សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ត្រៀម​ឡាន​ពេទ្យ​និង​កម្លាំង​រក្សា​សន្តិសុខ​នៅ​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី

ដោយ ជិន ជេដ្ឋា
2017-04-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​តុបតែង​កន្លែង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Chin Chetha
ការ​តុបតែង​កន្លែង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង ត្រៀម​ឡាន​សង្គ្រោះ​បន្ទាន់ ឡាន​ទឹក និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​ពលរដ្ឋ​ពេល​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី។ វិធានការ​បង្ការ​នេះ គឺ​ឆ្លើយ​តប​នឹង​ការ​ប៉ាន់ប្រមាណ​​របស់​មន្ទីរ​ទេសចរណ៍ ថា​ក្នុង​១​ថ្ងៃ​យ៉ាង​តិច​មាន​អ្នក​ចូល​ទស្សនា និង​លេង​ល្បែង​ប្រជាប្រិយ ១​ម៉ឺន​នាក់។

នៅ​ខេត្ត​កំពង់ឆ្នាំង សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧ បាន​យក​បរិវេណ​សួនកុមារ និង​តារាង​បាល់ទាត់ នៅ​មុខ​សាលា​ខេត្ត ដើម្បី​ប្រារព្ធ​ពិធី​រយៈ​ពេល ៦​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រគំតន្ត្រី រាំ​កម្សាន្ត និង​ល្បែង​ប្រជាប្រិយ​ចំនួន ១២​ប្រភេទ។ លោក​ថា ក្នុង​ឱកាស​នេះ​នឹង​មាន​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ព្រម​ទាំង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ខ្លះ​ផង ចូល​រួម​លេង និង​ទស្សនា​កុះករ​ដូច​ឆ្នាំ​មុន​ដែរ គឺ​មាន​​ចន្លោះ​ពី ១​ម៉ឺន ទៅ ១​ម៉ឺន ៤​ពាន់​នាក់​ក្នុង​១​ថ្ងៃ៖ «នៅ​ថ្ងៃ​ស្អែក​នេះ​យើង​មាន​លេង​ល្បែង​ប្រជាប្រិយ​ដែល​ទទួល​ខុស​ត្រូវ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​ការ​ចូល​រួម​ពី​មន្ទីរ​អង្គភាព និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង យ៉ាង​ច្រើន ហើយ​កម្មវិធី​នោះ​មាន​លេង​ល្បែង ១២​ប្រភេទ នៃ​ល្បែង។ អ៊ីចឹង​នៅ​ឆ្នាំ​នេះ​ប្រហែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​មិន​ខុស​គ្នា​ដែរ គឺ​មួយ​ម៉ឺន ទៅ​មួយ​ម៉ឺន​បួន​ពាន់​នាក់»

ចំពោះ​វិធានការ​បង្ការ និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពិធី​នេះ​វិញ ត្រូវ​សមត្ថកិច្ច​អះអាង​ថា បាន​ត្រៀម​ឡាន​ទឹក ឡាន​សង្គ្រោះ​បន្ទាន់ និង​រក្សា​លេខ​ទូរស័ព្ទ​មន្ត្រី​សុខាភិបាល ក្រែង​មាន​មនុស្ស​ដួល​សន្លប់ ឬ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​ឡើង​ត្រូវ​សង្គ្រោះ​បន្ទាន់។ ក្រៅ​ពី​នេះ ស្នងការដ្ឋាន​ក៏​បាន​ចាត់​ឲ្យ​មាន​ស្នងការ​រង​ចុះ​តាម​ស្រុក​ម្នាក់ ១​ស្រុក ដើម្បី​រង់ចាំ​បញ្ជា ឬ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក លី វីរៈ ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត និង​ក្រុង​បាន​ឈរ​ជើង​តាម​គោលដៅ​សំខាន់ៗ នៃ​ពិធី​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ៖ «យើង​ត្រួត​ពិនិត្យ​កម្លាំង​របស់​យើង​ដែល​ចុះ​ទៅ​ការពារ​នៅ​តាម​គោលដៅ​ក្រែង​មាន​ខ្វះ​ចន្លោះ​អី​ណា! ការ​សង្គ្រោះ​របស់​យើង គឺ​មាន​សង្គ្រោះ​ទាំង​ពី​អគ្គីភ័យ មាន​តាំង​រថយន្ត​សង្គ្រោះ ហើយ​អ្នក​ណា​ទាន់​មុន​អ្នក​ហ្នឹង​យក។ ឧទាហរណ៍​ដូច​ខាង​សុខាភិបាល ខាង​រាជ​អាវុធហត្ថ ហើយ​ខាង​ប៉ូលិស​សុទ្ធតែ​មាន​រថយន្ត​សម្រាប់​ត្រៀម​សង្គ្រោះ​ហើយ»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឬ​បុណ្យ​ជាតិ​ធំៗ​ម្ដងៗ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ឆ្នាំង តែង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​តាម​ទីតាំង​កម្សាន្ត​នានា​ក្នុង​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល