ប្រជា​នេសាទ​ចោទ​ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម​ហ៊ុមព័ទ្ធ​ឆ្នេរ​ប៉ះពាល់​របរ​គ្រួសារ

ដោយ អាស៊ីសេរី
2017.11.13
គ្រែងឈាម កោះខ្យង ២០១៦ ៦២២ ពលរដ្ឋ​ជួបជុំ​គ្នា​តវ៉ា​លើ​ទូក ព្រមទាំង​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​ការ​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ស៊ុម​គ្រែង​ឈាម​នៅ​លើ​កោះខ្យង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦។ RFA
Photo: RFA

ប្រជា​នេសាទ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ បាន​ចោទ​ឈ្មួញ​ចិញ្ចឹម​កូន​គ្រែងឈាម នៅ​ម្ដុំ​តំបន់​កោះខ្យង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថា បាន​ហ៊ុមព័ទ្ធ​ឆ្នេរសមុទ្រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់។

អាជ្ញាធរ​ស្រុក​ព្រៃនប់​ថា នឹង​មាន​វិធានការ​ទៅលើ​បញ្ហា​នេះ ដើម្បី​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​អាច​ទទួលយក​ផល​ពី​ធម្មជាតិ​បាន​ទាំងអស់​គ្នា។

ប្រជា​នេសាទ​រស់នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ពិសេស​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​រដ្ឋបាល​ជលផល​កំពង់សោម​ជាដើម ជួយ​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ និង​ជួយ​អន្តរាគមន៍ ជួយ​ប្រជា​នេសាទ​នៅ​តំបន់​នេះ អាច​ប្រកប​របរ​នេសាទ នៅ​លើ​ផ្ទៃ​សមុទ្រ​ឲ្យ​ទូលំទូលាយ​ឡើងវិញ។

អ្នកនេសាទ​រស់នៅ​តំបន់​កោះខ្យង ចោទ​ថា ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម​មួយ​ចំនួន បាន​បើក​ធ្វើ​ជំនួញ​នេះ ដោយ​អាងខ្នង​បង្អែក​កាង​ការពារ​តែ​រៀងៗ​ខ្លួន​ហើយ​ឈ្មួញ​ខ្លះ បាន​បើក​ធ្វើ​វារីវប្បកម្ម​ចិញ្ចឹម​គ្រែង​ឈាម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ថែមទៀត។ ពលរដ្ឋ​ចោទ​ថា មាន​ឈ្មួញ​ខ្លះ​បាន​ហ៊ុំមព័ទ្ធ​ស៊ុម​គ្រែង​ឈាម​នេះ លើស​ទំហំ ដែល​ច្បាប់​បាន​អនុញ្ញាត។

អភិបាលស្រុក​ព្រៃនប់ លោក សរ កក្កដា មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ និង​បាន​វាស់វែង​ទីតាំង​ធ្វើ​វារីវប្បកម្ម​ចិញ្ចឹម​គ្រែង​ឈាម​ចំនួន ៣​ទីតាំង នៅ​ភូមិ​កោះខ្យង ឃុំ​អូរជ្រៅ នេះ​រួម​ហើយ​។ លោក​បញ្ជាក់​ថា លោក​ត្រៀម​បញ្ជូន​របាយការណ៍​នេះ​ជូន​រដ្ឋបាល​ខេត្ត មាន​វិធានការ​បន្ត​ទៀត។ លោក​បន្ត​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ឃើញ​មាន​អាជីវករ​ខ្លះ បាន​ហ៊ុមព័ទ្ធ​ទំហំ​ផ្ទៃ​ទឹកសមុទ្រ ឬ​ឆ្នេរសមុទ្រ លើស​ពី​ទំហំ ដែល​ស្ថាប័ន​ជំនាញ​បាន​អនុញ្ញាត។

លោក សរ កក្កដា បញ្ជាក់​ទៀត​ថា ម្ចាស់​ធ្វើ​អាជីវកម្ម ៣​ទីតាំង នៅ​តំបន់​កោះ​ខ្យង ដែល​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ទីតាំង ធ្វើ​វារីវប្បកម្ម​មានឈ្មោះ លោកស្រី ផេង នី បាន​ស្នើ​សុំ ១០​ហិកតារ ប៉ុន្តែ​ជាក់ស្ដែង​បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ប្រមាណ ២០​ហិកតារ។ លោក លីវ លីម បាន​ស្នើ​សុំ ៥​ហិកតារ បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ប្រមាណ ៦​ហិកតារ និង​លោកស្រី ស៊ូ ចាន់ផន បាន​ស្នើ​សុំ ៥​ហិកតារ ប៉ុន្តែ​ជាក់ស្ដែង បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ប្រមាណ ១០​ហិកតារ។

ត្រង់​ចំណុច​នេះ លោក សរ កក្កដា បាន​ព្រមាន​ថា ចំពោះ​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​ទាំង ៣​ទីតាំង ដែល​បាន​បោះ​បង្គោល​តម្រុយ ឬ​ហ៊ុមព័ទ្ធ​ស៊ុម​លើ​ទំហំ​ផ្ទៃ​ទឹកសមុទ្រ​ដែល​បាន​ស្នើ​សុំ លោក​នឹង​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​ជៀសវាង ការ​ឆ្លើយ​ដាក់គ្នា​នា​ថ្ងៃ​អនាគត។ ជាពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​របរ​នេសាទ​សមុទ្រ ជា​លក្ខណៈ​គ្រួសារ របស់​ប្រជា​នេសាទ​នៅ​តំបន់​កោះ​ខ្យង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។