លោក ស សុខា ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នកប្រើប្រាស់​ស្លាក​លេខ​នគរបាល​ខុស​គោលដៅ

ដោយ ម៉ៅ សុធានី
2024.03.02
លោក ស សុខា ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នកប្រើប្រាស់​ស្លាក​លេខ​នគរបាល​ខុស​គោលដៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ថ្លែង​ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ស សុខា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ យកចិត្តទុកដាក់​ទៅលើ​ការប្រើប្រាស់​រថយន្ត​ពាក់ ស្លាក​លេខ​ន.(​នគរបាល​) ឱ្យ​បាន​ត្រឹមត្រូវ និង​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​ស្លាក​លេខ​នគរបាល យក​ទៅ​ធ្វើការ​នៅ​កាស៊ីណូ និង​ជិះ​ទៅ​ឈប់​នៅមុខ​ទីតាំង​ខារ៉ាអូខេ (KTV) ជាដើម។

ថ្លែង​ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ បាន​ដាក់​បញ្ជា​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ យកចិត្តទុកដាក់​ចំពោះ​អ្នកប្រើប្រាស់​ស្លាក​លេខ ន.ប។ លោក​បន្ត​ថា ក្នុងករណី​ប្រព្រឹត្ត​ខុសច្បាប់ អាជ្ញាធរ​ត្រូវ​ដក​ស្លាក​លេខ ហើយ​ឱ្យ​ម្ចាស់​ឡាន ឬ​ម៉ូតូ​ទៅ​បង់ពន្ធ​តាម​ច្បាប់ ហើយ​ស្លាក​លេខ ន.ប នេះ គឺ​ប្រើប្រាស់​បម្រើ​ឱ្យ​សមត្ថកិច្ច និង​អង្គភាព​តែប៉ុណ្ណោះ ហើយ​មន្ត្រី​នគរបាល​ដែល​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ ន.ប ស្របតាម​គោលការណ៍​ច្បាប់ ក៏​មិន​ត្រូវ​ឱ្យ​គេ​ខ្ចី​ជិះ​យក​ទៅ​ប្រើប្រាស់​ផ្ដេសផ្ដាស​ដែរ។

ការ​ដាក់​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នេះ គឺ​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍ ពី​ករណី​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ ន.ប​របស់​អង្គភាព​មួយ​ចំនួន​ខុស​គោលដៅ ក្នុង​នោះ​មាន​ករណី​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ​” នគរបាល ” ជិះ​ទៅ​ធ្វើ​ការ​នៅ​កាស៊ីណូ ហើយ​អ្នកខ្លះ​ជិះ​ទៅ​ឈប់​នៅមុខ KTV ដែល​មិនមែន​ជា​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ឡើយ។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ជាមួយ​គ្នា​នេះ លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ អនុវត្ត​វិធានការ​នេះ ឱ្យ​ម៉ឺងម៉ាត់ ដើម្បី​កុំឱ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន ប្រើប្រាស់​ស្លាក​លេខ ស្ថាប័ន​នគរបាល​ខុល​គោលដៅ និង​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ពិសេស​ការ​ប្រើប្រាស់​ឥទ្ធិពល​ស្លាក​លេខ​ន.ប នេះ ទៅ​គាប​សង្កត់​ពលរដ្ឋ នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។

លោក សេក សុជាតិ៖ «តាមរយៈ​បទពិសោធន៍​កន្លង​មក អ្នក​ដែល​បើកបរ​រថយន្ត មាន​បំពាក់​ស្លាក​លេខ​របស់​នគរបាល ភាគច្រើន​មិនមែន​ជា​មន្ត្រី​នគរបាល​យក​ទៅ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ទេ​។ ភាគច្រើន​យើង​ឃើញថា ជា​លេខ​ដែល​យក​ទៅ​បំពាក់​លើ​រថយន្ត ភាគច្រើន​ដែល​យើង​មើលឃើញ គឺ​រថយន្ត​គ្រួសារ ឬក៏​ជា​រថយន្ត​ដែល​មាន​បញ្ហា​ទាក់ទង​ជាមួយនឹង​ការ​មិន​បង់ពន្ធ​ចូល ឬក៏​ជា​រថយន្ត​ខុស​ច្បាប់»

កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ក្រសួង​ការពារ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​ចំពោះ​អ្នកប្រើប្រាស់​ស្លាក​លេខ ខេមរភូមិន្ទ (​ខ​.​ម​) ខុស​គោលដៅ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម និង​កិត្តិយស​ក្រសួង​ការពារ​ជាតិ។ ជាមួយ​គ្នា​នេះ ក្រសួង​បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នកប្រើប្រាស់​ស្លាក​លេខ​”​ខេមរភូមិន្ទ​” ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ និង​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។