នាយក​អនុវិទ្យាល័យ​ប្រាសាទ​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​ផ្ដល់​អាហារូបករណ៍​មិន​មាន​តម្លាភាព

ដោយ ម៉ែន សុធីរ
2015.04.07
ខេត្ត​ស្វាយរៀង ៦១០ ១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
RFA/Chum Rasy

សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​ប្រាសាទ ខេត្ត​ស្វាយរៀង ចោទ​នាយក​សាលា​ថា​ផ្តល់​អាហារូបករណ៍​របស់​ក្រសួង​អប់រំ មិន​មាន​តម្លាភាព។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​សាលា​បាន​ចែក​អាហារូបករណ៍​ដល់​សិស្ស​ជាច្រើន​នាក់​នៅ​ថ្នាក់​ទី​៧ ទី​៨ និង​ទី​៩ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា។ សិស្ស​ទាំង​នោះ​អះអាង​ថា នាយក​សាលា​មិន​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ពិត​ប្រាកដ​ឡើយ គឺ​ផ្តល់​ឲ្យ​ទៅ​តាម​សែស្រឡាយ និង​បក្ខពួក​និយម។

សិស្ស​ជាង ២០​នាក់ ខក​ចិត្ត​មិន​ចង់​ចូល​សាលា​រៀន បន្ទាប់​ពី​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ។ ក្រុម​សិស្សានុសិស្ស ចាត់​ទុក​ការ​ផ្តល់​អាហារូបករណ៍​របស់​សាលា ថា​កំពុង​បង្ក​ឲ្យ​សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​មួយ​ចំនួន លះ​បង់​ការ​សិក្សា​ជា​បន្តបន្ទាប់ ប្រសិន​បើ​នាយក​សាលា​នៅ​តែ​ប្រព្រឹត្ត​ទង្វើ​ដូច្នេះ​ទៀត។

សិស្ស​ស្រី​រៀន​ថ្នាក់​ទី​៨​អា កញ្ញា យស់ ឌីណា គឺ​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ដែល​ពុំ​ទទួល​បាន​អាហារូបករណ៍ រៀប​រាប់​ថា ក្នុង​ថ្នាក់​នាង​មាន​សិស្ស​ស្រី​ចំនួន ១៩​នាក់ ហើយ​សិស្ស​ស្រី ១៨​នាក់​ដែល​បាន​ទទួល​អាហារូបករណ៍ សាលា​ផ្តល់​ប្រាក់ ៩​ម៉ឺន​រៀល​សម្រាប់​សិស្ស​ម្នាក់។ ដោយ​ឡែក​មាន​តែ​នាង​ម្នាក់​ទេ​ដែល​មិន​ទទួល​បាន​ថវិកា។ កញ្ញា យស់ ឌីណា កត់​សម្គាល់​ថា អាហារូបករណ៍​មាន​ចាប់​តាំង​ពី​នាង​រៀន​ថ្នាក់​ទី​៧ ដែល​សាលា​ផ្តល់​ជូន​មួយ​ឆមាស​ម្តង​សម្រាប់​សិស្ស​ក្រីក្រ តែ​នាង​ពុំ​ធ្លាប់​ទទួល​បាន​ម្តង​ឡើយ បើ​ទោះ​បី​នាង​ត្រូវ​សាលា​ទទួល​ស្គាល់​ថា​ជា​សិស្ស​ក្រីក្រ​ក៏ដោយ។ នាង​កត់​សម្គាល់​ថា កន្លង​មក​មាន​សិស្ស​ដែល​មាន​ជីវភាព​ធូរធារ បែរ​ជា​ទទួល​បាន​អាហារូបករណ៍​ទៅ​វិញ៖ «ហើយ​គេ​បើក ១៨ អត់​តែ​ខ្ញុំ​ម្នាក់​ឯង ម៉ែ​ខ្ញុំ​ថា ខ្ញុំ​រៀន​មិន​ចេះ បងប្អូន​គេ​ថា​ឲ្យ​ខ្ញុំ ថា​ខ្ញុំ​រៀន​ល្ងង់ បាន​មិន​បាន​លុយ​នឹង​គេ មិន​ឲ្យ​ដដែល​ទៅ​មើល​គេ​ធ្វើ​អី ខ្ញុំ​ចង់​យំ! គេ​បាន​រហូត»

