លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ខិតខំស្រាវជ្រាវ និងតាមចាប់ឲ្យបាន ជនដែលយកគ្រាប់បេ៤០ (B40) និងគ្រាប់ដេកា (DK) ទៅដាក់បង្កៃ នៅខាងក្រោយអនុវិទ្យាល័យរួតចំប៉ី។ លោក ស ខេង ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាឲ្យបានភូមិមានសុវត្ថិភាព៖ «ឧត្តរមានជ័យ វាទៅយកគ្រាប់បេ៤០ និងគ្រាប់ដេកា ប៉ុន្តែវាអត់មានសាស់ទេ ។ ផ្ទុះទៅអត់មានគ្រោះថ្នាក់អ្នកណាទេ ព្រោះវាអត់បានបញ្ជូនគ្រាប់ហ្នឹងឡើងទេ ប៉ុន្តែយកសំឡេងផ្ទុះ។ អ៊ីចឹង! អ្នកដាក់ហ្នឹងពិតជាមានឧបាយកលមិនល្អហើយ។ ឥឡូវបានយកអស់ហើយ ប្រមូលទុកអស់ហើយ។ ឥឡូវកំពុងរកមនុស្ស អ្នកដែលធ្វើហ្នឹងទៅផ្ដន្ទាទោសតាមច្បាប់» ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឲ្យដឹងថា កាលពីថ្ងៃទី ១៦ មិថុនា ប្រជាពលរដ្ឋប្រទះឃើញមានគ្រាប់រ៉ុកកែត បេ៤០ (B40) នៅខាងក្រោយអនុវិទ្យាល័យរួតចំប៉ី ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីចុះត្រួតពិនិត្យរួចមក សមត្ថកិច្ចអះអាងថា គ្រាប់ប្រភេទបេ៤០ (B40) ផលិតនៅប្រទេសសូវៀត មានចំនួន៤គ្រាប់ និងគ្រាប់ដេកា (DK) ១គ្រាប់។
សមត្ថកិច្ចថា គ្រាប់ទាំងនោះ ត្រូវបានជនមិនស្គាល់មុខ យកទៅកប់ក្នុងរណ្ដៅ នឹងចាក់រំសេវ មានបីកន្លែងផ្សេងពីគ្នា ដោយចម្ងាយពីកន្លែងមួយទៅមួយកន្លែង ប្រវែង១០ម៉ែត្រ។ ចំណែក គ្រាប់ដេកា (DK) មានចម្ងាយ១រយម៉ែត្រ ពីគ្រាប់បេ៤០។ បន្ទាប់ពីនោះ កម្លាំងជំនាញនៃអង្គការស៊ីម៉ាក់ (CMAC) បានចុះទៅដោះគ្រាប់ទាំងអស់នោះ យកទៅរក្សាទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។