សង្គម​ស៊ីវិល​សង្ស័យ​ថា​ការ​ផលិត​​និង​ចរាចរណ៍​គ្រឿងញៀន​នៅ​កម្ពុជា​អាច​ជាប់ពាក់ព័ន្ធ​នឹង​មន្ត្រី​ពុក​រលួយ

ដោយ សន ចាន់រដ្ឋា
2019-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ ក្នុង​ការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​មួយ​កន្លែងនៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ។ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ដូចជា​ ម្សៅ​ផលិត​គ្រឿងញៀន​ជិត​ពី​រយ​គីឡូក្រាម​ ម៉ាស៊ីន​លាយថ្នាំ​ញៀន​ និង​ ពុម្ព​គ្រាប់​ថ្នាំញៀន​ជាច្រើន ដែល​មិន​ធ្លាប់​កើតមាន​នៅ​កម្ពុជា។

សង្គម​ស៊ីវិល​សង្ស័យ​ថា​ការផលិត​ និង​ចរាចរ​គ្រឿងញៀន​ ដែល​បង្ក្រាប​មិន​ចេះ​អស់​ មិន​ចេះ​ហើយ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ដោយសារ​តែ​ឈ្មួញ​ទាំង​នេះ​មាន​ទំនាក់ទំនង​ណាមួយ​ ជាមួយ​នឹង​មន្ត្រី​ពុករលួយ​ ក្នុង​ប្រទេស​កម្ពុជា។

សង្គម​ស៊ីវិល​សង្កេតឃើញ​ថា​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅតែ​បន្ត​កើតមាន​ជា​ញឹកញាប់​ និង​មាន​ករណី​ខ្លះ​សមត្ថកិច្ច​មិន​អាច​ឃាត់ខ្លួន​អ្នក​នៅ​ពីក្រោយ​នៃ​ការផលិត​ និង​ចរាចរ​គ្រឿងញៀន​បាន​នោះ​ទេ​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន ជ័យ​ មានប្រសាសន៍​ថា​ លោក​មានការ​សង្ស័យ​ចំពោះ​ទំនាក់ទំនង​នៃ​ការផលិត​ និង​ចរាចរ​គ្រឿងញៀន​ មួយ​ចំនួន​ អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ ការ​លើកឡើង​បែបនេះ​ ដោយសារ​លោក​មើល​ឃើញ​ថា​ អាជ្ញាធរ​មានសមត្ថកិច្ច​មានភារៈ​កិច្ច​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​កិច្ចការ​រដ្ឋបាល​នៅ​តាម​មូលដ្ឋាន​ ប៉ុន្តែ​ការផលិត​ និង​ការ​រក្សាទុក​គ្រឿងញៀន​ទាំងនេះ​ នៅតែ​អាច​កើតមាន​ទៅដល់​តំបន់​មូលដ្ឋាន៖ «បើសិន​ពួកគេ​ខ្លះ​មានការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ វា​ជា​ឱកាស​រីក​ធំធាត់​នៃ​ការ​ចែកចាយ​គ្រឿងញៀន​ នាំមក​នូវ​វិបត្តិ​សង្គម​។ យើង​មើល​ឡើងវិញ​ដូច​ករណី​នៅ​ (ក្លឹប​កម្សាន្ត​) រ៉ក់​ ​អ៊ីចឹង​ ​អ្នក​ដែល​កាង​ហ្នឹង​គឺជា​មន្ត្រី​ប៉ូលិស ។  ​អ៊ីចឹង​បើ​ប៉ូលិស​ជួញដូរ​គ្រឿងញៀន​ហើយ​ តើ​ការ​បង្ក្រាប​មាន​ប្រសិទ្ធិ​ភាព​ប៉ុណ្ណា​។ ​អ៊ីចឹង​ពួកគេ​ជា​តួអង្គ​មួយ​ដែល​ជួយ​លាក់​ ឧក្រិដ្ឋជន​ កំពុង​ប្រើប្រាស់​តួនាទី​ប្រព្រឹត្តិ​បទល្មើស​ នេះ​ជា​ទម្រង់​នៃ​បទល្មើស​ពុករលួយ​មួយ​ធ្ងន់ធ្ងរ»

លោក​ សន ជ័យ​ បារម្ភ​ថា​ប្រសិនបើ​មាន​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិតជាមួយ​នឹង​ឈ្មួញ​រកស៊ី​គ្រឿងញៀន​នៅតែ​មាន​ នោះ​ការ​បង្ក្រាប​គ្រឿងញៀន​នឹង​មិន​មាន​ប្រសិទ្ធិ​ភាព​ទេ​ ថែមទាំង​ធ្វើ​ឱ្យ​ការ​ចរាចរ​គ្រឿងញៀន​ បន្ត​រីក​រាលដាល​ដល់​តំបន់​មូលដ្ឋាន​ថែមទៀត​ផង។

ការ​លើកឡើង​នេះ​បន្ទាប់ពី​ កម្លាំង​នគរបាល​ចម្រុះ​ កាលពី​ថ្ងៃទី​៣ ខែ​មីនា​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​មួយ​កន្លែង​ ដែល​ស្ថិត​ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ ក្នុង​បេសកកម្ម​នេះ​ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ដូចជា​ ម្សៅ​ផលិត​គ្រឿងញៀន​ជិត​ពី​រយ​គីឡូក្រាម​ ម៉ាស៊ីន​លាយថ្នាំ​ញៀន​ និង​ ពុម្ព​គ្រាប់​ថ្នាំញៀន​ជាច្រើន។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ លោក​ ម៉ក់​ ជីតូ បាន​ប្រាប់​អាស៊ី​សេរី​ ថា​ ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់ផ្ទះ​ ដែល​ជួល​ផ្ទះ​ឱ្យ​ជនជាតិ​ចិន​ បាន​មក​ប្ដឹង​សមត្ថកិច្ច​ ថា​ បាន​ធំ​ក្លិនស្អុយ​ ចេញពី​កន្លែង​ ជួល​របស់​ជនជាតិ​ចិន។ បន្ទាប់មក​សមត្ថកិច្ច​ចម្រុះ​ និង​ព្រះរាជអាជ្ញា​បាន​ទៅ​ពិនិត្យមើល​ទីតាំង​នោះ​ ហើយ​រក​ឃើញ​ម្សៅ​សម្រាប់​ផលិត​ថ្នាំញៀន​ ប្រមាណ ២០០​គីឡូក្រាម​ តែ​មិនទាន់​ប្រាកដ​ ក៏​យក​មក​ដាក់​ក្នុង​ម៉ាស៊ីន​ពិសោធន៍​បញ្ជាក់​ថា​ គឺជា​ម្សៅ​សម្រាប់​ផលិត​ជា​ថ្នាំញៀន​ ពិតប្រាកដ​មែន៖ «អ៊ីចឹង​ ដល់​យើង​(ហិត​)ក្លិន​មើល​ទៅ​ ម្សៅ​ហ្នឹង​វា​ អា​ពី​ឡូ​វ៉ា​ដេរ៉ូត (ប្រភេទ​ថ្នាំញៀន​)វា​មាន​រហូត​ដល់២ ០០គីឡូ ហើយនិង​សារធាតុ​ផ្សំ​ ច្រើន​ទៀត​ បួន​ ប្រាំ​ ប្រាំមួយ​ គីឡូ​ទៀត​។ អ៊ីចឹង​បាន​យើង​សន្មត​ថា​ កន្លែង​ហ្នឹង​ ជា​កន្លែង​ដែលគេ​រៀបចំ​ធ្វើ​ហើយ​។ ក៏ប៉ុន្តែ​វា​អត់​ទាន់​បោះ​ពុម្ព បោះ​អ្វី​ចេញ​ជាគ្រាប់​ទេ។ បាន​ថា​ វា​(ជនជាតិ​ចិន​) ​ត្រៀម​បម្រុង​ ផលិត​ហើយ​ តែ​វា​មិនទាន់​បាន​ធ្វើ​ ទើបតែ​រៀបចំ​ អ៊ីចឹង​ក៏​បែកការ​ទៅ​ យើង​ចាប់​បង្ក្រាប​ទៅ»

ទោះ​យ៉ាងណា​ សមត្ថកិច្ច​នៅ​មិនទាន់​រក​ឃើញ​ជនជាតិ​ចិន​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការផលិត​គ្រឿងញៀន​នេះ​បាន​នៅឡើយ​ទេ។ សមត្ថកិច្ច​ក៏​កំពុង​ទាក់ទង​ទៅ​រដ្ឋាភិបាល​ចិន​ ដើម្បី​សហការ​គ្នា​ក្នុង​ករណី​នេះ​ដែរ។

ដោយឡែក​ការ​បង្ក្រាប​គ្រឿងញៀន​ នៅ​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ឧកញ៉ា​ គិត​ ធាង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ប្រកាស​ថា​ សមត្ថកិច្ច​បាន​រក​ឃើញ​ថា មាន​មន្ត្រី​ប៉ូលិស ជា​អ្នក​នៅ​ពីក្រោយ​ការ​ជួញដូរ​គ្រឿងញៀន​ នៅ​ក្នុង​ក្លឹប​កម្សាន្ត​កណ្ដាល​រាជធានី​ភ្នំពេញ​មួយ​នេះ។ បន្ទាប់ពី​ការ​រក​ឃើញ​ លោក ស ខេង បាន​បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​មន្ត្រី​ប៉ូលិស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «នៅក្នុងចំណោម​មុខសញ្ញា​នៅ​រ៉ក់ (ក្លឹប​កម្សាន្ត​រ៉ក់) មាន​ប៉ូលិស​ចូល​ពាក់ព័ន្ធ​នៅ​ក្នុង​ហ្នឹង​ ដែល​ជា​មុខ​សញ្ញា​កំពុង​តាមរកចាប់​។ ដូច្នេះ​យើង​មិន​ត្រូវ​ស្ទាក់ស្ទើរ​ចំពោះ​បញ្ហា​នេះ​ទេ​ និង​ត្រូវ​បន្ត​។ នៅកន្លែង​ដទៃ​ទៀត​ក៏​ដូចគ្នា​ អ៊ីចឹង​ដែរ។ ទាំង​ជនបទ​ទីប្រជុំជន​ ឬក៏​ទីក្រុង​។ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ក្រុង​សៀមរាប​ ក្រុង​កំពង់សោម»

លោក​ ស ខេង ក៏បាន​ព្រមាន​ទៅ​មន្ត្រី​ប៉ូលិស ឱ្យ​ជៀស​ឱ្យ​ឆ្ងាយ​ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ករណី​ណាមួយ​ ដែល​ទាក់ទង​នឹង​គ្រឿងញៀន​នោះ​ទេ។ លោក​ថា បើ​មាន​មន្ត្រី​ប៉ូលិស​ណា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ នឹង​មិន​អាច​រួចខ្លួន​ពី​ទោស​ទណ្ឌ​នោះ​ឡើយ។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​គ្រឿងញៀន​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​នៅ​ក្នុង​សង្គម​ សុខុមាលភាព​ និង​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​ ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ ឱ្យ​ដាក់បញ្ចូល​ការ​បង្ក្រាប​អំពើពុករលួយ​ ទៅ​ក្នុង​យន្តការ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​ផង​ដែរ​ ដើម្បី​លុបបំបាត់​ការផលិត​ និង​ការ​ចរាចរ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល