ជនជាតិ​ចិន​៣​នាក់​ដែល​សង្ស័យ​លាង​លុយ​កង្វក់​ជាង​៣​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ដោយ មួង ណារ៉េត
2019.04.27
តុលាការ ភ្នំពេញ ៨៥៥ ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
Photo: RFA

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ជនជាតិ​ចិន​ចំនួន​៣​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សង្ស័យ​ពី​បទ​នាំចូល​លុយ​ពី​ក្រៅ​ប្រទេស​យក​មក​សំអាត​នៅ​កម្ពុជា ចំនួន​៣​លាន ៥​សែន ២​ម៉ឺន​ដុល្លារ​អាមេរិក។

អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយក​អន្តោប្រវេសន៍ លោក កែវ វណ្ណថន ប្រាប់​អាស៊ីសេរី ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ក្រោយពេល​សមត្ថកិច្ច​សួរនាំ​នៅ​ស្នងការ​ប៉ូលិស​រួចរាល់។

លោក​ឱ្យ​ដឹង​ថា នៅមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​បី​នាក់ ឆ្លើយ​ថា លុយ​នោះ គឺ​ពួកគេ​ឈ្នះ​ល្បែង តែ​សមត្ថកិច្ច​យល់ថា នោះ​ជា​ការ​ដោះសារ។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​ស្នើសុំ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​ស៊ើបអង្កេត​ករណី​លុយ​ទាំងនោះ។

ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ពោធិចិនតុង កាលពី​ថ្ងៃ​ទី២៣ មេសា ដោយសារ នាំចូល​លុយ​មាន​ប្រភព​មិន​ច្បាស់លាស់​ពី​ទីក្រុង​ហុងកុង ចូល​មក​កម្ពុជា។

លោក កែវ វណ្ណថន បញ្ជាក់​ថា ក្រៅពី​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​នៅ​កម្ពុជា​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។