ពលរដ្ឋនៅខេត្តបាត់ដំបង រិះគន់អាជ្ញាធរវាយកម្ទេចអគារចំណាស់យកដីធ្វើសួន
2023.06.22
ប្រជាពលរដ្ឋបង្ហាញការសោកស្ដាយ ដែលអាជ្ញាធរខេត្តបាត់ដំបង វាយកម្ទេចអគារបណ្ណាល័យចំណាស់មួយខ្នង ក្រោមហេតុផលថា អគារនោះចាស់ទ្រុឌទ្រោម និងមិនមែនជាសំណង់បុរាណ។ អ្នកជំនាញប្រវត្តិសាស្ត្រយល់ឃើញថា មុនវាយកម្ទេចសំណង់ចំណាស់ណាមួយ អាជ្ញាធរគួរសិក្សាលើអាយុកាល គុណភាព និងសារៈសំខាន់នៃសំណង់ទាំងនោះសម្រាប់ប្រយោជន៍សាធារណៈ។
ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងមិនពេញចិត្តនឹងអាជ្ញាធរដែលវាយកម្ទេចអគារបណ្ណាល័យចំណាស់មួយខ្នងរាបដល់ដី និងគ្រោងជំនួសវិញដោយសួនច្បារ។
ពលរដ្ឋនៅខេត្តបាត់ដំបង កញ្ញា រដ្ឋ សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាសោកស្ដាយអគារបណ្ណាល័យចំណាស់នេះ ព្រោះសំណង់ចាស់ៗជាចំណែកមួយនៃការទាក់ទាញភ្ញៀវទេសចរ និងជាការរួមចំណែកបង្ហាញអត្តសញ្ញាណខេត្តបាត់ដំបងដែលសម្បូរសំណង់បុរាណ។ កញ្ញាបន្តថា បើទោះបីបណ្ណាល័យនេះមិនមែនជាសំណង់បុរាណរាប់រយឆ្នាំក្ដី តែអគារនេះមានក្បាច់និងរចនាបថស្រស់ស្អាត ដែលគួរតែថែរក្សា និងរៀបចំសោភណភាព ដើម្បី ទាក់ទាញភ្ញៀវទេសចរ និងលម្អក្រុងបាត់ដំបង ជាជាងការវាយកម្ទេចចោល។
កញ្ញា រដ្ឋ សុជាតិ៖ «ខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែមានចំណាត់ការក្នុងការការពារថែរក្សា ដូចជាជួយឱ្យមើលថែសម្អាតឬក៏ជួសជុលស្ថាបត្យកម្មចាស់ៗ អគារចាស់ៗដើម្បីឱ្យវានៅឋិតថេរ ទុកឱ្យកូនចៅជំនាន់ក្រោយតៗទៀតឬក៏ទាក់ទាញភ្ញៀវទេសចរ ទុកវាជាភស្តុតាងសម្រាប់តទៅមុខទៀត»។
ស្រដៀងគ្នានេះ ពលរដ្ឋនៅខេត្តបាត់ដំបងម្នាក់ទៀត កញ្ញា សា ឌីណា ឱ្យដឹងថា អាជ្ញាធរខេត្តគួរផ្ដល់ដំណឹងដល់ពលរដ្ឋ មុនសម្រេចវាយកម្ទេចអគារនេះចោល ព្រោះអគារនេះរបស់សាធារណៈ និងដើម្បីចៀសវាងការរិះគន់។ ជាមួយគ្នានេះកញ្ញាបារម្ភថា ប្រសិនបើរដ្ឋបាលខេត្តនៅតែវាយកម្ទេចអគារមួយនេះដោយគ្មានការស្ទង់មតិពីប្រជាពលរដ្ឋបែបនេះទៀត នោះការវាយកម្ទេចសំណង់ចាស់ៗអាចនឹងកើតបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមខេត្តបាត់ដំបង ដែលជាខេត្តចំណាស់ និងសម្បូរសំណង់បុរាណ។
កញ្ញា សា ឌីណា៖ «រដ្ឋាភិបាល ក៏ដូចជាគណៈគ្រប់គ្រងដែលទាក់ទងនឹងការងារអភិវឌ្ឍ និងអភិរក្សកេរមរតកហ្នឹង ស្នើសុំឱ្យជួយថែរក្សាឡើងវិញ កុំកម្ទេចកេរមរតក ក៏ដូចជាសំណង់អគារចាស់ៗហ្នឹង ពីព្រោះពេលភ្ញៀវទេសចរគេមក គឺគេចង់ឃើញនូវអ្វីដែលយើងមានសល់ពីសម័យបុរាណមក ឬក៏តាំងពីជំនាន់សង្គ្រាមមកម្ល៉េះ»។
មកទល់ពេលនេះ អគារបណ្ណាល័យខេត្តបាត់ដំបង ត្រូវបានគ្រឿងចក្រវាយកម្ទេចរាបដល់ដី។ ការវាយកម្ទេចនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ មិថុនា អះអាងថា អគារនេះមានសភាពចាស់ទ្រុឌទ្រោមអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសគឺវាមិនមែនជាអគារបុរាណ ដើម្បីសង់សួនច្បារ សម្រាប់ពលរដ្ឋដើរលំហែជំនួសវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី២១ មិថុនា។ ចំណែកមន្ត្រីប្រចាំការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះប្រាប់ថា លោកស្រីមិនដឹងពីអាយុកាល និងប្រវត្តិអគារបណ្ណាល័យនេះនោះទេ ដោយលោកស្រីឱ្យទៅសួរប្រធានមន្ទីរ លោក គឹម សោភ័ណ វិញ។ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង លោក គឹម សោភ័ណ បានដែរ។
