ប៉ូលិស​កោះហៅ​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ឲ្យ​ចូល​បំភ្លឺ​តាម​បណ្ដឹង​របស់​​មន្ត្រី​បក្ស​កាន់អំណាច

ដោយ ម៉ៅ សុធានី
2018-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នន់ តារា (ស្ដាំ) នាំ​គ្នា​លើក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នៅ​ទី​តាំង​នានា​ក្នុង​ខែត្រ​កែប អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក នន់ តារា (ស្ដាំ) នាំ​គ្នា​លើក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នៅ​ទី​តាំង​នានា​ក្នុង​ខែត្រ​កែប អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
Photo provided

ប៉ូលិស​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខែត្រ​កែប កោះហៅ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រឆាំង ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ជុំវិញ​បណ្ដឹង​របស់​ជំទប់​ទី​១ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​មកពី​គណបក្ស​កាន់អំណាច។

បក្ស​ប្រឆាំង​ចាត់​ទុក ករណី​នេះ ជា​ការ​គាបសង្កត់​នយោបាយ។ ចំណែក​អ្នកវិភាគ​វិញ យល់ថា ប្រសិនបើ​ករណី​នេះ ជា​ការ​គាបសង្កត់​ផ្នែក​នយោបាយ នោះ​វា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​កម្ពុជា​ទេ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខែត្រ​កែប លោក នន់ តារា អះអាង​ថា នឹង​ចូលខ្លួន​តាម​កាលកំណត់​របស់​ប៉ូលិស។ លោក នន់ តារា សង្ស័យ​ថា ការ​កោះហៅ​នេះ អាច​ជា​ការ​គំរាម​កំហែង ដោយសារ​លោក​ជា​សកម្មជន​គណបក្សប្រឆាំង៖ «អាហ្នឹង​ជា​នីតិវិធី​របស់​គេ​មួយ។ គេ​មិន​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ឲ្យ​យើង​អត់​សប្បាយចិត្ត ឲ្យ​យើង​មានការ​ភិតភ័យ អ៊ីចឹង​ទៅ​ណា»

ស្នងការ​រង​នគរបាល​ខែត្រ​កែប ទទួលបន្ទុក​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​កោះហៅ លោក នន់ ដារ៉ា ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខែត្រ​កែប ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​របស់​ជំទប់​ទី​១ ឃុំ​អង្កោល ស្រុក​ពងទឹក។

លោក នន់ តារា អះអាង​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កោះហៅ​លោក គឺ​ក្រោយ​ពេល​ដែល​លោក មាន​ជម្លោះ​ទាស់ទែង​ពាក្យសម្ដី​គ្នា​ជាមួយ​ជំទប់​ទី​១ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​។ លោកអះអាង​ថា ជម្លោះ​ពាក្យសម្ដី​នោះ ដោយសារ​ជំទប់​ទី​១ ឃុំ​អង្កោល បាន​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​ពួកគេ​ជជែក​គ្នា​ពី​រឿង​ថៃ ចាប់​ជនជាតិ​ខ្មែរ។ លោក​បន្ត​អះអាង​ថា លោក​បាន​ប្រាប់​ទៅ​ជំទប់​ទី​១ ឃុំ​អង្កោល កុំ​ឲ្យ​ព្រមាន​ពលរដ្ឋ​បែបនេះ ប៉ុន្តែ​ត្រូវ​បាន​ជំទប់​ទី​១​នោះ​ខឹងសម្បា ហើយ​គំហក​ថា គាត់​និយាយ​ពី​ការ​ចាប់​នោះ​គឺ​សំដៅ​លោក កឹម សុខា។ ក្រោយ​មក​ទៀត លោក​ថា លោក​ត្រូវ​បាន​ប៉ូលិស​យក​លិខិត​អញ្ជើញ​មកដល់​ផ្ទះ កោះ​ឲ្យ​ចូលខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ។

ជុំវិញ​ករណី​ជម្លោះ​ទាស់ទែង​ពាក្យសំដី​នេះ អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ជំទប់​ទី​១ ឃុំ​អង្កោល លោក ម៉ី ជី ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ។

