អ្នកឃ្លាំមើល​សង្គម​បន្ត​រិះគន់​វត្តមាន​ជនជាតិ​ចិន​ចូល​មក​រស់នៅ​និង​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ជាតិ ចំណាន
2018-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
RFA

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​ទៀត ចំពោះ​សុវត្ថិភាព​ក្នុង​ការ​រស់នៅ ព្រោះ​បទល្មើស​ហិង្សា​បង្ក​ដោយ​ជនជាតិ​ចិន នា​មូលដ្ឋាន​នេះ បាន​បន្ត​កើតមាន​ស្ទើរ​ជា​រាល់​យប់​ថ្ងៃ ហើយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​មិនទាន់​បាន​ល្អ​ទេ។

ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​រស់នៅ ការ​ប្រកប​របរ​ទទួល​ទាន របស់​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ ពិសេស​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​កូនចៅ បាន​កើតមាន​ជា​ថ្មី​ទៀត ដោយសារតែ​ជនជាតិ​ចិន​បន្ត​បង្ក​អំពើ​ហិង្សា។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ ជនជាតិ​ចិន​មួយ​ក្រុម បាន​ប្រមូល​បក្ខពួក​មួយ​ក្រុម មាន​គ្នា​ប្រមាណ​ជាង​២០​នាក់ ទៅ​ព្រួត​វាយ​កាប់​ចាក់​ជនបរទេស​មួយ​ក្រុម​ផ្សេងទៀត​បង្ក​ឲ្យ​មនុស្ស​ប្រាំពីរ​នាក់​រង​របួស។

ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បង្កហេតុ​រួច ក្រុម​ជនសង្ស័យ ក៏បាន​នាំគ្នា​គេចខ្លួន ហើយ​មិន​ឃើញ​មាន​វត្តមាន​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ចេញមុខ​មក​ជួយ​អន្តរាគមន៍​ចាប់​ជនល្មើស​ឲ្យ​បាន​ទាន់​ពេល​នោះ​ទេ។

ករណី​ហិង្សា​នេះ ធ្វើ​ឲ្យ​ទាំង​អាជីវករ និង​អាណាព្យាបាល​មួយ​ចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ជាថ្មី អំពី​សុវត្ថិភាព​កូនចៅ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជាដើម ព្រោះ​មូលដ្ឋាន​នេះ បាន​បន្ត​កើតមាន​បទល្មើស​ចាប់ជំរិត គ្រោះថ្នាក់​ចរាចរណ៍ និង​ហិង្សា​វាយ​កាប់​ចាក់​គ្នា បង្ក​ដោយ​ជនជាតិ​ចិន បាន​កើតមាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នេះ​គ្រប់គ្រង​មិនទាន់​បាន​ល្អ​ទេ។

