រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យបន្តបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ នៅកម្ពុជា
2022.10.20
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវដល់អាជ្ញាធរឲ្យបន្តបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ រួមមាន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជំរិតទារប្រាក់ ល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
លោក ស ខេង កាលពីថ្ងៃទី១៩ ខែតុលា លើកឡើងថា ដោយសារស្ថានភាពសង្គមបច្ចុប្បន្ន គ្រប់ក្រសួងស្ថាប័នទាំងអស់ ជាពិសេសសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្ហាញសុឆន្ទៈពិតប្រាកដ ដើម្បីប្រយុទ្ធប្រឆាំងរាល់សកម្មភាពឧក្រិដ្ឋកម្មទាំងនោះ។ លោកបន្តថា ការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មទាំងនោះ បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម កំណើនសេដ្ឋកិច្ចជាតិ និងហានិភ័យនៃការធ្លាក់ចុះកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោក ស ខេង សង្កត់ធ្ងន់ថា ក្រុមឧក្រិដ្ឋជនអន្តរជាតិ បានយកប្រទេសកម្ពុជា ជាកន្លែងប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀន និងចែកចាយយកទៅលក់បន្តទៅទីផ្សារអន្តរជាតិ ដោយពួកគេបាននាំចូលគ្រឿងញៀន និងសារធាតុគីមីផ្សំរាប់រយតោនសំរាប់ផលិតគ្រឿងញៀន។ លោកថា ប្រសិនបើនៅតែបន្តអនុញ្ញាតឲ្យមានការផលិតគ្រឿងញៀននៅកម្ពុជាតទៅទៀត ពលរដ្ឋខ្មែរកាន់តែច្រើន ជាពិសេស យុវជន នឹងក្លាយជាអ្នកញៀនគ្រឿងញៀន ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទ និងអនាគតរបស់ពួកគេ។
ពាក់ព័ន្ធនឹងការជួញដូរមនុស្សវិញ ក្រសួងការបរទេសវៀតណាម ឲ្យដឹងថា សមត្ថកិច្ចកម្ពុជា បានជួយរំដោះជនជាតិវៀតណាម ១៧១នាក់ ដែលចាញ់បោកក្រុមជនល្មើស ចាប់បង្ខាំងឲ្យធ្វើការខុសច្បាប់នៅព្រំដែនកម្ពុជា និងថៃ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ដែលបានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេ ធី ធូហង់ (Le Thi Thu Hang) ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែតុលា ឲ្យដឹងថា ស្ថានអគ្គកុងស៊ុលវៀតណាម នៅខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរកម្ពុជា ជួយសង្គ្រោះជនជាតិវៀតណាមចេញពីការបង្ខាំងឲ្យធ្វើការខុសច្បាប់ នៅតាមព្រំដែនកម្ពុជា-ថៃ ជាង ១៧១នាក់ ចាប់ពីខែកក្កដា រហូតដល់ចុងខែកញ្ញា។
ក្រសួងការបរទេសវៀតណាមឲ្យដឹងថា រហូតមកដល់ចុងខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះវៀតណាម ជាង ១ពាន់នាក់ ត្រូវបានជួយរំដោះចេញពីការឃុំឃាំងរបស់ក្រុមជនល្មើស ដែលបង្ខំឲ្យធ្វើការខុសច្បាប់ នៅប្រទេសកម្ពុជា។ ស្ថានអគ្គកុងស៊ុលវៀតណាម កំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនរងគ្រោះ មុននឹងបញ្ជូនត្រឡប់មកប្រទេសវៀតណាមវិញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។