រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​ជូន​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ ដែន អយុធ្យា
2017.04.12
យន្ត មីន ២០១៦ ៨៥៥ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (រូប​ពី​ឆ្វេង​ទី​២) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ទាក់ទង​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នា​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​វិស័យ​ឯកជន រួម​គ្នា​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​គុណភាព​សេវាកម្ម​ទេសចរណ៍ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចូល​កម្សាន្ត​ខេត្ត​នេះ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

​ទន្ទឹម​គ្នា​នេះ មន្ត្រី​ជំនាញ​នគរបាល ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ទី​អារាម​នានា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​មាន​សុវត្ថិភាព​ទាំង​អស់​គ្នា។

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សុវត្ថិភាព និង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​អាស៊ីសេរី ដឹង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំៗ​នេះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កងរាជអាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ​នៅ​តាម​គោលដៅ​នានា រួម​មាន តាម​ទី​វត្តអារាម និង​ទីកន្លែង​កម្សាន្ត​នានា​ទាំង​យប់​ថ្ងៃ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​ភាព​រីករាយ​តាម​ក្រុម​គ្រួសារ​នីមួយៗ។

​លោក យន្ត មីន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ជ្រើស​យក​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ សម្រាប់​ដំណើរ​កម្សាន្ត ស្រូប​យក​ខ្យល់​ជំនោរ​សមុទ្រ​នៅ​តាម​ឆ្នេរ និង​កោះ​នានា​ឲ្យ​បាន​ច្រើន​កុះករ។ ជាង​នេះ​ទៀត កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​ត្រៀម​លក្ខណៈ​ការពារ​សន្តិសុខ​សុវត្ថិភាព ២៤​ម៉ោង ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដោយ​យក​ចិត្ត​ទុក​ដាក់៖ «ខេត្ត​យើង​បាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ដើម្បី​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​សប្បាយរីករាយ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ក្នុង​ន័យ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មាន​សន្តិភាព និង​ភាព​រីកចម្រើន​របស់​ប្រទេស​ជាតិ ​របស់​ខេត្ត​ព្រះសីហនុ ក្រោម​ដំបូល​ដឹក​នាំ ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាំ​ឲ្យ​ប្រទេស​​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការ​អភិវឌ្ឍ។ ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ខេត្ត​យើង​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត​នៅ​តាម​ឆ្នេរ​មួយ​ចំនួន មាន​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ឈើទាល ឬ​តាម​ទី​អារាម និង​នៅ​តំបន់​កោះ​ខ្ចង ស្រុក​ព្រៃនប់ ជាដើម ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ»

លោក យន្ត មីន ក៏​បាន​បង្ហាញ​ជម្រើស​កម្សាន្ត​សម្រាប់​ផ្ដល់​ភាព​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ​ដោយ​អះអាង​ថា រដ្ឋបាល​ខេត្ត​នេះ​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ មាន​វិស័យ​ឯកជន ឬ​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ជាដើម បង្កើត​ឲ្យ​មាន​កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ប្រគំ​តន្ត្រី​សម័យ​ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ និង​នៅ​តំបន់​ផ្លូវ​ចូល​ទៅ​កាន់​មូលដ្ឋាន​កោះ​ខ្យង ស្រុក​ព្រៃនប់ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​សប្បាយ​រីករាយ​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា។

ឆ្លៀត​ឱកាស​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សូម​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ឬ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​តាម​គោលដៅ​នីមួយៗ​ខ្លួន នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ៖ «សូម​ជូនពរ​ដល់​លោក លោកស្រី អ្នកនាង កញ្ញា ឯកឧត្ដម លោក​ឧកញ៉ា មន្ត្រី​រាជការ ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ឲ្យ​មាន​សេចក្ដី​សុខ និង​មាន​សុវត្ថិភាព ប្រកប​កិច្ច​ការងារ​អ្វី​សូម​ឲ្យ​បាន​សម្រេច​គ្រប់ៗ​គ្នា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។ បើ​ជា​មន្ត្រី​រាជការ​សូម​ឲ្យ​ទទួល​ជោគជ័យ​ក្នុង​ការងារ និង​បាន​ឡើង​បុណ្យស័ក្ដិ​គ្រប់ៗ​គ្នា ហើយ​បើ​ជា​ប្រតិបត្តិករ​ទេសចរ ឬ​អាជីវករ​ក៏​សូម​ឲ្យ​ការ​ប្រកប​របរ​ទទួល​ទាន​លក់​ដូរ​ដាច់ ឬ​មាន​អតិថិជន​ច្រើន»

​ចំណែក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ មាន​បុណ្យ​ចូល​ឆ្នាំ​ជាដើម កម្លាំង​របស់​លោក​បាន​បន្ថែម​កម្លាំង និង​បែង​ចែក​ឲ្យ​ប្រចាំ​ការ​ទាំង​យប់​ថ្ងៃ​នៅ​តាម​រមណីយដ្ឋាន កន្លែង​កម្សាន្ត និង​នៅ​តាម​វត្ត​អារាម​ជាដើម ដើម្បី​រង់ចាំ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរ​ជា​ប្រចាំ។

លោក​ស្នងការ​ទទូច​ដល់​ប្រតិបត្តិករ​ទេសចរ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ចូល​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល និង​កម្លាំង​ជំនាញ​ដទៃ​ទៀត ដើម្បី​ឈាន​ដល់​រក្សា​ការពារ​សន្តិសុខ ឬ​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​ឲ្យ​មាន​សុវត្ថិភាព​ល្អ។

លោក ជួន ណារិន្ទ បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ពិសេស​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ការ​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា ជាពិសេស​អ្នក​បើកបរ​គ្រប់ៗ​រូប ត្រូវ​មាន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់។

​បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ ឲ្យ​ដឹង​ថា រដ្ឋបាល​ក្រុង​នេះ បាន​ត្រៀម​ជា​ស្រេច​រង់ចាំ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ចូល​មក​កម្សាន្ត​មូលដ្ឋាន​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។

លោក អ៊ី សុខឡេង ក៏​បាន​ជូនពរ​ប្រជាពលរដ្ឋ​ទូទៅ សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ឬ​ដំណើរ​កម្សាន្ត​នៅ​តាម​ទីតាំង​ផ្សេងៗ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​នេះ ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​តាម​ក្រុម​គ្រួសារ​នីមួយៗ។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​អញ្ជើញ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន ព្រោះ​មូលដ្ឋាន​នេះ​មាន​ឧទ្យានជាតិ ឆ្នេរ​សមុទ្រ​មាន​សោភ័ណភាព ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក និង​ឆ្នេរ​លើ​ដី​កោះ​សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ រូប​គំរាមកំហែង និង​មាន​កម្លាំង​ការពារ​ជំនាញ​រង់ចាំ​ការពារ​សន្តិសុខ ទាំង​លើ​គោក និង​នៅ​លើ​ផ្ទៃ​សមុទ្រ។

លោក អ៊ី សុខឡេង៖ «កម្លាំង​ជំនាញ​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម ក៏​បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ផ្លូវ​ធ្វើ​ដំណើរ​សំខាន់ៗ សម្រាប់​រង់ចាំ​សម្រួល​ការ​ធ្វើ​ចរាចរណ៍ និង​រក្សា​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ព្រមទាំង​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ទេសចរណ៍ នៅ​តាម​តំបន់​ឆ្នេរ​រង់ចាំ​ឃ្លាំមើល​សកម្មភាព​របស់​ភ្ញៀវទេសចរ​ចុះ​ងូតទឹក​កម្សាន្ត​នៅ​តាម​ឆ្នេរ​សមុទ្រ ដោយ​យកចិត្តទុកដាក់​ថែម​ទៀត»

