ពលរដ្ឋ​មួយចំនួន​នៅ​ខេត្តបាត់ដំបង​ធ្វើ​សំបក​ណែម​លក់​យក​ដោះស្រាយ​ជីវភាព​គ្រួសារ

ដោយ​ សេក បណ្ឌិត
2022.09.16
ពលរដ្ឋ​មួយចំនួន​នៅ​ខេត្តបាត់ដំបង​ធ្វើ​សំបក​ណែម​លក់​យក​ដោះស្រាយ​ជីវភាព​គ្រួសារ ទិដ្ឋភាព​ពលរដ្ឋ​​រស់​​​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ ចាប់​យក​របរ​ធ្វើ​សំបក​ណែម​ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ រូបថត​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​២០១៦
RFA

ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង នៅតែ​បន្ត​ប្រកប​របរ​ធ្វើ​សំបក​ណែម​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ទោះបី​មាន​អ្នកខ្លះ​បោះបង់​អាជីព​មួយ​នេះ​ទៅ​ហើយ​ក្ដី​។ ពួកគាត់​ថា មុខរបរ​មួយ​នេះ​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នកស្រុក​ឯក​ភ្នំ និង​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ។

នៅ​តាម​ដងផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​ឯកភ្នំ នៅ​ខេត្ត​បាត់ដំបង អ្នកដំណើរ​នឹង​ឆ្លងកាត់​ភូមិ​ដូនទាវ ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​ឯក ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រកប​របរ​ធ្វើ​សំបក​ណែម​។ ជា​រៀងរាល់ថ្ងៃ អ្នកភូមិ​ប្រហែល​៥ ទៅ​១០​ផ្ទះ​ប្រប​តាម​ដងផ្លូវ ដាក់​ហាល​សំបក​ណែម​ព្រោងព្រាត​នៅ​ទីធ្លា​មុខ​ផ្ទះ​របស់​ពួកគាត់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ដូនទាវ ឃុំ​ពាមឯក ស្រុក​ឯក​ភ្នំ គឺ​លោកស្រី អន ស្រីមុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​ថា លោកស្រី​ចាប់​មុខរបរ​នេះ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​។ លោកស្រី​លើកឡើង​​ថា ក្នុង​មួយថ្ងៃ​លោកស្រី​ប្រើ​អង្ករ​អស់ ១៥​គីឡូ ហើយ​ផលិត​សំបក​ណែម​បាន​ប្រមាណ ១​ពាន់​៥​រយ​សន្លឹក​(១៥០០​សន្លឹក​) និង​លក់បាន ១​រយ​សន្លឹក​បាន​ចំនួន ៦​ពាន់​រៀល។

លោកស្រី​បន្ត​ថា សំបក​ណែម​ជា​អាហារ​មួយ​ប្រភេទ ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នកភូមិ​ដូនទាវ​ទាំងមូល​។ លោកស្រី​បន្ថែម​ថា មុខរបរ​មួយ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការបាត់បង់ បន្ទាប់ពី​អ្នកភូមិ​នាំគ្នា​ឈប់​ធ្វើ និង​ងាក​ទៅ​ប្រកបមុខរបរ​ផ្សេង​ជំនួស​វិញ៖ «មុន​ដំបូង​យាយ អស់ពី​យាយ​ទៅដល់​ម៉ែ អស់​ពី​ម៉ែ​ទៅមក​ដល់​ខ្ញុំ​។ បី​តំណ​មក​ហើយ»

ពលរដ្ឋ​ម្នាក់ទៀត គឺ​លោកស្រី សុខ វណ្ណា ឱ្យ​ដឹង​ថា កាលពីមុន​ការ​ធ្វើ​សំបក​ណែម​ជា​របរ​មួយ​ពេញនិយម និង​មាន​សឹងតែ​គ្រប់​ផ្ទះ​។ ប៉ុន្តែ បច្ចុប្បន្ន​លោកស្រី​ថា មាន​ពលរដ្ឋ​ប្រហែល​៤០​គ្រួសារ​តែ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ប្រកបមុខរបរ​មួយ​នេះ​។ លោកស្រី​បន្ត​ថា ការ​ថយ​ចុះ​នេះ​គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ខ្លះ​បោះបង់ ដោយសារ​វា​ជា​មុខរបរ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន មាន​ភាព​នឿយហត់ និង​ទទួល​បាន​កម្រៃ​តិច​។ ជាមួយ​គ្នា​នេះ យុវវ័យ​ជំនាន់​ក្រោយ​ភាគច្រើន​ទទួល​បាន​ការ​រៀនសូត្រ​ជ្រៅជ្រះ ធ្វើ​ឱ្យ​ពួកគេ​មិន​ចង់​បន្ត​ប្រកប​របរ​មួយ​នេះ៖ «អ្នកខ្លះ​គេ​មាន​លុយ រៀន​បាន​ខ្ពស់ គេ​ឈប់​ធ្វើ​ទៅ​(​សំបក​ណែម​) ហើយ​គេ​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​វិញ​។ គេ​ឈប់​ធ្វើ​ព្រោះ​មុខរបរ​នេះ​វា​នឿយ​។ វា​អត់​បាន​សល់​លុយ​សល់​កាក់​ទេ បានតែ​មួយ​ហូប​។ ការងារ​ស្រី​នៅផ្ទះ»