ទោះជាយ៉ាងណាពលរដ្ឋមួយចំនួនដែលមានវ័យប្រហែល៧០ ទៅ៨០ឆ្នាំ ពួកគាត់អះអាងថា អគារនេះសាងសង់ក្នុងសម័យសង្គមរាស្ត្រនិយម សម្រាប់ធ្វើជាមន្ទីរឃោសនាខេត្ត ដែលមានទីតាំងក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទល់មុខស្ថានីយរដ្ឋាករទឹកខេត្តបាត់ដំបង។ លុះក្រោយរំដោះចេញពីរបបខ្មែរក្រហម អគារនេះត្រូវបានជួសជុលឡើងវិញ សម្រាប់ធ្វើជាបណ្ណាល័យចន្លោះឆ្នាំ១៩៨០ ដោយមានអនុរក្សវ័យចំណាស់ម្នាក់ ដែលជាបុគ្គលិកចូលនិវត្តន៍នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការងារនៅទីនោះ។ បណ្ណាល័យសាធារណៈនេះ មានសៀវភៅអានច្រើនប្រភេទ ច្រើនភាសា ព្រមទាំងឯកសារចាស់ៗដែលបន្សល់ពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បណ្ណាល័យនេះដំណើរការរហូតមកដល់ចន្លោះឆ្នាំ២០១៥ ទៅ២០១៦ និងផ្អាកសកម្មភាពរហូតមកទល់ថ្ងៃវាយកម្ទេច។
ជុំវិញរឿងនេះ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា លើកឡើងថា រាល់ការវាយកម្ទេចសំណង់អគារចំណាស់ណាមួយ ត្រូវមានការចូលរួមពីក្រសួងទាំងបី រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ និងក្រសួងទេសចរណ៍ ដោយត្រូវសិក្សាទៅលើ អាយុកាល ភាពរឹងមាំ និងតម្លៃសំណង់សម្រាប់ប្រយោជន៍សាធារណៈ។ លោកបន្តថា ប្រសិនបើការវាយកម្ទេចធ្វើឡើងដោយមិនផ្អែកលើគោលការណ៍ទាំងបីនេះទេ នោះវាអាចនឹងប៉ះពាល់ ឬលុបដានប្រវត្តិសាស្ត្រ។
លោក សំបូរ មាណ្ណារ៉ា៖ «បើរបស់ទាំងនោះប្រើប្រាស់បាន អាហ្នឹងកាលណាយើងវាយវាចោល បានន័យថាយើងបំផ្លាញចោល នូវតឹកតាងប្រវត្តិសាស្ត្រ ឬក៏ជាសមិទ្ធផលបុរាណដែរ។ អ៊ីចឹងយើងត្រូវឈរទៅលើមូលដ្ឋានសច្ចភាពមួយ ថា តើអគារឬសំណង់ ឬរបស់ទាំងអស់នោះ វាជារបស់ដែលយើងត្រូវប្រើប្រាស់បានតទៅទៀត ឬក៏យើងអាចតាំងបានតទៅទៀត»។
កាលពីចុងឆ្នាំ២០១៩ អាជ្ញាធរខេត្តបាត់ដំបង ធ្លាប់មានគម្រោងវាយកម្ទេចស្ពានថ្មចាស់អាយុកាល១០០ឆ្នាំ នៅមុខសាលាខេត្ត ម្ដងរួចទៅហើយ តែត្រូវបានផ្អាកទៅវិញ ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋ និងការហាមឃាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅខេត្តបាត់ដំបង មានសំណង់អគារបុរាណជាច្រើន ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង និងសម័យសង្គមរាស្ត្រនិយម ដែលអាគាខ្លះមានអាយុកាលលើស១០០ឆ្នាំ មានដូចជា អគារសាលាខេត្តចាស់ កសាងឡើងក្នុងឆ្នាំ១៩០៥ ស្ពានថ្មចាស់ សាងសង់ក្នុងឆ្នាំ១៩១៦ អគារពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវលេខ១ អគារសិក្សា និងស្ថានីយអយស្ម័យយានស្ថិតនៅភូមិកំពង់ក្របីជាដើម។ ក្នុងនោះ សំណង់បុរាណមួយចំនួនត្រូវបានជួសជុល និងកែលម្អ ប៉ុន្តែខ្លះទៀតត្រូវបានរុះរើ និងវាយកម្ទេចចោល ដូចជាស្ពានដែកចាស់ដែលកសាងឡើងក្នុងសម័យអាណានិគមបារាំង និងអគារសិក្សាស្ថិតក្នុងវិទ្យាល័យនេតយ៉ង់ ដែលកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយមជាដើម។
ប្រជាពលរដ្ឋ និងអ្នកជំនាញប្រវត្តិសាស្ត្រ យល់ឃើញថា សំណង់អាគារ និងទីកន្លែងប្រវត្តិសាស្ត្រនានា គួរតែត្រូវបានថែរក្សា អភិរក្ស ឱ្យបានហ្មត់ចត់ ដោយមិនត្រូវយកលេសការអភិវឌ្ឍថ្មី ដើម្បីបំផ្លាញមរតកទាំងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។