អាជីវករ​ប្រកប​របរ​នាទី​ប្រ​ជុំជន​ក្នុង​ក្រុងព្រះសីហនុ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ គេ​ពុំ​សូវ​ឃើញ អាជីវករ​ជនជាតិ​អឺរ៉ុប ឬ​វត្តមាន​ជនបរទេស​មកពី​អឺរ៉ុប ឬ​គេ​និយម​ហៅថា ភ្ញៀវ​ទេសចរ​ច្រមុះ​ស្រួច​នោះ​បង្ហាញ​វត្តមាន នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ច្រើន​ទេ ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ៖ «ចាប់​តាំងពី​ចិន​បាន​ចូល​មក​ក្រឡុង​ទីផ្សារ​ផ្ទះសម្បែង​ក្នុង​ក្រុងព្រះសីហនុ​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​ទាំង​អាជីវករ​ជនជាតិ​អឺរ៉ុប និង​ជនជាតិ​ខ្មែរ​ភាគច្រើន បាន​ខ្លាចរអា និង​ហាក់បីដូចជា​គ្មាន​សមត្ថភាព បន្ត​របរ​ទទួល​ទាន នៅ​ខេត្ត​ព្រះសីហនុ​ទៀត​ទេ និង​បាន​ធ្វើ​ចំណាកស្រុក​ទៅកាន់​ទីកន្លែង​ផ្សេងៗ»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licdho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី បាន​ឲ្យ​ដឹង​ថា នៅ​តាម​ទី​ប្រជុំជន​ក្រុងព្រះសីហនុ​រាល់ថ្ងៃ កើតមាន​អំពើ​ហិង្សា បង្ក​ដោយ​ជនជាតិ​ចិន ស្ទើរ​ជា​រៀងរាល់​យប់​ថ្ងៃ​ពិតប្រាកដ​មែន។ អ្នកឃ្លាំមើល​សង្គម​រូប​នេះ សង្កេត​ឃើញ​ថា មូលដ្ឋាន​នេះ​បាន​កើតមាន​អំពើ​ហិង្សា​វាយ​កាប់​ចាក់ បទល្មើស​ចាប់ជំរិត បទល្មើស​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​បាញ់​បោះ​សេរី បាន​បន្ត​កើតមាន ហើយ​ភាគច្រើន សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម ចេញ​ធ្វើ​អន្តរាគមន៍​មិនបាន​ទាន់​ពេល​នោះ​ទេ។ ក្នុង​នោះ ក៏​មាន​ពេលខ្លះ ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម គឺ​បាន​លាក់បាំង​បទល្មើស មិន​ឲ្យ​លេចឮ​មក​ខាងក្រៅ​ជាច្រើន​ករណី​នា​ពេល​កន្លងមក៖ «កន្លង​មក​ខាង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​លោក​ធ្លាប់​បាន​អះអាង​ពី​ការធានា នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែរ​។ ហើយ​ឃើញ​ថា បញ្ហា​បង្ក​អសន្តិសុខ បញ្ហា​ហិង្សា​វៃ​កាប់​ចាក់​គ្នា និង​បញ្ហា​គ្រឿងញៀន​ផ្សេងៗ​ជាដើម រាប់ទាំង​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​ជនជាតិ​ចិន គឺ​នៅតែ​បន្ត​កើតមាន​ច្រើន​ករណី​នៅឡើយ​ទេ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​សង្កេត​ឃើញ​ថា បទល្មើស​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេល​វេលា ដែល​អាច​ជួយ​សម្រួល​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ និង​ការភ័យខ្លាច របស់​ពួកគាត់»

លោក ស្រេង វ៉ាន់លី អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏បាន​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន​ស្ថាប័ន​នគរបាល កងរាជអាវុធហត្ថ និង​ស្ថាប័ន​តុលាការ​ខេត្ត​ព្រះសីហនុ​ជាដើម ត្រូវ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំង​ជនជាតិ​ចិន និង​ជនជាតិ​ដ៏ទៃ​ទៀត​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ទប់ស្កាត់​បទល្មើស​នា​មូលដ្ឋាន​នេះ​ឲ្យ​ថយ​ចុះ​នា​ថ្ងៃ​ខាងមុខ។

ចំណែក អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏បាន​អះអាង​ស្រដៀង​គ្នា​ថា បទល្មើស​ផ្សេងៗ​បង្ក​ដោយ​ជនជាតិ​ចិន ពិតជា​បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។

ករណី​នេះ អ្នកស្រី ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន ឲ្យ​ជួយ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកប​របរ​ផ្សេងៗ​នា​មូលដ្ឋាន​ទីប្រជុំជន​ក្រុងព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែមទៀត ព្រោះ​តាម​ការ​កត់​សម្គាល់​ឃើញ​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ​ខេត្ត​ព្រះសីហនុ តែង​បង្ក​បទល្មើស​ផ្សេងៗ រួមមាន​បង្កើត​ឲ្យ​មាន​ក្រុម​បង​តូច​បងធំ បង្ក​បទល្មើស​វៃ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់ជំរិត​មនុស្ស​ទារ​ប្រាក់​ជាដើម។

អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​នីមួយៗ ត្រូវ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកបការងារ​ផ្សេងៗ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​។ ជាង​នេះ ក៏​ស្នើ​ដល់​មន្ត្រី​ស្ថាប័ន​ជំនាញ​មាន​កងកម្លាំង​ប្រដាប់អាវុធ និង​តុលាការ​ជាដើម ត្រូវ​អនុវត្ត​ច្បាប់​ទៅលើ​បទល្មើស​បង្ក​ដោយ​ជនជាតិ​ចិន​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀស​ឲ្យ​ផុត​ពី​អំពើពុករលួយ ដែល​អាច​នឹង​កើតមានឡើង៖ «យើង​ឃើញ​ថា​ពេលខ្លះ​ការ​រីកចំរើន​ហ្នឹង​វា​បានតែ​ទៅលើ​មនុស្ស​មួយ​ចំនួន​តូច​ទេ ប៉ុន្តែ​ផល​ប៉ះពាល់ ដែល​កើតឡើង​ពី​ការ​អភិវឌ្ឍ ឬ​ការ​វិនិយោគ របស់​ជនជាតិ​ចិន គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ ឬ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ពួកគាត់​រក​ប្រាក់​ចំណូល​បាន​ទាប។ ជាង​នេះ ក៏បាន​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​អតិថិជន​ជនជាតិ​ខ្មែរ​ដែរ ព្រោះ​កាល​មុន​មាន​វត្តមាន​ចិន​ចូល​មក​ខេត្ត​ព្រះសីហនុ គឺ​អាជីវករ​ជនជាតិ​ខ្មែរ បាន​ចូល​មក​ប្រកប​របរ​ទទួលទាន​ច្រើន​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​ពេលនេះ ពួកគេ​បាន​បង្វែរ​ទិសដៅ​ទៅកាន់​គោលដៅ​ផ្សេងៗ​វិញ គឺ​ដោយសារតែ​មក​ខេត្ត​ព្រះសីហនុ​គឺ​លំបាក ព្រោះ​ក្រៅ​តែ​ពី​ការ​លំបាក​ទៅលើ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ ផ្លូវ ទឹក ភ្លើង គឺ​វា​ពិបាក​ទៅលើ​តម្លៃ​សេវា​ផ្សេងៗ មានតម្លៃ​ថ្លៃ​ខ្ពស់​ជា​ពី​ពេលមុន ទាំង​ការ​ស្នាក់នៅ និង​តម្លៃ​ម្ហូបអាហារ»

អ្នកឃ្លាំមើល​សង្គម​បង្ហាញ​ទស្សន​ថា វត្តមាន​ជនជាតិ​ចិន​មក​រស់នៅ និង​វិនិយោគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ ទំនងជា​អាច​ជា​ដើមហេតុ​នាំ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​បរទេស​មកពី​អឺរ៉ុប ខ្លាចរអា​មិន​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​ច្រើន​ទៀត​ទេ នៅ​បណ្ដា​ឆ្នាំ​ខាងមុខ ព្រោះ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ទោះជា​បែបនេះ​ក្តី ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ តែង​អះអាង​ថា កម្លាំង​នគរបាល​របស់​លោក បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងទៀត បាន​ពង្រាយ​ប្រចាំការ និង​ល្បាត​ការពារ​សុវត្ថិភាព​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ លោក​បញ្ជាក់​ថា ជា​បន្តបន្ទាប់​មកនេះ កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ហិង្សា គ្រឿងញៀន បាញ់​បោះ​សេរី និង​បទល្មើស​ចាប់ជំរិត​មនុស្ស​ជាដើម បានជា​ច្រើន​ករណី និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​តុលាការ​ផ្ដន្ទាទោស​មាន​ផល​វិជ្ជមាន ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក​នេះ។

កាល​ពី​ដើម​ឆ្នាំ​២០១៨ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ផ្ញើ​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដោយ​រៀបរាប់​ពី​ផល​ប៉ះពាល់​នៃ​កំណើន​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​របាយការណ៍​នោះ លោក យន្ដ មីន បញ្ជាក់​ថា កំណើន​ជនបរទេស ជាពិសេស​ជនជាតិ​ចិន គឺ​មាន​ចំនួន​ច្រើន​ជាងគេ​ចូល​មក​រស់នៅ និង​ប្រកប​របរ​នា​ខេត្ត​ព្រះសីហនុ។ លោក​ថា កំណើន​នេះ គឺ​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​បញ្ហា​មួយ​ចំនួន​រួមមាន​៖ ការ​បង្ក​ឱកាស​ដល់​ជនជាតិ​ចិន​ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទល្មើស បង្ក​អ​សន្តិសុខ និង​ចាប់ជំរិត។ ក្នុង​នោះ​អ្នក​វិនិយោគ​មួយ​ចំនួន បាន​ជួល​ផ្ដាច់មុខ​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន​ធំ ដែល​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​ខ្វះខាត​នៅ​ពេល​បុណ្យទាន។ មន្ត្រី​ជាន់ខ្ពស់​ការទូត​ចិន ធ្លាប់​ទទួល​ស្គាល់​ថា ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​បង្ក​បញ្ហា​ដល់​ខេត្ត​នេះ និង​បាន​អរគុណ​អាជ្ញាធរ​ដែល​បាន​សហការ​បង្ក្រាប​អំពើ​ឧក្រិដ្ឋ​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល