អាមេរិក​ពិភាក្សា​ជាមួយ​ប្រទេស​តំបន់​ទន្លេមេគង្គ​អំពី​បញ្ហា​សន្តិសុខ ការ​អភិវឌ្ឍ និង​សិទ្ធិមនុស្ស

ដោយ អាស៊ីសេរី
2021-07-02
Share

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​បាន​សហការ​ជាមួយ​ភាគី​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើកដំបូង​ថ្នាក់​ឧត្តម​មន្ត្រី​នៃ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ (MUSP) កាល​ពី​ថ្ងៃទី​២៩ មិថុនា។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ដៃគូ​ទាំង​៦ រួមមាន សហរដ្ឋ​អាមេរិក កម្ពុជា ឡាវ វៀតណាម ភូមា និង​ថៃ បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជាច្រើន ទាក់ទង​នឹង​សន្តិសុខ ការ​អភិវឌ្ឍ នយោបាយ និង​សិទ្ធិមនុស្ស។

មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​របស់​ក្រសួង​ការបរទេស​អាមេរិក លោក ឃីន មយ (Kin Moy) បាន​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក​ប្តេជ្ញា​ចិត្ត​មុតមាំ​ចំពោះ​អនុ​តំបន់​ទន្លេមេគង្គ ដើម្បី​ឱ្យ​មានការ​បើកទូលាយ មាន​វិបុលភាព និង​មាន​សុវត្ថិភាព ដែល​ជា​កត្តាចាំបាច់​សម្រាប់​សុខភាព​តំបន់​អាស៊ាន និង​ប្រជាជន​របស់​ខ្លួន​។ លោក​បាន​រំលេច​នូវ​សារៈសំខាន់​នៃ​អព្យាក្រឹត្យភាព​របស់​អាស៊ាន​ចំពោះ​ចក្ខុវិស័យ​ស្ដីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកទូលាយ ហើយ​និង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ទស្សនវិស័យ​អាស៊ាន​លើ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី៣០ មិថុនា។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ប្រទេស​ដៃគូ​ទាំង​៦ បាន​ពិភាក្សា​គ្នា​អំពី​ការ​វិវឌ្ឍ​នៃ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​-១៩ និង​សុវត្ថិភាព​សុខាភិបាល ចែករំលែក​គ្នា​អំពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចិរភាព ការ​ពង្រឹង​ធនធានមនុស្ស និង​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​ទន្លេមេគង្គ ព្រមទាំង​ការ​លើក​កម្ពស់​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី។ ប្រទេស​ដៃគូ​ទាំង​៦ ក៏បាន​ពិភាក្សា​អំពី​ការ​ចាត់ចែង​ធនធាន​ទឹក​ប្រកប​ដោយ​ចីរភាព ការគ្រប់គ្រង​ធនធានធម្មជាតិ និង​កិច្ចការពារ​បរិស្ថាន ព្រមទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​មិនមែន​ប្រពៃណី​ទាំងឡាយ រួម​ទាំង​ការ​ជួញដូរ​មនុស្ស សត្វព្រៃ ឈើប្រណិត គ្រឿងញៀន និង​ការ​ជួញដូរ​អាវុធ ជាដើម។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក លោក ឃីន មយ (Kin Moy) ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ក្នុង​តំបន់​ឱ្យធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ដាក់​សម្ពាធ​ឱ្យ​យោធា​ភូមា​បញ្ឈប់​អំពើ​ហិង្សា ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ទាំងឡាយ និង​ស្ដារ​ប្រទេស​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។

ប្រទេស​ដៃគូ​ទាំង ៦ នៃ​កិច្ច​សហប្រតិបត្តិការ​ស្ដីពី​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​តំបន់​ទន្លេមេគង្គ ធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ជាមួយ​ប្រទេស​ជា​មិត្ត​ដទៃទៀត​។ រដ្ឋាភិបាល​អាមេរិក​បាន​ប្ដេជ្ញា​ផ្តល់​ជំនួយ​ចំនួន ៤​ពាន់ ៣​រយ​លាន​ដុល្លារ (4.3 billion) ដល់​អនុតំបន់​ទន្លេ​មេគង្គ ចាប់​តាំងពី​ឆ្នាំ ២០០៩ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល