ក្រសួង​ចាប់​បាន​សំណៅ​ឯកសារ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ

ដោយ មាន ឫទ្ធិ
2018-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA

នៅ​ថ្ងៃបញ្ចប់នៃការប្រឡងបាក់ឌុបឆ្នាំនេះ ហ្វេសប៊ុកផ្លូវ​ការ​របស់​ក្រសួង​អប់រំ​បង្ហាញ​ថា អនុរក្ស និង​យុវជន​ស្ម័គ្រ​ចិត្ត​ចាប់​បាន​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិច​មួយ​ចំនួន ដែល​ក្រសួង​ហាម​ឃាត់។ សង្គមស៊ីវិលដែលធ្វើការងារ​ទាក់​ទង​ការ​អប់រំស្វាគមន៍​ការ​ខិត​ខំ​នេះ និង​យល់​ថា ដោយសារ​លោក​គ្រូ ​អ្នក​គ្រូ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ​របស់​ខ្លួន។

អ្នកនាំពាក្យក្រសួង​អប់​រំ លោក រស់ សាលីន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ប្រសិន​បើ​អនុរក្ស​ចាប់ បាន​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិច​ពី​បេក្ខជន​នៅ​ក្នុង​ពេល​កំពុង​ប្រឡង បេក្ខជន​ដែល​ប្រព្រឹត្ត​កំហុស នឹង​ត្រូវ​ធ្លាក់​បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ។ អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា ការ​ចាប់​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិច គឺ​ធ្វើ​ឡើង​មុន​ការ​ប្រឡង​ចាប់​ផ្តើម​ដូច្នេះ​ ក្រសួង​មិន​រាប់​ចូល​ជា​កំហុស​ទេ។ ប៉ុន្តែ​បើ​ការ​​ដក​ហូត​ឧបករណ៏​ទាំង​នេះ​នៅ​ក្នុង​ពេល​ប្រឡង គឺ​ក្រសួង​ចាត់​ទុក​ជា​កំ​ហុស​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ៖ «»

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មិន​ទាន់​អាច​បញ្ជាក់​ថា ការ​ចាប់​បាន​សំណៅ​ឯក​សារ និង​ឧបករណ៍​អេឡិចត្រូនិច​ពី​បេក្ខជន​នា​ថ្ងៃ​បញ្ចប់​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ណា​នៅ​ឡើយ​ទេ ដោយ​លោក​អះ​អាង​ថា ក្រសួង​កំពុង​ពិនិត្យ​លើ​រឿង​នេះ។

ទាក់ទងការប្រឡងនេះដែរក្រសួងអប់រំឲ្យដឹងថា បេក្ខជន​ខ្លះ​មាន​បញ្ហា​សុខភាព ក្រៅ​ពី​នេះ ក៏​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា មាន​បេក្ខជន​ម្នាក់​បាន​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​ប្រឡង។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់​ថា ក្រសួង​គួរ​រៀប​ចំវិ​ញ្ញាសា​រថ្មី​ឲ្យ​បេក្ខជន ដែល​ជួប​បញ្ហា​មិន​បាន​ប្រឡង ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រឡង​ឡើង​វិញ។ ដោយ​ឡែក​ចំពោះ​ការ​ចាប់​បាន​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិច​របស់​បេក្ខជន លោក រ៉ុង ឈុន យល់​ថា វា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​គ្រូ អ្នក​គ្រូ​ក្នុង​ការ​បំពេញ​ការងារ៖ «»

ដោយ​ចំពោះ​ការ​ដាក់​ពង្រាយ​កម្លាំង​យុវជន​ស្ម័គ្រ​ចិត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​លោក ហ៊ុន ម៉ានី លោក រ៉ុង ឈុន មិន​ឯកភាព​ទេ។ លោក​ថា មាន​គ្រូ​បង្រៀន​ខ្លះ ដែល​ជា​មេ​ប្រយោគ និង​អនុរក្ស​ប្រាប់​លោក​ថា យុវជន​ទាំង​នោះ​ពេល​ខ្លះ បង្ហាញ​ឥរិយាបទ​មិន​សមរម្យ​ចំពោះ​ពួក​គាត់៖ «»

អាស៊ីសេរីមិនទាន់អាច​សុំ​ការ​ប្រតិកម្ម​តប​ពី​រដ្ឋមន្រ្តី និង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​អំពី​ការ​លើក​ឡើង​របស់​លោក រ៉ុង ឈុន បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី២១ ខែ​សីហា។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ជិត ១២ម៉ឺន​នាក់ (១១៧០៦១ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសា​ស្ត្រ​សង្គម។ ការ​ប្រឡង​បាក់​ឌុប​សព្វថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រឹត​បន្តឹង​ខ្លាំង ដោយ​ក្រសួង​អប់រំ​បាន​ចេញ​វិធានការ​ថា ចំពោះ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស​ត្រូវ​បាន​កំណត់​ឲ្យ​​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​​ប្រឡង​ពីរ​ឆ្នាំ​បន្ត​បន្ទាប់។ ដោយ​ឡែក​បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ការ​ដាក់​ពង្រាយ​កម្លាំង​យុវជន​ស្ម័គ្រ​ចិត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​លោក ហ៊ុន ម៉ានី គឺកាន់តែធ្វើអោយសិស្សមានអារម្មណ៍ភ័យព្រួយ និងគិតអ្វីមិនចេញ ដើរក្អេងក្អាង និង​ថតសេលហ្វីតែប៉ុណ្ណាោះ

Aug 23, 2018 12:24 AM

គេហទំព័រ​ទាំងមូល