មន្ត្រីជាន់ខ្ពស់ថា រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីជំនាញចុះពិនិត្យទីតាំងយោធាថៃ ដុតស្ពាន នៅព្រំដែនខេត្តប៉ៃលិន
2022.01.28
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីជំនាញ រួមទាំងយោធាព្រំដែន ចុះពិនិត្យនៅតំបន់ព្រំដែន ដែលទាហានថៃមកដុតបំផ្លាញស្ពានឈើមួយកន្លែង ក្នុងដីខ្មែរ នាខេត្តប៉ៃលិន ប្រសិនបើជារឿងពិត។ ការលើកឡើងនេះ ក្រោយពីពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនរាយការណ៍ថា មានទាហានឈុតខ្មៅ ៣០នាក់ បានឆ្លងដែនចូលដីខ្មែរ ដើម្បីដុតកម្ទេចស្ពានឈើមួយ កាលពីសប្ដាហ៍មុន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅមិនទាន់ជឿថា ពិតជាមានទាហានឈុតខ្មៅថៃជាច្រើននាក់ ឆ្លងដែនចូលដីខ្មែរ ដុតកម្ទេចស្ពានឈើមួយកន្លែងនៅខេត្តប៉ៃលិននោះនៅឡើយទេ ដោយសារមិនទាន់ឃើញ សេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋាន។ ប៉ុន្តែប្រសិនបើរឿងនេះ ជាការពិត រដ្ឋាភិបាលនឹងបញ្ជូនប៉ូលិស និងយោធា ការពារព្រំដែន ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីដោះស្រាយជាបន្ទាន់។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ មករាថា លោកពុំទាន់ទទួលព័ត៌មាន ទាក់ទិនករណីនេះនៅឡើយទេ។ តែយ៉ាងណាក្ដី លោកថា ប្រសិនបើរឿងនេះជាការពិត នគរបាលព្រំដែន និងយោធាការពារព្រំដែន ត្រូវធ្វើសេចក្ដីពន្យល់មួយឱ្យច្បាស់លាស់ តើការឆ្លងដែនចូលបំផ្លាញស្ពានរបស់យោធាថៃ ឋិតក្នុងដីខ្មែរឬយ៉ាងណា? លោកថា ប្រសិនបើស្ពាននោះ នៅលើទឹកដីខ្មែរ យោធាថៃ មិនត្រូវដុតបំផ្លាញនោះទេ គឺត្រូវធ្វើកិច្ចចរចា និងដោះស្រាយដោយសន្តិវិធីច្បាប់។
លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន មិនត្រូវអនុញ្ញាតឱ្យយោធាបរទេសណាមួយ ឆ្លងដែនចូលដីខ្មែរ ដើម្បីធ្វើផ្ដេសផ្ដាសជាដាច់ខាត៖ «យើងរកហេតុផល ហើយហេតុផលរបស់យើងគឺ អ្នកដែលនៅមើលតាមព្រំដែន ត្រូវធ្វើការពន្យល់ឱ្យបានច្បាស់លាស់ ពីទាហានឈុតខ្មៅហ្នឹង ដែលប្រព្រឹត្តអំពើផ្ដេសផ្ដាសលើទឹកដីខ្មែរ។ តើស្ពានលើទឹកដីនរណា? ហើយត្រូវមានការសម្របសម្រួលដោះស្រាយ តើហេតុអ្វីបានជាគេដុត។
កាលពីថ្ងៃទី២៣ និង ២៤ ខែមករា ទាហានឈុតខ្មៅថៃមួយក្រុមមានគ្នាជាង ៣០នាក់ បានឆ្លងដែនចូលមកដុតស្ពានឈើឆ្លងអូរមួយកន្លែង នៅចំណុចវាលស្បូវ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន គឺនៅឆ្ងាយពីព្រំដែនប្រហែល ១០០ម៉ែត្រ។
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ អះអាងថា ក្រុមយោធាថៃប្រដាប់ដោយកាំភ្លើងបាននាំគ្នា មកដុតស្ពានចំនួន ២ដង បណ្ដាលឲ្យឆេះក្ដារក្រាលស្ពានទាំងស្រុង បន្សល់ទុកសសរបង្គោលផ្ដេកអមសងខាងស្ពាន ២ដើម។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បកស្រាយថា លោកមិនទាន់ទទួលព័ត៌មាននេះ ពីមេបញ្ជាការភូមិភាគ៣ ប្រចាំទិសជួរមុខប៉ៃលិន-សំឡូត នៅឡើយទេ មកទល់ពេលនេះ។ តែយ៉ាងណាលោកថា ប្រសិនបើពលរដ្ឋ បានរាយការណ៍ផ្ទាល់ប្រាប់ទាហាន នៅតំបន់នោះ មន្ត្រីយោធានឹងចុះពិនិត្យភ្លាម ស្របតាមគោលការណ៍រួមរបស់រដ្ឋាភិបាល និងអគ្គបញ្ជាការយោធា៖ «អនុវត្តត្រួតពិនិត្យ ទី២ យើងចរចា សម្របសម្រួលគ្នាជាមួយ ក្រុមការងារព្រំដែនរបស់ថៃ និងកម្ពុជា បើសិនជាមានរឿង។ យើងមិនអាចធ្វើអីផ្សេងបាន ក្រៅពីជួបពិភាក្សាគ្នា ជាមួយគណៈកម្មការសម្របសម្រួលព្រំដែន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី និងមន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជា បាននៅឡើយទេ នៅថ្ងៃទី២៨ មករា។
ទោះយ៉ាងណា ក្ដី គណបក្សប្រឆាំង មើលឃើញថា អាជ្ញាធរកម្ពុជា និងយោធាព្រំដែនខ្មែរ គួរតែចេញមុខបកស្រាយរឿងនេះឱ្យបានច្បាស់ ព្រោះជារឿងពាក់ព័ន្ធនឹងអធិបតេយ្យកម្ពុជា។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ផ្តល់ទស្សនៈថា រដ្ឋាភិបាលខ្មែរគួរតែកោះហៅ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដើម្បីស្រាយបំភ្លឺជុំវិញរឿងនេះ។ លោកថា ប្រសិនបើមានការរំកិលបង្គោល អាជ្ញាធរខ្មែរ និងថៃ គួរតែសហការគ្នា រកបង្គោលចាស់ មកដាំជាថ្មីឡើងវិញ ដើម្បីកំណត់ខណ្ឌសីមាឱ្យច្បាស់លាស់ អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧៖ «គ្រាន់យកទីតាំងបង្គោលចាស់ ដែលបារាំងបោះជាមួយថៃ ហើយបោះបង្គោលហ្នឹងឡើងវិញ បើសិនមានការរំកិល វាចប់សព្វគ្រប់ហើយ។ យើងមិនដឹងថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមបោះបង្គោលព្រំដែនជាមួយថៃ ដើម្បីកុំឱ្យថៃ រំលោភបំពានទឹកដីកម្ពុជាបន្តទៀត»។
កម្ពុជាមានព្រំដែនជាមួយប្រទេសថៃ ប្រវែង ៨០៤គីឡូម៉ែត្រ ដែលមានបង្គោលចំនួន ៧៣បង្គោល ដែលកំណត់ក្នុងអនុសញ្ញាបារាំង-សៀម នៅឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលទទួលស្គាល់ជាអន្តរជាតិ។ ខេត្តដែលជាប់ព្រំដែនជាមួយថៃ រួមមាន ខេត្តប៉ៃលិន កោះកុង បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