង្ក្រាបនៅតំបន់ដែលបិទខ្ទប់ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្ស លើកឡើងថា អាជ្ញាធរមិនគួរប្រើហិង្សាទៅលើប្រជាពលរដ្ឋនោះទេ ទោះជាពួកគាត់ល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលយ៉ាងណាក្ដី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២១ មេសាថា ការដែលប៉ូលិស និងសន្តិសុខសាលារាជធានីភ្នំពេញ កាន់ដំបងដេញវាយប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នោះ គឺជាវិធានការមិនសមរម្យនោះទេ។ លោកចាត់ទុកវិធានរបស់អាជ្ញាធរនេះថា ជាការប្រើហិង្សាទាំងកម្រោល ដែលរំលោភសិទ្ធិមនុស្ស។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ទៀតថា អំឡុងពេលផ្ទុះជំងឺកូវីដ១៩ ខ្លាំងនៅក្រុងភ្នំពេញនេះ អាជ្ញាធរគួរតែណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដឱ្យបានច្បាស់លាស់។ លោកបន្ថែមថា ប្រសិនបើពួកគាត់ល្មើសនឹងបម្រាម អាជ្ញាធរគួរតែអប់រំឬអនុវត្តទៅលើជនប្រព្រឹត្តតាមច្បាប់ គឺពុំមែនប្រើដំបងវាយដំទៅលើពលរដ្ឋនោះឡើយ៖ «ការធ្វើបែបនេះខ្ញុំយល់ថា មានការប៉ះពាល់ទៅដល់ពួកគាត់ ពីព្រោះច្បាប់ហាមឃាត់ការប្រើប្រាស់អំពើហិង្សា។រដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធគួរតែមានការពិនិត្យមើលទៅលើទង្វើបែបហ្នឹង បើសិនជាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ រដ្ឋាភិបាលគួរតែចេញបទបញ្ជាបញ្ឈប់អំពើហ្នឹង ហើយដាក់វិន័យរដ្ឋបាលទៅជនទាំងអស់ហ្នឹង ដើម្បីកុំឱ្យមហាជនយល់ច្រឡំថា ជាបទបញ្ជាពីរដ្ឋាភិបាល ឬក៏ស្ថាប័នពាក់ព័ន្ធក្នុងការទប់ស្កាត់កូវីដ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពេលប៉ូលិស និងសន្តិសុខសាលារាជធានីភ្នំពេញ បានកាន់ដំបងដេញវាយប្រជាពលរដ្ឋជាច្រើននាក់ នៅតំបន់ដែលកំពុងផ្ទុះជំងឺកូវីដក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់។ វីដេអូឃ្លិបដែលត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមបង្ហាញថា ក្រុមប៉ូលិសជាច្រើននាក់ បានកាន់ដំបងប៉ុនមេជើងមនុស្សចាស់ប្រវែងជាងមួយម៉ែត្រ ខ្លះជិះម៉ូតូ និងខ្លះដើរ ដេញវាយពលរដ្ឋពីក្រោយខ្នង ក្នុងពេលដែលពួកគាត់ធ្វើដំណើរនៅតាមផ្លូវ ឬស្ថិតនៅទីសាធារណៈក្នុងតំបន់បិទខ្ទប់។ ក្រុមអាជ្ញាធរបានដេញវាយពលរដ្ឋរហូតទាល់តែពួកគាត់រត់ចូលទៅក្នុងផ្ទះ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា ការដេញវាយពលរដ្ឋនេះ គឺដោយសារពួកគាត់បានប្រព្រឹត្តល្មើសនឹងបម្រាមរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ។ លោកបញ្ជាក់ទៀតថា វិធានការនេះអនុវត្តចំពោះតែតំបន់ក្រហម ឬហៅថា ទីតាំងបិទខ្ទប់ ដែលហាមដាច់ខាតមិនឱ្យប្រជាពលរដ្ឋចេញក្រៅផ្ទះអំឡុងពេលនេះឡើយ៖ «អ្វីដែលអាជ្ញាធរធ្វើនេះយើងមិនចង់មានគោលបំណងក្នុងការធ្វើបាបប្រជាពលរដ្ឋទេ ។ប៉ុន្តែសំខាន់បំផុតគឺយើងចង់ឱ្យស្ថានភាពនៅតំបន់ហ្នឹងមានការស្រួលមកវិញលឿន។អីចឹងបើមានការចូលរួមសហការជាមួយអាជ្ញាធរ គឺគោលបំណងគឺអីចឹងទេ ចង់ឱ្យស្ថានភាពវាមកវិញល្អលុបបំបាត់បានលឿនអីចឹងប្រជាពលរដ្ឋក៏គាត់មានស្ថានភាពរស់នៅស្រួល សិទ្ធិសេរីភាពពេញលេញមកវិញ ហើយការប្រកបអាជីវកម្មផ្សេងក៏គាត់ងាយស្រួលដែរ»។
ផ្ទុយពីការបកស្រាយរបស់មន្ត្រីនគរបាលនេះ មន្ត្រីសិទ្ធិមនុស្សអះអាងថា គ្មានច្បាប់ណាដែលតម្រូវឱ្យអាជ្ញាធរដេញវាយពលរដ្ឋបែបនេះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ការដែលអាជ្ញាធរប្រើហិង្សាលើពលរដ្ឋក្នុងពេលបិទខ្ទប់តំបន់មួយចំនួននេះ គឺជាអំពើខុសច្បាប់។ លោកបញ្ជាក់ថា ច្បាប់ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ និងជំងឺឆ្លងកាចសាហាវ ពុំមានកំណត់ឱ្យសមត្ថកិច្ចប្រើហិង្សាទៅជនល្មើសនោះឡើយ៖ «ប៉ុន្តែហ្នឹងអាចមានវិធានការយើងដាក់រនាំងរាំងខ្ទប់ ឬក៏ខ្សែបិទអីជាដើមដើម្បីកុំឱ្យប្រជាពលរដ្ឋហ្នឹងចេញ ហើយនឹងមានការអប់រំពួកគាត់កុំឱ្យចេញ។ បើសិនជាយើងប្រើប្រាស់អំពើហិង្សាអីចឹង វាមិនទាន់ដល់កម្រិតដែលត្រូវអីចឹងទេ ហើយរូបភាពទាំងអស់ហ្នឹង កាលណាបែកចេញទៅ ក៏វាមិនសមរម្យដែរ វាអាចនាំឱ្យមានការរិះគន់ជាច្រើនតទៅទៀតដែរ»។
រដ្ឋធម្មនុញ្ញមាត្រា៣៨ ចែងថា ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
អាជ្ញាធររាជធានីភ្នំពេញបានដាក់ភូមិមួយចំនួននៃសង្កាត់បឹងសាឡាង សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី២ និងស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ ព្រមទាំងសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម ដោយហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ។
ចាប់តាំងពីថ្ងៃទី១៥ មេសា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន ១២០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ ក្នុងនោះ អាជ្ញាធរបានបញ្ជូនមនុស្ស ៦នាក់ទៅឃុំខ្លួននៅពន្ធនាគារ និង ៥នាក់ទៀតបញ្ជូនទៅតុលាការ ដោយសារពួកគាត់បានប្រព្រឹត្តល្មើសនឹងបម្រាមរបស់រដ្ឋាភិបាល។
ច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺឆ្លងដ៏កាចសាហាវ មាត្រា១០ ចែងថា អំពើដោយចេតនាមិនគោរពដល់វិធានការរដ្ឋបាលដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល (១.០០០.០០០) ទៅ ៥លានរៀល (៥.០០០.០០០) ព្រមទាំងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល (១០.០០០.០០០) ប្រសិនបើចម្លងជំងឺកូវីដទៅអ្នកដទៃដោយចេតនា។
មន្ត្រីសិទ្ធិមនុស្ស យល់ថា វិធានការរបស់អាជ្ញាធរគួរត្រឹមតែជាការអប់រំ ឬការផាកពិន័យ មិនមែនជាការប្រើហិង្សាលើពលរដ្ឋនោះទេ។ បន្ថែមពីលើនេះ អាជ្ញាធរពាក់ព័ន្ធគួរតែផ្គត់ផ្គង់ស្បៀងអាហារដល់ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្រាន់ ដើម្បីពួកគាត់ហូបចុកនៅក្នុងផ្ទះ អំឡុងពេលអាជ្ញាធរបិទខ្ទប់នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។