កាលពី​ថ្ងៃ​ទី​១១ មករា លោក នន់ តារា បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ម្ដង​រួចមក​ហើយ ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​របស់​ជំទប់​ទី​១​ឃុំ​អង្កោល មកពី​គណបក្ស​កាន់អំណាច នៅ​អធិការ​ស្រុក​ដំណាក់​ចង្អើរ តាម​លិខិត​កោះហៅ​កាលពី​ថ្ងៃ​ទី​១០ មករា។ កាលណោះ លោក នន់ តារា អះអាង​ថា ប៉ូលិស​ស្រុក បាន​អនុញ្ញាត​ទៅផ្ទះ​វិញ ដោយ​លើក​ពេល​សាកសួរ​នៅ​ពេល​ក្រោយ។ ប៉ុន្តែ​ក្នុង​លិខិត​កោះ​អញ្ជើញ​របស់​ប៉ូលិស​ខែត្រ គឺ​ការ​កោះហៅ​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​នេះ ដោយ​អះអាង​ថា ធ្វើឡើង​តាមរយៈ​ចំណារ​របស់​ស្នងការ​ខែត្រ​កែប លោក អ៊ីង សំអុល ឲ្យ​បន្ត​នីតិវិធី​នៃ​ផ្លូវច្បាប់ និង​របាយការណ៍​របស់​ប៉ូលិស។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ ខែត្រ​កែប លោក លន់ ភុន ហៅ​ការ​កោះ​ហៅ លោក នន់ ដារ៉ា ជា​ការ​សន្សំរឿង ដើម្បី​បំភិតបំភ័យ​គណបក្សប្រឆាំង​នៅ​ខែត្រ​កែប៖ «អត់​មានរឿង​អី​ដែល​ត្រូវ​ប្ដឹងផ្ដល់​គ្នា​ផង​រឿង​ហ្នឹង ដោយសារ​លោក​ជំទប់​ទី​១​ហ្នឹង បាន​គំរាម​ប្រជាពលរដ្ឋ ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​អ៊ីចឹង​ទៅ លោក នន់ តារា គាត់​នៅ​ជិត ក៏​គាត់​ឆ្លើយតប​ទៅ ហើយ​ចំពោះ​កន្លងមក យើង​ដឹង​២​ករណី នៅ​ខែត្រ​កែប​ហ្នឹង ណា គឺ​អាជ្ញាធរ​មិនដែល​អើពើ​រឿង​ប្ដឹងផ្ដល់​របស់​ពលរដ្ឋ​ទេ។ តែ​បើ​ប៉ះពាល់​ផលប្រយោជន៍​គាត់ គឺ​គាត់​ដោះស្រាយ​ឲ្យ​អ៊ីចឹង​ឃើញ​ថា ការអនុវត្ត​ច្បាប់​ហ្នឹង​វា​អត់​ស្មើភាព​គ្នា​។ អានេះ​ជា​ការ​គំរាមកំហែង។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជា​ករណី​គំរាមកំហែង​មែន វា​មិនមែន​ជា​រឿង​ថ្មី នៅ​ក្នុង​នយោបាយ​កម្ពុជា​ទេ៖ «យើង​មើល​នៅ​ក្នុង​ប្រវត្តិ​​នយោបាយ​ក្នុង​ប្រទេស​ខ្មែរ​យើង ពិសេស​នៅ​រយៈពេល​ចុងក្រោយ បី បួន​អាណត្តិ​ចុង​ក្រោយនេះ សម្រាប់​ខ្មែរ​យើង​អត់​ចម្លែក​ទេ អា​រឿង​កៀប​សង្កត់ រឿង​គំរាម រឿង​ទិញ​អី​នេះ វា​ទៅជា​រឿង​ធម្មតា​របស់​ចរន្ត​នយោបាយ​ក្នុង​ប្រទេស​ខ្មែរ សម្រាប់​ខ្ញុំ​វា​ជា​រឿង​ធម្មតា»

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា មើល​ឃើញ​ថា ប្រសិន​សមត្ថកិច្ច​អនុវត្ត​តាមច្បាប់ ករណី​ជម្លោះ​ពាក្យសំដី​នេះ នឹង​បញ្ចប់​ត្រឹម​ប៉ូលិស​កោះហៅ ប៉ុន្តែ ប្រសិនបើ​ករណី​នេះ មាន​ចរិត​នយោបាយ លោក​សន្និដ្ឋាន​ថា អាច​នឹង​ត្រូវ​តុលាការ​កោះហៅ​ជា​បន្ត។ យ៉ាងណា លោក​រំពឹង​ថា ជម្លោះ​នេះ​នឹង​បិទ​បញ្ចប់​ត្រឹម ការ​ចូល​ខ្លួន​របស់​លោក​នៅ​ស្នងការ​ប៉ូលិស​ខែត្រ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល