ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន បន្តបង្ហោះសារទាមទារអាជ្ញាធរឱ្យដោះលែងរូបលោក
ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន បន្តបង្ហោះសារលើហ្វេសប៊ុកជាទៀងទាត់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងសកម្មជនសិទ្ធិមនុស្ស និងសិទ្ធិការងាររូបនេះវិញ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ខាងសមាគមបានកំណត់យកថ្ងៃសុក្រជារៀងរាល់សប្ដាហ៍ ដើម្បីបង្ហោះសារលើហ្វេសប៊ុក ទាមទាររកយុត្តិធម៌ជូនលោក រ៉ុង ឈុន។ ទោះជាយ៉ាងណា អ្នកស្រីថា គ្រូបង្រៀន និងពលរដ្ឋមួយចំនួន បានបង្ហោះសារស្ទើររាល់ថ្ងៃ ព្រោះពួកគាត់មានភក្ដីភាព និងគោរពស្រឡាញ់លោក រ៉ុង ឈុន ដែលបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីប្រយោជន៍សង្គមជាតិ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងទៀតថា ក្រៅពីយុទ្ធនាការលើអនឡាញនេះ សមាគមនឹងធ្វើសកម្មភាពតស៊ូមតិដោយអហិង្សាសាជាថ្មីទៀត ប៉ុន្តែអ្នកស្រីស្នើសុំមិនផ្តល់ព័ត៌មានលម្អិតនោះទេ ដើម្បីកុំឱ្យអាជ្ញាធររារាំង ឬត្រៀមបង្ក្រាប៖ «អ្វីដែលពួកគាត់បង្ហោះ គឺអត់មានអ្នកណាបង្ខិតបង្ខំគាត់ទេ គឺតាមឆន្ទៈរបស់គាត់។ រួមចំណែកទាំងអស់គ្នា ដើម្បីលើកទឹកចិត្តលោក រ៉ុង ឈុន ដែលលោកខំលះបង់មួយជីវិតរបស់គាត់ហើយ ដើម្បីប្រទេសជាតិ ក៏ដើម្បីការរស់នៅរបស់លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដែរ»។
លោក រ៉ុង ឈុន ត្រូវរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារកាលពីចុងខែកក្កដា ដោយសារការរិះគន់បញ្ហាព្រំដែន។ តុលាការបានចោទប្រកាន់លោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ ឆ្នាំ។
ផ្ដើមចេញពីការចាប់ខ្លួនសកម្មជនដ៏មានឥទ្ធិពលរូបនេះ អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជន អ្នកនយោបាយ ព្រះសង្ឃ និងយុវជនជាច្រើននាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទញុះញង់។ សហគមន៍ជាតិ និងអន្តរជាតិ បានថ្កោលទោសរបបក្រុងភ្នំពេញជាខ្លាំង និងទាមទារឱ្យរបបនេះដោះលែងអ្នកជាប់ឃុំទាំងនោះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។