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក ឡាវ កាំង ឲ្យ​ដឹង​ថា វិស័យ​ឯកជន​ខេត្ត​នេះ​បាន​រៀបចំ​តាំង​ពិព័រណ៍​ស្តង់​លក់​ទំនិញ​ក្នុង​ស្រុក​ជិត ១០០​ស្តង់ និង​រៀបចំ​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ ព្រម​ទាំង​ប្រគំ​តន្ត្រី​សម័យ​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត និង​ទស្សនា​រហូត​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ។ លោក​អះអាង​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំៗ​នេះ នឹង​ទទួល​បាន​ភាព​រីករាយ​ទ្វេ​ដង ព្រោះ​អាច​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​ឆ្នេរ​លើ​ដី​កោះ និង​ឆ្នេរ​លើ​ដី​គោក​ដ៏​សម្បូរ​បែប។ ពួកគេ​ក៏​អាច​ចូលរួម​លេងល្បែង​ប្រជាប្រិយ និង​រាំ​កម្សាន្ត​តន្ត្រីសម័យ ដែល​ប្រគំ​បម្រើ​នៅ​តាម​ទីតាំង​មួយ​ចំនួន​មាន​ឆ្នេរ​អូរ​ឈើទាល ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា មាន​ប្រសាសន៍​ថា នៅ​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ចូល​មក​ដល់​រូប​លោក​បាន​អញ្ជើញ​អ្នក​ប្រកប​របរ​ទទួល​ទាន​ពី​សេវា​ទេសចរណ៍​ឲ្យ​មក​ប្រជុំ និង​ស្នើ​ឲ្យ​ពិចារណា​ទៅ​លើ​ការ​កំណត់​តម្លៃ​សេវាកម្ម ទាំង​ការ​ស្នាក់នៅ និង​សេវា​ចំណី​អាហារ​ឲ្យ​បាន​សមរម្យ​ជូន​ភ្ញៀវទេសចរ ដោយ​មិន​ត្រូវ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​ឲ្យ​ខ្ពស់​ហួសហេតុ ឬ​បើសិនជា​អាច​ស្នើ​ឲ្យ​រក្សា​តម្លៃ​ថេរ​ដូច​ថ្ងៃ​ធម្មតា ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ទទួល​បាន​ភាព​សប្បាយ​រីករាយ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំៗ​នេះ។

លោក សុចិត្រគ្រឹស្នា បង្ហាញ​ជំនឿ​ផ្ទាល់​ខ្លួន​ថា ការ​កំណត់​តម្លៃ​សេវា​ស្នាក់​នៅ ឬ​ចំណី​អាហារ​ហូប​ចុក​មាន​តម្លៃ​សមរម្យ នឹង​អាច​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ កើន​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​រស់​នៅ​ខេត្ត​ព្រះសីហនុ ដែល​ទទួល​បាន​ពី​សេវា​បម្រើ​វិស័យ​ទេសចរណ៍ ក៏​មាន​កំណើន​តាម​នោះ​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី កន្លង​ទៅ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​បុណ្យ​ភ្ជុំ ឬ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម​តម្លៃ​សេវាកម្ម​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ មាន​ដូច​ជា​សេវា​ស្នាក់​នៅ និង​ចំណី​អាហារ​ជាដើម ត្រូវ​ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន​ដំឡើង​តម្លៃ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​មួយ​ទ្វេ​ជា​៣ ឬ​ច្រើន​ជាង​នេះ។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ ពិសេស​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់ចំណូល​ទាប។ ប្រការ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​រារែក ឬ​មិន​ហ៊ាន​នាំ​ក្រុម​គ្រួសារ​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ទេ​ពេល​មាន​បុណ្យទាន​ម្ដងៗ ព្រោះ​បារម្ភ​ខ្លាច​ខ្វះ​ថវិកា​សម្រាប់​ចំណាយ​ទៅ​លើ​អាហារ និង​ការ​ស្នាក់​នៅ​ដែល​ប្រតិបត្តិករ​ទេសចរ​ដំឡើង​តម្លៃ​ខ្ពស់​កប់​ពពក។ ប៉ុន្តែ​ក្រុម​អាជីវករ ឬ​ប្រតិបត្តិករ​ទេសចរ​បម្រើ​សេវា​លើ​វិស័យ​ទេសចរណ៍​ថ្លែង​ថា នៅ​ពេល​មាន​ពិធីបុណ្យ​ធំៗ​ចូល​មក​ដល់ ដែល​មាន​ភ្ញៀវទេសចរ​ច្រើន​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ គឺ​ជា​ឱកាស​រក​ប្រាក់​ចំណូល ឬ​ប្រាក់​ចំណេញ​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។