ពលរដ្ឋ​ដែល​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​ពី​សំណាក់​សមត្ថកិច្ច​ខែត្រ​ក្រចេះ​កើន​ដល់​៨​នាក់

ដោយ​ ជុន ច័ន្ទបុត្រ និង ទីន ហ្សាការីយ៉ា
2018-03-08
Share
តវ៉ា ដីធ្លី ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

ក្រៅ​ពី​ព័ត៌មាន​បឋម ដែល​អាស៊ីសេរី​ទទួល​បាន​តាម​ការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​អ្នក​ស្រុក និង​ពី​សង្គម​ស៊ីវិល​ដែល​អះអាង​ឃើញ​ហេតុការណ៍​នោះផ្ទាល់ភ្នែក ថា​មាន​មនុស្ស​ស្លាប់ ៨​នាក់។ អាស៊ីសេរី​នៅ​មិន​​ទាន់​ទទួល​បាន​ភស្តុតាង​ដ៏ទៃ​ទៀត មាន​ដូច​ជា​រូបភាព​សាក​សព​ជា​ដើម​ទេ។ អ្នក​ដែល​អះអាង​ថា​ថត​រូប​សាកសព​បាន​តាម​ទូរស័ព្ទ​ដៃ​ប្រាប់​អាស៊ីសេរីថា ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​យក​ទូរស័ព្ទ​ដៃ​របស់​ពួក​គាត់​កំទេច​ចោល​អស់។

ព័ត៌មាន​បឋម មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស នៅ​ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មីនា នេះ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាញ់​ពលរដ្ឋ​តវ៉ា​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ ស្លាប់​៦​នាក់ និង​ជាង​១០​នាក់​រង​របួស និង​៤០​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន។

លោក ប៊ី វ៉ាន់នី មាន​ប្រសាសន៍​ថា ព័ត៌មាន​បឋម​ដែល​លោក​ទទួល​បាន ជម្លោះដីធ្លី​នេះ​កើតឡើង​នៅ​ក្រោយ​ពេល​អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ក្រុម​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ កាលពី​ថ្ងៃ​ទី​៧ មីនា មិន​ត្រូវរ៉ូវ​គ្នា ហើយ​ពលរដ្ឋ​ប្រមាណ​៤០០​នាក់​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​វេលា​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃ ក៏​មាន​អំពើ​ហិង្សា​ផ្ទុះ​អាវុធ បាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ទាំងនោះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ មាន​ទាហាន​ប្រមាណ​១៥០​នាក់ រួម​ទាំង​នគរបាល និង​កង​រាជ​អាវុធ​ជាច្រើន​ទៀត។

ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​កន្លែង​កើត​ហេតុ អ្នកស្រី ទិន ភ័ក្រ អះអាង​ថា អាជ្ញាធរ​បាន​បាញ់​គ្រាប់​ពិតជា​ច្រើន ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី បណ្ដាល​ឲ្យ​ស្លាប់​ពីរ​នាក់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ ចំណែក ៤​នាក់​ទៀត បាត់​ខ្លួន ខណៈ​ពីរ​នាក់​ទៀត​រង​របួស​ដឹក​ទៅ​សង្គ្រោះ​នៅ​ខេត្ត​ក្រចេះ។

អ្នកស្រី ទិន ភ័ក្រ ដែល​ឋិត​ក្នុង​ហេតុការណ៍​រៀបរាប់​ថា ពេញ​បាញ់​ស្លាប់​នោះ គឺ​ទាហាន​បាន​អូស​អ្នក ទាំងពីរ​ដាក់​ឡាន​ចេញទៅ​បាត់។ ចំណែក​៤​នាក់​ទៀត បាន​បាត់​ខ្លួន​មិន​ដឹង​ថា ស្លាប់ ឬ​របួស ហើយ ត្រូវ​ទាហាន​ដឹក​យក​ទៅ​បាត់​ឬ​យ៉ាងណា​ឡើយ ខណៈ​ពេល​នេះ ពលរដ្ឋ​កំពុង​ជ្រួលច្របល់ និង​ស្វែង រក។

អ្នកស្រី ទិន ភ័ក្រ បញ្ជាក់​ពី​ប្រវត្តិ​ដីធ្លី​នេះ មាន​ជម្លោះ​តាំងពី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ របស់​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ហើយ​បាន​ទៅ​ឈូសឆាយ​ដី​ដំណាំ​របស់​ពួកគាត់ ទើប​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា។

អ្នកស្រី​អះអាង​ទៀត​ថា ក្រុម​អាជ្ញាធរ​មិន​ត្រឹមតែ​បំផ្លាញ​ផ្ទះសម្បែង​របស់​គាត់ អាជ្ញាធរ​បាន​បេះបោច​ដំណាំ​របស់​ពួក​គាត​ថែមទៀត។

សូម​តាមដាន​ស្ដាប់​បទសម្ភាសន៍​ជាមួយ​មន្ត្រី​អាដហុក (Adhoc) និង​ពលរដ្ឋ​រងគ្រោះ រួម​នឹង​សាក្សី បន្ថែម​ទៀត​ពី​ករណី​នេះ​ដូច​តទៅ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល