ក្រុមប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ឬតំបន់ក្រហមក្នុងរាជធានីភ្នំពេញលើកឡើងថា ពួកគាត់គ្មានប្រាក់ទិញស្បៀងអាហារហូបចុកអំឡុងពេលនេះឡើយ។
កម្មកររស់នៅបន្ទប់ជួលផ្ទះលេខ១៩៨ ក្រុមទី១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌស្ទឹងមានជ័យលោក ចាន់ វិច្ឆ័យ ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមេសាថា នៅក្នុងអគារស្នាក់នៅជាមួយគាត់មានកម្មករប្រហែល ៣០ នាក់ ដែលអាជ្ញាធរតម្រូវឱ្យពួកគាត់ធ្វើចត្តាឡឺស័កនោះ បានដាច់ស្បៀងជាច្រើនថ្ងៃមកហើយ ពុំមានអាជ្ញាធរណាជួយដល់ពួកគាត់នៅឡើយទេ។ បុរសវ័យ ៣២ ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ពួកគាត់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយផ្ដល់ស្បៀងពួកគាត់ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរបានត្រឹមធ្វើកំណត់ហេតុហើយត្រឡប់ទៅវិញ ដោយពុំបានដោះស្រាយជូនពួកគាត់នោះទេ៖ «ខ្ញុំនិយាយឱ្យចំតែម្ដងគឺគ្មានទេអំណោយហ្នឹង ឥឡូវសូម្បីតែម្ចាស់ផ្ទះជួលគាត់ចុះទៅសួរខាងគេដែរតែគេអត់ឆ្លើយមកយើងវិញថា បានអំណោយថ្ងៃណាដែរ។ មានគ្រួសារមួយនោះគាត់ដាច់ស្បៀងខ្លាំងគាត់លួចរត់ទៅទាំងយប់ទៅទាំងគ្រួសារ កូន២នាក់ និងប្ដីប្រពន្ធ គាត់ទៅទាំងកូនតូចហ្នឹង គាត់ទៅស្ពឺទៅផ្ទះម៉ែឪគាត់ដើម្បីបានអីហូប។ ពួកខ្ញុំមិនដឹងទៅប្ដឹងអ្នកណា ឬក៏ទៅតវ៉ាអ្នកណាទេ ខ្លាចគេចាប់គេអីក៏សុខចិត្តសំងំអីចឹងទៅ»។

ដូចគ្នានេះដែរ ពលរដ្ឋនៅរស់នៅបន្ទប់ជួលនៅតំបន់ក្រហម ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខលោកស្រី ស៊ឹម ស្រុង ថ្លែងថា លោកស្រីដាច់បាយ ៣ ថ្ងៃហើយ ដោយសារគ្មានប្រាក់ទិញស្បៀងអាហារ ក្រោយពេលអាជ្ញាធរតម្រូវឱ្យលោកស្រីធ្វើចត្តាឡឺស័កនៅក្នុងបន្ទប់ម្នាក់ឯង។ លោកស្រីព្រួយបារម្ភខ្លាចដាច់បាយច្រើនថ្ងៃប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ខណៈនៅពេលនេះលោកស្រីគ្មានកម្លាំងកំហែង ដោយសារហូបមួយថ្ងៃតែមួយពេល ហើយហូបមិនឆ្អែតពេញពោះជិត ១០ ថ្ងៃមកហើយ៖ «ឥឡូវហ្នឹងវាអស់ហ្មង ហើយស្មើនឹងហើយខ្ញុំអត់ទាន់ដាំបាយឬក៏ធ្វើម្ហូបហូបទេ អត់មានទេ។ ឥឡូវកំពុងតែថា ឆាតទៅខ្ចីលុយមិត្តភ័ក្ដិឱ្យគេជួយវេរលុយមកចាយសិន តែឥឡូវឆាតទៅគេមិនទាន់ឃើញតបមកវិញទេ។ នៅពេលអត់មានអង្ករ អត់មានម្ហូបអីចឹងលក្ខណៈហូបក្នុងមួយថ្ងៃខ្ញុំហូបតែម្ដងទេ ដល់ពេលល្ងាចខ្ញុំសុខចិត្តដេកអត់ ព្រោះគិតថា យើងអត់ធ្វើការ។ និយាយទៅពិបាកណាស់ និយាយមួយមាត់ទៅខ្ញុំសុំឱ្យបងជួយខ្ញុំផង ព្រោះឥឡូវហ្នឹងវាអត់មានអីហូប»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការអត់ឃ្លានរបស់ប្រជាពលរដ្ឋនេះបានទេ នៅថ្ងៃទី២៦ ខែមេសា ដោយអ្នកលើកទូរស័ព្ទមិននិយាយ។
ប៉ុន្តែអភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៦ ខែមេសាថា អាជ្ញាធរក្រុងភ្នំពេញកំពុងរៀបចំស្បៀងអាហារចែកជូនប្រជាពលរដ្ឋនិងកម្មករ ចំនួន ១ម៉ឺន គ្រួសារនៅតំបន់បិទខ្ទប់នោះហើយ។
ទោះជាយ៉ាងណា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើងថា អំឡុងពេលបិទខ្ទប់នេះអាជ្ញាធរគួរតែផ្ដល់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមកម្មករដែលស្នាក់នៅបន្ទប់ជួល ឱ្យបានដល់ដៃគ្រប់គ្នា។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ក្រុមកម្មករទាំងនោះភាគច្រើនក្រីក្រ ហើយកំពុងធ្វើចត្តាឡឺស័ក មិនអាចចេញទៅប្រកបមុខរបរឬទៅទិញស្បៀងអាហារនៅខាងក្រៅបានឡើយ។ លោកបន្ថែមថា យ៉ាងហោចណាស់មានក្រុមកម្មករប្រហែល ៥ពាន់ នាក់ (៥.០០០) បានជាប់គាំងនៅក្នុងតំបន់បិទខ្ទប់នោះ ក្នុងនោះមនុស្សប្រមាណ ៨០ ភាគរយមិនទាន់បានទទួលស្បៀងពីអាជ្ញាធរនៅឡើយទេ៖ «ឃើញគាត់កំពុងតែអត់ហ្នឹងទៅយកឱ្យគាត់ផ្ទាល់ៗទៅ កុំឱ្យតែមានសៀវភៅគ្រួសារទាល់តែកត់ឈ្មោះមុនអីចឹងម៉េចកើត ហើយកត់ឈ្មោះទាល់តែមានសៀវភៅគ្រួសារប័ណ្ណស្នាក់នៅទៀត សួរថាពួកយើងផ្ទះជួលតើសង្ឃឹមអី ជួលបន្ទប់គេហ្នឹង។ អីចឹងជាចំណុចសំខាន់ចែកស្បៀងដោយផ្ទាល់តែម្ដង ។ បាទ ! ប៉ះពាល់ធ្ងន់ធ្ងរទី១សុខភាពផ្លូវចិត្តទី២សុខភាពផ្លូវកាយអាហារប្រចាំថ្ងៃហ្នឹងតែម្ដង។យន្តការរបស់រដ្ឋ ដើម្បីឱ្យទទួលយកបានត្រូវគិតទាំងសួតត្រូវគិតទាំងក្រពះ ក្រពះល្អមានអាហារហូបចុកគ្រាប់គ្រាន់ក៏អាចសុខភាពល្អហើយអាចទប់ស្កាត់កូវីដ១៩បានដែរ » ។

អាជ្ញាធររបបក្រុងភ្នំពេញ បានបិទខ្ទប់តំបន់ខ្លះនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល អស់រយៈពេលជាងពីរសប្តាហ៍មកហើយ។ អាជ្ញាធរបានដាក់តំបន់បិទខ្ទប់ជាតំបន់ក្រហម មិនឲ្យពលរដ្ឋចេញពីផ្ទះនោះទេ ក្រោមហេតុផលដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ កាលពីថ្ងៃទី២៥ ខែមេសា អភិបាលរាជធានីភ្នំពេញ បានប្រកាសថា នឹងបន្តបិទខ្ទប់រហូតដល់ចុងខែមេសា ហើយអាចនឹងបន្តទៅមុខទៀត ប្រសិនបើស្ថានការណ៍ជំងឺកូវីដ១៩មិនបានធូរស្រាល។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលយល់ថា ការផ្ដល់ស្បៀងអាហារដល់ពលរដ្ឋយឺតយ៉ាវនេះ ដោយសាររដ្ឋាភិបាល គ្មានវិធានការច្បាស់លាស់ និងធ្វើតែតាមអារម្មណ៍នឹកឃើញ ជាពិសេសវិធានការផ្ដោតតែលើការរឹតបន្តឹងសិទ្ធិសេរីភាព និងការដាក់ទោសទណ្ឌលើពលរដ្ឋ ។ បន្ថែមពីនេះអាជ្ញាធរមិនបានជូនដំណឹងដល់ពលរដ្ឋជាមុន ធ្វើឱ្យពិបាកត្រៀមខ្លួនអនុវត្ត និងសម្របខ្លួនទៅតាមស្ថានការណ៍ឱ្យបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។