សំបក​ណែម​ផលិត​ចេញពី​ម្សៅ​អង្ករ​ត្រាំ​ទឹក​មួយ​យប់ រួច​យក​ទៅ​វាច​លើ​ក្រណាត់​ដែល​ចង គ្រប​ពី​លើ​មាត់ឆ្នាំង​ដាំទឹក​ក្ដៅ​កំពុង​ពុះ បន្ទាប់​មក​យក​សន្លឹក​សំបក​ណែម​ដែល​វាច​រួច ទៅ​សំដិល​ហាល​លើ​បន្ទះ​ពិន បិទ​ពី​ខ្នងឫស្សី​ដែល​មាន​ក្រឡា ២​ហ៊ុន​(២​សង់ទីម៉ែត្រ​)​ប្រមាណ​១០​នាទី និង​ចុងក្រោយ​សំដិល​ហាល​ទឹកសន្សើម​បន្ទន់​មួយ​យប់។

ទាក់ទិន​រឿង​នេះ ជំទប់​ទី​២ ឃុំ​ពាម​ឯក លោក ស៊ុន ចំរើន ឱ្យដឹង​ថា ការ​ធ្វើ​សំបក​ណែម​ជា​មុខរបរ​ប្រពៃណី​មួយ​របស់​អ្នកស្រុក​ឯក​ភ្នំ ដែល​មាន​កំណើត​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​។ លោក​បន្ត​ថា​ នៅ​ទូទាំង​ខេត្តបាត់ដំបង​មានតែ​ភូមិ​សួសអី និង​ភូមិ​ដូនទាវ​ប៉ុណ្ណោះ ដែល​មាន​អ្នក​ប្រកប​របរ​មួយ​នេះ រហូត​គេ​ហៅថា​ជា​ភូមិ សំបក​ណែម​។ លោក​បន្ថែម​ថា ការ​ធ្វើ​សំបក​ណែម​ជា​របរ​មួយ​ប្រភេទ ដែល​មាន​តម្លៃ​អាច​ចាត់​ទៅ​ក្នុង​មុខរបរ​ប្រពៃណី​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ថា សំបក​ណែម​នៅ​ទី​នេះ មាន​លក្ខណៈ​ពិសេស ព្រោះ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មនុស្ស រួម​ទាំង​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​គ្មាន​ជាតិគីមី​ដូច​ផលិតផល​បរទេស​ឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ប្រកប​របរ​នេះ​មាន​ចំនួន​ថយ​ចុះ ដោយ​កាលពី​មុន​មាន​អ្នកធ្វើ​ប្រហែល ៤០​ភាគរយ តែ​ឥឡូវ​នៅសល់​ត្រឹមតែ​១៥​ភាគរយ​តែប៉ុណ្ណោះ​នៃ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពាម​ឯក ខណៈ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​យកចិត្តទុកដាក់​ស្ដារ និង​ថែរក្សា​មុខរបរ​នេះ​ឱ្យ​នៅ​ស្ថិតស្ថេរ៖ «បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ក៏​គាត់​រៀបចំ​បង្កើត​ជា​សហគមន៍​សំបក​ណែម​ដើម្បី​យក​ទៅ​ប្រកួត​នៅ​(​ក្នុង​)​ទីផ្សារ»

ទោះជា​របរ​ធ្វើ​សំបក​ណែម​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នកភូមិ​មិនមែន​ជា​របរ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ក៏ដោយ ប៉ុន្តែ​របរ​នេះ​ជួយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ បន្ទាប់ពី​របរ​ស្រែ​ចម្ការ ជា​ពិសេស​របរ​ដ៏​ចំណាស់​មួយ​នេះ ជា​អត្តសញ្ញាណ​របស់​អ្នកស្រុក​ឯក​ភ្នំ នៅពេល​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ផ្សេង បាន​បរិភោគ​សំបក​ណែម​នេះ នឹង​នឹកឃើញ​ដល់​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​មុនគេ។