យ៉ាង​ណា​ក៏ដោយ ម្តាយ​យុវ​សិស្ស យស់ ឌីណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ថា កូនស្រី​របស់​អ្នកស្រី​មិន​ចង់​ចូល​សាលា​រៀន ដោយសារ​តែ​អាក់​អន់​ចិត្ត​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​របស់​សាលា​មិន​ប្រក្រតី៖ «គ្នា​ពូន​អាចម៍​ក្របី​លក់​ដើម្បី​បាន​លុយ​ទៅ​រៀន​ទៅ​សូត្រ ពេល​វា​អន់​ចិត្ត​ពេល​គេ​បាន​លុយ​គ្រប់​គ្នា វា​មិន​បាន»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​អនុវិទ្យាល័យ​ប្រាសាទ លោក រស់ សាម៉េត បដិសេធ​ការ​លើក​ឡើង​របស់​យុវ​សិស្ស និង​អាណាព្យាបាល​សិស្ស។ លោក​អះអាង​ថា សាលា​មាន​គណៈកម្មការ​គ្រប់គ្រង​ថវិកា សម្រាប់​ផ្តល់​ជូន​សិស្ស​តាម​លក្ខន្តិកៈ​របស់​ក្រសួង​អប់រំ។ លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​អាណាព្យាបាល​សិស្ស​មួយ​ចំនួន ថា​មាន​បំណង​ចង់​មួលបង្កាច់​លោក។

ក្នុង​ករណី​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា នីតិវិធី​អាហារូបករណ៍​មាន​គោលការណ៍​ច្បាស់​លាស់ គឺ​ទី​១ គោលការណ៍​ភាព​ក្រីក្រ និង​ទី​២ លទ្ធផល​នៃ​ការ​សិក្សា ប៉ុន្តែ​ការ​អនុវត្ត​មាន​ការ​ខ្វះ​ចន្លោះ លោក​មិន​អាច​កំណត់​បាន​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​ក៏​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក ឬ​ក៏​ប្ដឹង​មក​ក្រសួង​ផ្ទាល់​ក៏​បាន​ដែរ ប៉ុន្តែ​លោក​មិន​បាន​បកស្រាយ​ពិស្ដារ​ទាក់ទិន​លក្ខន្តិកៈ​នៃ​ការ​ផ្តល់​អាហារូបករណ៍​នោះ​ទេ ព្រោះ​លោក​ជាប់​រវល់​ប្រជុំ៖ «ឆ្នាំ​ហ្នឹង​យើង​ផ្ដោត​ទៅ​លើ​ទាំង​ក្រីក្រ ហើយ​និង​លទ្ធផល​សិក្សា​ចឹង​ព្រោះ​បើ​ក្រីក្រ​នោះ អា​ហ្នឹង​ហើយ​អត់​មាន​ពីណា​ត្រូវ​នេះ​ទៀត ព្រោះ​ឪពុក​ម្ដាយ​ក្រ អា​ហ្នឹង​ច្បាស់​ហើយ​វា​មាន​អាយឌីភូ បាទ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ចាត់​ទុក​ថា ប្រសិន​បើ​សិស្ស​មិន​សប្បាយ​ចិត្ត ក្រសួង​គួរ​តែ​ចុះ​ស៊ើប​អង្កេត និង​ត្រួត​ពិនិត្យ​សាលា​ជា​បន្ទាន់។ លោក​ថា ប្រសិន​បើ​ក្រសួង​មិន​មាន​យន្តការ ឬ​នីតិវិធី​ច្បាស់លាស់​សម្រាប់​ផ្តល់​អាហារូបករណ៍​ទេ អាច​ធ្វើ​ឲ្យ​ថវិកា​មិន​បាន​ធ្លាក់​ដល់​ដៃ​សិស្ស​នោះ​ឡើយ និង​អាច​ធ្វើ​ឲ្យ​សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត លះ​បង់​ការ​សិក្សា ជា​កត្តា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​អប់រំ៖ «ប៉ុន្តែ​ក្រសួង​បើ​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ហើយ ត្រូវ​ធ្វើ​អន្តរាគមន៍​បន្ទាន់​ជុំវិញ​បញ្ហា​ហ្នឹង ហើយ​យើង​ពិនិត្យ​មើល​រាល់​នីតិវិធី ត្រូវ​ដាក់​ទន្តកម្ម ឬ​មួយ​ដាក់​ទោស​កំហុស​បែប​ម៉េច​ទៅ​លើ​អ្នក​គ្រប់គ្រង​សាលា​ហ្នឹង បាទ»

អធិការ​ក្រុង​បាវិត លោក កែវ គង់ បាន​សន្យា​ជាមួយ​ពលរដ្ឋ​ថា នឹង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ការ​សន្យា​នោះ គឺ​ជា​សន្យា​ខ្យល់។

សិស្សានុសិស្ស​កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​ប្រាសាទ ចំនួន ១១៤​នាក់ ក្នុង​នោះ​សិស្ស​ស្រី​មាន ៥៧​នាក់។ ចំណែក​សិស្ស​ថ្នាក់​ទី​៧ មាន​ចំនួន ៤៩​នាក់ ក្នុង​នោះ​សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍ ៣៩​នាក់។ ថ្នាក់​ទី​៨ មាន​ចំនួន ៣២​នាក់ សិស្ស​ទទួល​បាន​អាហារូបករណ៍​ចំនួន ២៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល​ដ៏​ធំ​របស់​ត្រកូល «ហ៊ុន» លាង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​ឱ្យ​​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​កូរ៉េ​ខាងជើង
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។