រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រួយបារម្ភ​ការ​លួច​យក​ទិន្នន័យ​តាម​ស្ថាប័ន​រដ្ឋ​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា​បរទេស

ដោយ ខាន់ លក្ខិណា
2023.12.18
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រួយបារម្ភ​ការ​លួច​យក​ទិន្នន័យ​តាម​ស្ថាប័ន​រដ្ឋ​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា​បរទេស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែង​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅថ្ងៃទី១៨ ធ្នូ ២០២៣។
រូប​៖ ហ្វេសប៊ុកលោក ស សុខា

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រួយ​បារម្ភ​ចំពោះ​ចូល​ការ​លួច​យក​ទិន្នន័យ​ស្ថាប័នរដ្ឋ ពី​សំណាក់​ក្រុម​ចោរ​បច្ចេកវិទ្យា​បរទេស ឬ​ក្រុម​ហេកឃឺរ (Hackers) បន្ទាប់​ពី​ក្រុម​អ្នកវិភាគ​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត នៅ​សហអាមេរិក​ថា ក្រសួង​-​ស្ថាប័ន ជាតិ​សំខាន់ៗ​កម្ពុជា​ចំនួន ២៤​ស្ថាប័ន កំពុង​រង​ការ​ជ្រៀតជ្រែក​គ្រប់គ្រង ទិន្នន័យ ពី​សំណាក់​ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកឃឺរ​ចិន។

អ្នកឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រជុំ​អន្តរក្រសួង និង​បង្កើត​ច្បាប់​មួយ ដើម្បី​ការពារ​ទិន្នន័យ​របស់​ជាតិ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រួយបារម្ភ និង​ជំរុញ​ឱ្យ​ស្ថាប័ន​រដ្ឋ ចំណុះ​ក្រសួង​មហាផ្ទៃ​យកចិត្តទុកដាក់ ក្នុង​ការ​គ្រប់គ្រង ទិន្នន័យ​ខ្លួន​ឱ្យ​មាន​សុវត្ថិភាព ក្រោយ​ក្រសួង​-​ស្ថាប័ន​ជាតិ​សំខាន់ៗ​នៅ​កម្ពុជា ត្រូវ​បាន ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ក្រុម​ហេកឃឺរ​ចិន ចូល​លួច​យក​ទិន្នន័យ។

លោក ស សុខា ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ត្រូវ​សហការ​ជាមួយ​ក្រសួង​ផែនការ ដើម្បី​ធ្វើ​ទំនើបកម្ម​ទិន្នន័យ ស្ថិតិ​អត្រានុកូលដ្ឋាន ក្នុង​ការ​រក្សា​ភាព​សម្ងាត់​នូវ​ព័ត៌មាន ឯកជន បុគ្គល​ដែល​កត់ត្រា និង​រក្សាទុក បញ្ជី​ប្រជាជន និង​បញ្ជី​អត្រានុកូលដ្ឋាន បញ្ជី​ស្នាក់​នៅ បញ្ជី​អត្តសញ្ញាណ សញ្ជាតិ​ខ្មែរ និង​អត្តសញ្ញាណ​បុគ្គល​ផ្សេងៗ​ទៀត ដែល​ស្ថិត​ក្រោម​ច្បាប់។

អ្នកនាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃទី១៦ ធ្នូ ថា ក្រសួង​កំពុង​បណ្ដុះបណ្ដាល​សមត្ថភាព​មន្ត្រី និង​បង្កើន​ឧបករណ៍​ដែល​មាន​សុវត្ថិភាព រួម​ទាំង​ធ្វើ​កិច្ចសហការ ជាមួយ​បណ្ដាល ប្រទេស​មួយចំនួន ដែល​មាន​បទពិសោធន៍ ក្នុង​កិច្ច​ការងារ​ការពារ ប្រព័ន្ធ​សន្តិសុខ តាម​ប្រព័ន្ធ អ៊ីនធឺណិត​បន្ថែម​ទៀត។

លោក​ថា គិត​មក​ដល់​ពេល​នេះ ក្រុម​ចោរ​បច្ចេកវិទ្យា មិនអាច​ចូល​លួច​ទិន្នន័យ​ណាមួយ​របស់​ក្រសួង​មហាផ្ទៃ​បាន​នៅ​ឡើយ ដោយសារតែ​ក្រសួង​បាន​បង្កើត​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា ដែល​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់។

លោក ទូច សុឃៈ៖ «អ៊ីចឹង​អាច​ទំនាក់ទំនង​សួរនាំ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន។ ចំពោះ​ទិន្នន័យ​អ្វី ព័ត​មាន​អ្វី​ក៏​ខ្ញុំ​មិន​អាច​ឆ្លើយ​ឱ្យ​បាន​ជាក់លាក់​ដែរ គ្រាន់តែ​ខ្ញុំ​អាច​កាត់​យល់​ថា នៅ​រាល់​ព័ត៌មាន​សំងាត់ៗ​ដែល​គេ​ចង់​ដឹង ដែល​ប្រទេស​មួយ​មិន​ចង់​ឱ្យ​គេ​ដឹង​នោះ ជា​អ្វី​ដែល​គេ​ត្រូវការ ដើម្បី​យក​ទៅ​ធ្វើ​ការងារ​ណាមួយ​ដែល​គេ​មាន​គោលដៅ​ច្បាស់លាស់»

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៦ ធ្នូ។

កាល​ពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុម​អ្នកវិភាគ​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត ឬ​អង្គភាព ៤២ (unit 42) នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​បច្ចេកវិទ្យា​សកល (Palo Alto Networks) នៅ​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​របាយការណ៍​ស៊ើបអង្កេត មួយ​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ចិន (advanced persistent threat) ហៅ​កាត់​ថា អេភីធី (APT) បាន​ត​ភ្ជាប់​បណ្ដាញ​សេវាកម្ម​បម្រុង​ទុក​ពពក (cloud backup services) មាន​ចេតនា​អាក្រក់ និង​ជ្រៀតជ្រែក​ក្រសួង​ស្ថាប័ន​កម្ពុជា ទាំង ២៤​ស្ថាប័ន។

ស្ថាប័ន​ទាំងនោះ​រួមមាន ក្រសួង​ការពារជាតិ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គណៈកម្មាធិការ​សិទ្ធិមនុស្ស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ស្ថាប័ន​គ្រប់គ្រង លើ​ធនធានធម្មជាតិ ជាដើម ដែល​ស្ថាប័ន​ទាំងនេះ ផ្ទុក​ទិន្នន័យ​រសើប​យ៉ាងច្រើន​ដែល​ក្រុម អេភីធី (APT) ចិន អាច​ពិនិត្យ​លើ​ឯកសារ ឬ​ទិន្នន័យ​ផ្នែក​ហិរញ្ញវត្ថុ ព័ត៌មាន​របស់​រដ្ឋាភិបាល និង​អាច​កំណត់​អត្តសញ្ញាណ ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ជាដើម។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ប្រាប់ វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ធ្នូ ថា រដ្ឋាភិបាល គួរ​បើក​កិច្ចប្រជុំ​អន្តរក្រសួង និង​បង្កើត​ច្បាប់​មួយ ដើម្បី​ការពារ​ការ​លួច​យក​ទិន្នន័យ​របស់​ជាតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​ថា ប្រសិនបើ​កម្ពុជា​មិន​មាន​ប្រព័ន្ធ​ការពារ​ទិន្នន័យ​ជាតិ​ទេ​នោះ ក្រុម​ចោរ​បច្ចេកវិទ្យា នឹង​លួច​យក​ទិន្នន័យ​ផ្ទៃក្នុង​របស់​ជាតិ​បន្ត​ទៀត។

លោក សេង វណ្ណលី៖ «យើង​រក្សា​ឯកសារ​ទាំងអស់ នៅក្នុង​សឺវើ (Server) ហើយ​ក្នុង សឺវើ ហ្នឹង គេ​អាច​ចូល​ដោយមាន​ប្រព័ន្ធ​អ៊ីនធឺណិត​បាន ប៉ុន្តែ​បើសិនជា​មិន​មាន​ប្រព័ន្ធ​ដើម្បី​កុំឱ្យ​ពួក​ហេកឃឺរ ចូល​ទៅ​ក្នុង​សឺវើ របស់​រដ្ឋ​ទេ សឺវើ​ក្រសួង​-​ស្ថាប័ន​ទេ ទិន្នន័យ​របស់​ជាតិ​មួយ​ចំនួន ត្រូវ​បាន​ពួក​ហ្នឹង​លួច​បន្លំ ហើយ​ការ​ទទួល​បាន​ទិន្នន័យ​សន្តិសុខ សេដ្ឋកិច្ច​សង្គម ឬ​នយោបាយ​របស់​ជាតិ​ហ្នឹង វា​នឹង​បង្ក​ហានិភ័យ​ដល់​អសន្តិសុខ ឬ​បូរណភាព​ជាតិ​ដូចជា​អធិបតេយ្យ​ជាតិ»

កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) បាន​រាយការណ៍​ស្រង់​ប្រសាសន៍ អ្នកជំនាញ​សិក្សា​សន្តិសុខ ចិន​នៅ​មូលនិធិ (Jamestown) លោក ចូ ម៉ាក្រេនូស៍ (Joe McReynolds) ថា វិសាលភាព​នៃ​ការ​ឈ្លានពាន​របស់​ក្រុម​អេភីធី (APT) ចិន​នេះ មាន​អត្ថន័យ ទូលំទូលាយ ខណៈ​ចិន​មាន​អានុភាព​ខ្លាំង​លើ​កម្ពុជា ហើយ​មន្ត្រី​លោក​ខាង​លិច​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​កងទ័ព ជើង​ទឹក​សម្រាប់​ការប្រើប្រាស់ យោធា​ផ្ដាច់មុខ​នៅ​កម្ពុជា។ លោក​បន្ត​ថា នៅពេល​ប្រទេស​ចិន និង​កម្ពុជា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នោះ វា​កាន់​តែ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ចិន ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
លោក សម រង្សី គាំទ្រ​សំណើ​របស់​លោក ស សុខា ដែល​ប្រាប់​ពលរដ្ឋ មិន​ឲ្យ​សង​ប្រាក់​កម្ចី​ខុសច្បាប់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។