ទោះ​យ៉ាងនេះ​ក្ដី អ្នក​សម្របសម្រួល​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា ដើម្បី​ថែរក្សា​អត្តសញ្ញាណ​មុខរបរ​នេះ​បាន គឺ​ត្រូវ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​។ យ៉ាងណា លោក​សង្កត់ធ្ងន់​ថា កិច្ចការ​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​មានការ​បង្កើត​ជា​សហគមន៍ និង​ធ្វើ​សំបក​ណែម​ឱ្យ​មាន​ស្តង់ដារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្ត​ថា ក្នុង​នោះ អាជ្ញាធរ​ត្រូវ​មាន​ការ​គាំទ្រ តាមរយៈ​ការ​បង្រៀន​ពី​បច្ចេកទេស​សិប្បកម្ម​បែប​ទំនើប ការ​វេច​ខ្ចប់​ប្រកបដោយ​ភាព​ទាក់ទាញ ការ​ពង្រឹង​គុណភាព​ផលិតផល និង​ការ​ផ្គត់ផ្គង់ ឬ​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​សមស្រប​មួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ៖ «ការបង្កើត​ហ្នឹង​វា​ជា​សិទ្ធិ​មួយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើត​សហគមន៍ ក្នុង​ការ​ជួយ​គ្នា​នៅក្នុង​សហគមន៍ ប៉ុន្តែ​អាជ្ញាធរ​ត្រូវតែ​បង្ក​ការ​ងាយស្រួល​ដល់​ពួកគាត់ ធ្វើ​យ៉ាងម៉េច​កុំឱ្យ​គាត់​មានការ​លំបាក​នៅក្នុង​កា​រ​បង្កើត​នេះ ត្រូវ​មាន​ការ​លើក​ទឹកចិត្ត​ថែមទៀត ជាពិសេស​គឺ​អាជ្ញាធរ​នៅក្នុង​ឃុំ នៅក្នុង​ស្រុក​ដែល​ប្រជាពលរដ្ឋ​គាត់​ប្រកបមុខរបរ​ហ្នឹង​តែម្ដង»

សំបក​ណែម ជា​មធ្យម​មាន​ទំហំ​ប៉ុន​ផ្តិល​ទឹក (​អង្កត់ផ្ចិត ១០​សង់ទីម៉ែត្រ​)​។ ក្នុង​មួយ​ថ្ងៃជា​មធ្យម​គេ​អាច​ធ្វើ​សំបក​ណែម អស់​អង្ករ​ចំនួន​១៥​គីឡូក្រាម និង​ទទួលបា​ន​សំបក​ណែម​ចំនួន ១​ពាន់ ៥​រយ​សន្លឹក​។ សំបក​ណែម​១០០​សន្លឹក ឬ​ហៅថា​មួយ​ដុំ អាច​លក់​បាន​ចន្លោះ​ពី​៦​ពាន់​រៀល ទៅ​៨​ពាន់​រៀល។

ក្រៅពី​ការ​ហូប​សំបក​ណែម​ជ្រលក់​ជាមួយ​អំបិលម្ទេស គេ​អាច​យក​វា​ច្នៃ​ជា​អាហារ​សម្រន់​ផ្សេងៗ​បាន​ជា​ច្រើន​មុខ ដោយ​ខ្ចប់​ជាមួយ​បន្លែ ស្លឹក​ជីរ និង​សាច់​ជ្រូក ជ្រលក់​ទឹកគ្រឿង បរិភោគ​ភ្លាមៗ ឬ​យក​ទៅ​បំពង​ក៏បាន។

សំបក​ណែម​បាន​ដើរតួ​ជា​អាហារ​ផង និង​ជា​អ្នក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​។ រាល់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រាសាទឯកភ្នំ គេ​មិនអាច​រំលង​បាន​នោះ​ទេ នូវ​ការ​ចូល​ទស្សនា​ពី​របៀប​ធ្វើ​អាហារ​មួយ​នេះ​។ ជា​រៀងរាល់ថ្ងៃ ភ្ញៀវ​ទេសចរ​ជាពិសេស​ភ្ញៀវ​អន្តរជាតិ តែងតែ​ឈប់​នៅ​ភូមិ​ដូនទាវ ដើម្បី​ទស្សនា​និង​ភ្លក់​អាហារ​ធ្វើ​ពី​សំបក​ណែម​យ៉ាងច្រើន​កុះករ ដែល​បាន​បន្ថែម​ចំណូល​មួយ​ផ្នែក​ទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។